ម្សិលមិញនេះ រដ្ឋមន្ត្រីនៃ ក្រសួងសេដ្ឋកិច្ច របស់ជប៉ុន ធ្វើការប្រកាស សុំលាលែងពីតំណែង ព្រោះតែជាប់ ពាក់ព័ន្ធនឹង រឿងអាស្រូវ

ជប៉ុន៖ កាលពីម្សិលមិញនេះ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច របស់ប្រទេសជប៉ុន មួយរូបបានសម្រេច លាលែងពីតំណែង របស់ខ្លួន បន្ទាប់ពីរូបលោក ត្រូវបានគេចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹង រឿងរ៉ាវស៊ីសំណូក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Akira Amari រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច របស់ប្រទេសជប៉ុន បានធ្វើសេចក្តីថ្លែងការណ៍ ដោយមិនបានរំពឹងទុកមួយ នៅឯសន្និសីទកាសែត ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បត៍ ម្សិលមិញនេះ និងបានសង្កត់ធ្ងន់ថា លោកបានសម្រេចចិត្ត លាលែងពីតំណែង របស់ខ្លួនរួចរាល់ហើយ។

ជុំវិញការលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ នោះផងដែរ លោក Amari ក៏បានធ្វើការបដិសេធចំពោះ ការចោទប្រកាន់ពី សំណាក់ទស្សនាវដ្តីជប៉ុនមួយ ដែលបានបញ្ជាក់ថា លោកបានទទួលសំណូក ផ្ទាល់ខ្លួនពី ក្រុមហ៊ុនសាងសង់មួយ។

ម្សិលមិញនេះ រដ្ឋមន្ត្រីនៃ ក្រសួងសេដ្ឋកិច្ច របស់ជប៉ុន ធ្វើការប្រកាស សុំលាលែងពីតំណែង ព្រោះតែជាប់ ពាក់ព័ន្ធនឹង រឿងអាស្រូវ
លោក Akira Amari រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលបានធ្វើការ លាលែងពីតំណែង កាលពីម្សិលមិញនេះ

ក្រុមអ្នកវិភាគបាននិយាយថា រឿងរ៉ាវមួយនេះនឹងអាចជា ផលអាក្រក់យ៉ាងធំមួយ សម្រាប់លោក Shinzo Abe នាយករដ្ឋមន្ត្រី របស់ប្រទេសជប៉ុន។ យ៉ាងណាមិញ សម្រាប់បេក្ខភាពដែល អាចនឹងមកជំនួសតំណែង របស់លោក Amari គឺអាចជាអតីត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោក Nobuter Ishihara។

គូសបញ្ជាក់ផងដែរថា លោក Akira Amari បានឡើងធ្វើជា រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីចុងឆ្នាំ ២០១២ ហើយរូបលោក ត្រូវបានគេបញ្ជាក់ថា គឺជាសមាជិកសភា មួយរូបដែលទទួលបាន ការជឿជាក់បំផុត ពីលោកនាយករដ្ឋមន្ត្រី Shinzo Abe ផងដែរ។ ម្យ៉ាងវិញទៀត លោក Amari គឺជាសមាជិកគណៈរដ្ឋមន្ត្រី របស់លោក Abe ទី៤ហើយ ដែលបានធ្វើការ លាលែងពីតំណែង ជុំវិញការជាប់ពាក់ព័ន្ធ នឹងរឿងរ៉ាវស៊ីសំណូក ព្រមទាំងបញ្ហា ផ្សេងៗដទៃទៀត៕

ម្សិលមិញនេះ រដ្ឋមន្ត្រីនៃ ក្រសួងសេដ្ឋកិច្ច របស់ជប៉ុន ធ្វើការប្រកាស សុំលាលែងពីតំណែង ព្រោះតែជាប់ ពាក់ព័ន្ធនឹង រឿងអាស្រូវ
លោក Akira Amari (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន Shinzo Abe (ស្តាំ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត