ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​កង​រាជ​​អាវុធហត្ថ​ជិះ​ម៉ូតូឌុប​គ្នា​​​​ក្នុង​ល្បឿន​លឿន​​​វ៉ា​រថយន្ត​មួយ​គ្រឿង​​​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​​ដួល​របួសធ្ងន់​២​នាក់​ ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅ​បាត់ ​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ថ្ងៃ​ទី​២៨ ​មករា ​២០១៦ នៅ​ចំណុច​ខាងជើង​ប៉ុស្តិ៍​​​នគរបាល​រដ្ឋ​បាល​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

​​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ ​គេ​​ឃើញ​បុរស​៣​នាក់​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC-2777 ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​​​លឿន​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​ទាំង​៣​នាក់​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដែល​ជិះ​ស្រប​ទិស​គ្នា​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​២​នាក់​ និង​ស្រាល​ម្នាក់​ ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​ ​អ្នក​​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិកឯកជន ចំណែក​ម៉ូតូ​របស់​​ត្រូវ​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា ​ជា​មន្ត្រី​កង​រាជ​​អាវុធ​ហត្ថ តែ​មិន​បញ្ជាក់​ថា​ ​កង​រាជ​អាវុធហត្ថ​ខាង​ណា​ទេ​ បាន​មក​សុំ​យក​ម៉ូតូ​ពី​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​វិញ ដោយ​ប្រាប់​ថា​ជា​ម៉ូតូ​របស់​មេ ៕