ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ រថយន្ត​ដឹក​ទំនិញ​ប្រភេទ​ធំ​មួយ​គ្រឿង​ក្រឡាប់ចាក់​ទំនិញ​ចោល​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ត្រង់​ចំណុច​ក្បែរ​រង្វង់​មូល​នាង​រំសាយសក់ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង តែ​មិន​បណ្ដាល​ឱ្យ​មនុស្ស​មាន​គ្រោះថ្នាក់​ទេ ។

រថយន្ត​ដឹក​ទំនិញ​នោះ​ត្រូវ​បាន​គេ​ដោះ​ស្លាក​លេខ​ចេញ​ក្រោយ​ពី​កើតហេតុ តែ​ត្រូវ​គេ​ដឹង​ថា ជា​រថយន្ត​នោះ​របស់​ក្រុមហ៊ុន​មួយ ដែល​​ម្ចាស់​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ខេត្តបាត់ដំបង ។ ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​នេះ បើក​មក​ពី​ទិស​ខាងជើង ហើយ​ត្រូវ​ឆ្វែល​រង្វង់​មូល​នាង​រំសាយសក់ តែ​រថយន្ត​នេះ​បែរជា​បំពាន​ច្បាប់​បើកផ្លូវ​កាត់ លុះ​បើក​ផុត​រង្វង់​មូល​បន្តិច ដល់​ផ្លូវកែង​ក៏​ក្រឡាប់​តែ​ម្ដង ដោយសារ​តែ​រថយន្ត​នេះ​ដឹក​ទំនិញ​ច្រើន​ពេក ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ពេល​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថតរូប​ភាព ស្រាប់តែ​ត្រូវ​ក្រុម​អ្នក​ដឹក​ទំនិញ​រារាំង គំរាមកំហែង និង​ដេញ​ប្រតាយ​យក​ម៉ាស៊ីន​ថត ធ្វើ​ឲ្យ​មានការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។ បើ​តាម​ប្រភព​ថា រថយន្ត​នោះ​ដឹក​ទំនិញ​មក​ពី​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​ទំនិញ​ទាំងនោះ ទំនង​មាន​បង្កប់​ទំនិញ​មិន​ប្រក្រតី​ផង ទើប​ព្យាយាម​បិទ​បាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថត​បែប​នេះ ។ បច្ចុប្បន្ន គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​ពិនិត្យ​រថយន្ត​ក្រឡាប់​នោះ​ទេ ។