Tottenham ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​នាំ​យក Dembele ពី Fulham ក្នុង​តម្លៃ​ខ្លួន​៥លានផោន

ក្លិប Tottenham កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នាមួយ​ជាមួយ​នឹង​ក្លិប Fulham សម្រាប់់​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Moussa Dembele ខណៈ​ដែលក្លិប​ស្ថិតក្នុង​ក្រ​ខ័ណ្ឌ Premier League មួយនេះ បាន​រំពឹង​ទុក​ថា នឹង​ចំណាយ​ប្រាក់​ជា​បឋម​ចំនួន​៥លាន​ផោន (ស្មើនឹង​៧,១៧លានដុល្លារ​អាមេ​រិក)​។

spursលោក Mauricio Pochettino បាន​ស្វែង​រក​អ្នក​​ជំនួយ​ដល់​ខ្សែ​ប្រយុទ្ធ Harry Kane ក្នុង​ពេលបើក​​ទីផ្សារ​ដោះ​ដូរ​កីឡាករនៅ​ខែ​មក​រា​នេះ និងមានមូល​​និធិ​ដើម្បី​ប្រើប្រាស់ ក្រោយ​ពី​ក្លិប Spurs បាន​​លក់​ខ្សែ​បម្រើ​ស្លាប Andros Townsend ទៅ​ឲ្យក្លិប Newcastle នៅ​សប្តាហ៍នេះ​ក្នុង​តម្លៃ​ខ្លួន​១២​លានផោន​។ អ្នក​ចាត់​ការ​ទូទៅ​របស់ Tottenham រូប​នេះ ​មាន​តួនាទី​ដ៏​​សំខាន់​​ទៅលើការ​សម្រេច​ចិត្ត​របស់​លោក Daniel Levy ដែល​ជា​ប្រធានក្លិប ដើម្បី​​ដោះ​ស្រាយ​លើ​បញ្ហា​របស់ Townsend ក្រោយ​ពី​បាន​ទាម​ទារ​តម្លៃខ្លួន​ចំនួន​១៤​លាន​ផោន​សម្រាប់​ខ្សែ​បម្រើស្លាប​អន្តរ​ជាតិ​អង់គ្លេស​រូប​នេះ​។ បច្ចុប្ប​ន្ន លោក Pochettino បាន​ស្នើ​ថា មូល​និធិ​មួយ​ចំនួន​គួរ​ត្រូវ​តែ​ចំណាយ​ទៅលើ Dembele វ័យ​១៩​ឆ្នាំ ដែល​បាន​ស្ថិត​ក្នុង​ក្លិប Fulham ចាប់​តាំង​ពីផ្ទេរ​មក​ពីក្លិប Paris Saint-Germain កាលពីឆ្នាំ​២០១២​។ Fulham ដែល​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៩​នៅ​លើ​តារាង​ក្រប​ខ័ណ្ឌ Championship និងមាន​ត្រឹម​តែ​៤​ពិន្ទុ​គត់​​ពីលើ​​ក្រុម​ស្ថិតក្នុង​តំបន់​កាត់​ចោលនោះ បាន​​ស្ទាក់​​ស្ទើរ​ក្នុង​ការ​អនុ​ញ្ញាត​ឲ្យកីឡាករ​ម្នាក់​ដែល​បាន​ស៊ុត​បាល់​​​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​នៅ​រដូវកាលនេះ ឲ្យ​ចាក​ចេញ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ខណៈ​ដែល​កិច្ច​សន្យា​របស់ Dembele នឹង​ត្រូវ​ផុត​កំណត់​នៅ​រដូវក្តៅ​ខាងមុខ​នេះ បើ​ទោះ​បី​ក្លិប​ព្យា​យាម​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់​រូប​គេ​ក៏ដោយ បច្ចុប្បន្ន Fulham ត្រៀម​ទទួល​យក​តម្លៃ​ខ្លួន​៥​លាន​ផោន រួម​ជា​មួយ​នឹង​ប្រាក់​ឧប​ត្ថម្ភ​បន្ថែម​ទៀត​៕

ប្រភព​ព័ត៌​មាន៖ The Guardian