Man City ស្រេក​ឃ្លាន​ជ័យ​ជម្នះ​ក្នុង FA Cup ដោយ​គ្មាន De Bruyne ថ្ងៃ​សៅរ៍នេះ

ខ្សែ​បម្រើ​ស្លាប Kevin de Bruyne នឹង​ត្រូវ​អវត្តមាន​រយៈ​ពេល​១០​សប្តាហ៍ ខណៈ​ដែល​ក្រុម Manchester City នឹង​​សម្លឹង​រក​ការ​ប្រជែង​ដណ្តើមពាន​​ចំនួន​៤​នៅ​ចំពោះ​មុខ ដោយ​ចាប់ផ្តើម​ជាមួយនឹង​​ការ​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​​ក្រុម Aston Villa ក្នុង​ការ​ប្រកួត​ជុំ​ទី​៤​នៃ​ពាន FA Cup នៅ​រាត្រីថ្ងៃ​សៅរ៍នេះ​។

villaខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ភ្លាត់​ជង្គង់​របស់​​គេ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ការ​ប្រជែង​ដណ្តើម​បាល់​មួយ អំឡុង​ពេល​ក្រុម​របស់​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ពាន League វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​ជើង​ទី​​២លើក្រុម Everton កាលពីថ្ងៃ​ពុធ ដែល​ជ័យ​ជម្នះមួយ​​បាន​ជួយ​ឲ្យ​ក្រុម Man City ឈាន​ទៅ​​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម Liverpool​។ ប៉ុន្តែ បញ្ហា​​របួស​ជង្គង់​នេះ នឹង​ធ្វើ​ឲ្យ De Bruyne អវត្ត​មាន​ក្នុង​ការ​ប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រនៅ​កីឡ​ដ្ឋាន Wembley​ ក៏​ដូច​ជា​ការ​ប្រកួត​ទាំង​ពីរ​ជើង​របស់ក្រុម Man City ជា​មួយនឹងក្រុម Dynamo Kiev ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ក៏​អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម​ចុង​ក្រោយ​ផង​ដែរ នៅ​ខែ​មេ​សា ប្រសិន​បើក្រុម Man City អាច​ឈាន​​​ទៅកាន់​វគ្គ​នោះ​​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា មិត្ត​រួម​ក្រុម​របស់​គេ Fernandinho បញ្ជាក់​ថា Man City អាច​ផ្តោត​ទៅ​លើ​ការ​ប្រកួត​ពាន FA Cup និង​ទុក​កង្វល់​ផ្សេង​ៗ​ពី​បញ្ហា​​របួស​ និង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយនឹងក្រុម Liverpool ឲ្យ​នៅមួយ​ឡែក នៅពេល​ដែល​​ពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដីក្រុម Aston Villa។ កីឡាករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​តែង​តែលំ​បាក​នៅពេល​ដែលលោកអ្នកមាន​ការ​ប្រកួត​មួយ​នៅ​ពាក់​កណ្តាល​សប្តាហ៍​ដើម្បី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ វា​លំ​បាក់​ណាស់ក្នុងការ​រក្សា​ការ​ផ្តោត​អារម្មណ៍ ប៉ុន្តែ ក្រុម​របស់​យើង​មាន​​បទ​ពិសោធ​ក្នុងការ​គ្រប់​គ្រង​លើ​បញ្ហា​នេះ​»​។

ការ​ប្រកួតនៅ​រាត្រី​ថ្ងៃ​សៅរ៍នេះ​នឹង​ចាប់​ផ្តើមនៅ​ម៉ោង​១០​យប់​៕

08.11.15 Aston Villa 0-0 Manchester City
25.04.15 Manchester City 3-2 Aston Villa
04.10.14 Aston Villa 0-2 Manchester City