កាត់ទោស អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់​ថ្ងៃ

កាត់ទោស អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់​ថ្ងៃ

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល បាន​បញ្ជូន​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មក​បើក​សវនាការ​ជំនុំជម្រះ បន្ទាប់​ពី​ជនជាប់ចោទ​រូប​នេះ បាន​ជាប់​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន រយៈពេលជាង​៥​ខែ​មក​ហើយ ក្រោម​បទចោទប្រកាន់ «​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​» ។​រថយន្ត​ដឹក​អ្នកទោស​បើក​មក​ដល់ គេ​ឃើញ​លោក អាំង មាលតី តឺ​នុយ​ឯកសណ្ឋាន​ជា​អ្នកទោស មាន​ពាក់​ម៉ាស់​លាក់​មុខ​ផង ។ អ្នកកាសែត​ទោះ​ពូកែ​បែប​ណា ក៏​ថត​មិន​បាន​ពេញលេញ​ដែរ ព្រោះ​សមត្ថកិច្ច​បាន​មក​រារាំង ឈរ​បិទ​បាំង​ពីមុខ​ពីក្រោយ ដូច​បាន​ត្រៀម​ទុក​មុន ។

រយៈពេល​ពេញ​មួយ​ព្រឹក ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី សវនាការ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ទី​២ នៃ​សាលាដំបូង​ខេត្ត បាន​ធ្វើការ​សាកសួរ​ជនជាប់ចោទ​ឈ្មោះ អាំង មាលតី ជុំវិញ​បទ​ចោទ​ខាងលើ នៅ​ចំពោះ​មុខ​មេធាវី​ការពារ​ក្តី និង​មាន​ចៅ​ក្រុម​សុ​ើ​ប​សួរ​ចំនួន​៣​រូប ព្រះរាជអាជ្ញា​រង​មួយ​រូប និង​ក្រឡាបញ្ជី​១​រូប ។

ក្រោយ​ពី​បើក​សវនាការ​សាកសួរ​ពេញ​មួយ​ព្រឹក អង្គ​សវនាការ​បាន​ប្រកាស​លើក​ពេល​ប្រកាស​សាលក្រម ដោយ​មិន​បាន​កំណត់ពេល​ថា​នឹង​ត្រូវធ្វើ​នៅ​ពេល​ណា​ឡើយ ។

ក្នុង​សវនាការ​នេះ មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ខកចិត្ត ដោយសារ​តែ​មិន​បាន​ចូល​ស្តាប់​នៅ​ក្នុង​សវនាការ ព្រោះ​ត្រូវ​សមត្ថកិច្ច​យាម​មុខទ្វារ​បន្ទប់​ហាមឃាត់​មិន​ឱ្យ​ចូល ដោយ​លើក​ហេតុផល​ថា ក្នុង​បន្ទប់​សវនាការ​មាន​អ្នក​ចូល​ស្តាប់​ពេញ​អស់​ទៅ​ហើយ ខណៈ​គេ​ដឹង​ថា​ក្នុង​បន្ទប់​សវនាការ មាន​អ្នក​ចូល​ស្តាប់​ប្រមាណ​តែ​ជាង​១០​នាក់​សោះ​នោះ​... ហេ ! ហេ !

នៅ​ក្នុង​សវនាការ​នេះ គេ​ឃើញ​មាន​វត្តមាន​លោក​ចៅក្រម ងួ​ន វុ​ទ្ធី ជា​ប្រធាន​អង្គ​ជំនុំជម្រះ លោក​ចៅក្រម សាយ សម្ផស្ស​សិរី លោក​ចៅក្រម គឹ​ម ម៉េ​ង និង​លោក​ព្រះរាជអាជ្ញា​រង ស៊ុន រស្មី ។ អង្គ​សវនាការ​ធ្វើការ​សាកសួរ ដេញដោល​ជនជាប់ចោទ ដោយ​មាន​មេធាវី​ការពារ​ក្តី​ចូលរួម គឺ​លោក​មេធាវី ទេព បញ្ញា ។ ជនជាប់ចោទ អាំង មាលតី ត្រូវ​បាន​ចោទ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត តាម​មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទ​ចោទ​នេះ ស្ថិត​ក្នុង​បទល្មើស​ឧក្រិដ្ឋ ។ តែ​នៅ​ក្នុង​សវនាការ មេធាវី​ការពារ​ក្តី​សុំ​ទាមទារ​ឱ្យ​ប្តូរ​បទ​ចោទ ពី​មាត្រា​៦០១ ដែល​ជា​បទឧក្រិដ្ឋ មក​មាត្រា​៥៩៧​និង​មាត្រា​៥៩៨ ដែល​ជា​បទល្មើស​មជ្ឈិម​វិញ ដោយ​សំអាង​លើ​ការ​បំភ្លឺ​របស់​ជនជាប់ចោទ ។

បន្ទាប់​ពី​សវនាការ​ពេញ​មួយ​ព្រឹក សវនាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ដោយ​មិន​កំណត់ពេល ។ ជនជាប់ចោទ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ តាម​ច្រកចេញ​ខាងក្រោយ ដើម្បី​គេច​ពី​កាមេរ៉ា​អ្នកកាសែត ដែល​នៅ​ចាំ​ខាង​មុខ​យ៉ាង​ពពាក់ពពូន ខកចិត្ត​មិន​តិច​ទេ ដែល​សមត្ថកិច្ច​ពូកែ​ខាង​ពង្វាងផ្លូវ ។

គួរ​បញ្ជាក់​ថា លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ួ​យ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៥ ដោយ​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​ករណី​ដោះ​លែង​មេខ្លោង​គ្រឿងញៀន ឈ្មោះ ថាវ ថា​វី ជា​ថ្នូរ​នឹង​រថយន្ត​ម៉ាក​អូ​ឌី មួយ​គ្រឿង តម្លៃ​ជិត​១០​មុ​ឺ​ន​ដុល្លារ ព្រមទាំង​ដោះ​លែង​ឪពុក​ម្តាយ ថោ​ង សា​រ៉ាត់ ទម្រាំ​ចាប់​បាន​មក​វិញ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​សាកសួរ ។ ត្រូវ​បាន​លោក​ចៅក្រម អុ​ី សុវណ្ណ ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត តាម​មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៥ កន្លង​ទៅ ៕