រថយន្ត​ដឹក​ឥដ្ឋ​បុក​បាក់​ខ្លោងទ្វារផ្ទះ​ស្លាប់់​1​របួស​2​នាក់

រថយន្ត​ដឹក​ឥដ្ឋ​បុក​បាក់​ខ្លោងទ្វារផ្ទះ​ស្លាប់់​1​របួស​2​នាក់

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​បួង​ចង្កូត​គេច​រថយន្ត​ឆ្លងផ្លូវ បាន​ជ្រុល​ទៅ​ខាងស្តាំ​ដៃ​បុក​ខ្លោងទ្វារផ្ទះ​បណ្តាល​ឲ្យ​ឥដ្ឋ​ដែល​ដឹក​ពេញ​ទ្រុង រុញ​សង្កត់​លើ​កាប៊ី​ន​រថយន្ត​គ្រប​ពីលើ​បុរស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រថយន្ត និង​ស្រី្ត​ជា​ប្រពន្ធ​រង​របួសធ្ងន់ ។ រីឯ​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​លើដំបូល​រថយន្ត​ក៏​បាន​កប់​ក្នុង​គំនរ​ឥដ្ឋ​រង​របួសធ្ងន់​ដែរ ។ ចំណែក​អ្នក​បើករថយន្ត​រង​របួស​ល្មម រត់គេច​ខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ មក​រា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​មុខ​ភូមិ​គ្រឹះ​លេខ​១១៧ របស់​លោក​ឧត្តមសេនីយ៍ឯក ប៉ែន ផល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ចំណុះ​៣​តោន​កន្លះ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0191 ដឹក​ឥដ្ឋ​ពេញ​ទ្រុង និង​មាន​មនុស្ស​៣​នាក់​ជិះ​ក្នុង​កាប៊ី​ន គឺ​ប្តី​ប្រពន្ធ​ជា​កម្មករ​ឡឥដ្ឋ និង​បុរស​ជា​អ្នក​បើករថយន្ត ។ រីឯ​កម្មករ​ម្នាក់​ទៀត​ជិះ​លើដំបូល​រថយន្ត ដែល​គេ​ដឹង​ថា​ជា​រថយន្ត​ដឹក​ឥដ្ឋ​ចេញពី​ម្តុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ពេល​បើកបរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ែ​គាប់​ជួន​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បាន​បើក​បត់​ឆ្លងផ្លូវ​កាត់​ពីមុខ​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​ប្រឹង​បួង​ចង្កូត​គេច​មក​ខាងស្តាំ​ទាំង​ប្រថុចញ៉ុច ក៏​ជ្រុល​ទៅ​បុក​បាក់​ខ្លោងទ្វារ​របងភូមិ​គ្រឹះ​ដែល​មាន​ប្រក់​ក្បឿង​ធ្វើ​ជា​ដំបូល​ពី​ខាងលើ​បាក់​ធ្លាក់​មក​ក្រោម ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​លូន​ទៅ​បុក​ជាប់​សសរ​របង​មួយ​តង់​ទៀត​បណ្តាល​ឲ្យ​ឥដ្ឋ​ដែល​ដឹក​ក្នុង​រថយន្ត​ពេញ​រេល​សង្កត់​មក​លើ​កាប៊ី​ន​រថយន្ត​គ្រប​ជាប់​ពីលើ​ប្តី​ប្រពន្ធ​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ស្លាប់​ភ្លាម និង​ស្ត្រី​ជា​ប្រពន្ធ​កៀប​ជាប់ជើង​ទាំង​ពីរ​រង​របួសធ្ងន់​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​គាស់​ទ្វារ​រថយន្ត​ទាញ​ស្ត្រី​រង​គ្រោះ​ចេញ​មក​ក្រៅ និង​ដឹក​ទៅ​មន្ទីរពេទ្យ ។ ចំណែក​ព្រូ​ម្នាក់​ទៀត​ដែល​អង្គុយ​នៅ​លើដំបូល​រថយន្ត​ត្រូវ​កប់​ខ្លួន​ក្នុង​គំនរ​ឥដ្ឋ​ទម្រាំ​អ្នក​ឃើញ​ហេតុការណ៍​ជួយ​កាយ​ឥដ្ឋ​យក​ចេញ​បាន​ប៊ិះ​ដាច់ខ្យល់ ។ ដោយឡែក​អ្នក​បើករថយន្ត​ដែល​រង​របួសស្រាល​បាន​រត់គេច​ខ្លួន​បាត់ ។ សព​និង​អ្នក​រង​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សម ស៊ី​ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ក្រៅពី​នេះ​មិន​បាន​ស្គាល់ឈ្មោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​សព​រង់ចាំ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕