យុវជន​ម្នាក់​ត្រូវ​ឈើ​ដោត​ជាប់​ពោះ និង​ម្នាក់ទៀត​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​គោយន្ត​

កំពង់ស្ពឺ: យុវជន​ម្នាក់​បាន​រងរបួស​ដោយ​ឈើ​ដោត​ជាប់​ពោះ និង​ម្នាក់ទៀត​រួច​ដំណើរ​ជាមួយបាន​រងរបួស​ធ្ងន់ ខ​ណះ​ជិះ​ម៉ូតូ​លឿន​ពេក​​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ខូច សណ្តោង​គ្នា ពីក្រោយ​ពេញទំហឹង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ជាង ថ្ងៃទី​២៨ ខែមករាឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​​លេខ​៨៩-៩០ ត្រង់ចំណុចមុខ​មណ្ឌល​សុខភាព​អម​លាំង ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ។​

​ជនរងគ្រោះ​ទាំង​២​នាក់​១-​ឈ្មោះ ម៉ឹង ម៉ុង  អាយុ ២២​ឆ្នាំ នៅ​ភូមិ​ស្វាយដង្គុំ ឃុំ​ស្គុះស្រុក​សំរោង​ទង របួសធ្ងន់ ឈើ​មុត​ដោត​ជាប់​ពោះ ។ ២-​ឈ្មោះ​គីម ឆៃ​យ៉ា  អាយុ​១៩​ឆ្នាំ នៅភូមិ​ទឹក​លង​២ ឃុំ​រុងរឿង ស្រុក​ថ្ពង អ្នក​ជិៈ​ខាងក្រោយ របួសធ្ងន់​។​អ្នកបើក​គោយន្តបង្ក​ទី​១-​ឈ្មោះ ប៊ុន តឺ​ម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ដូន​ទិព្វ ( ក្រុម​ភ្នំ​បាត )ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ( គោយន្ត​មុខ )​ទី​២- ឈ្មោះ​សុង សេម ភេទ​ប្រុស អាយុ​៣២​នៅភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ( គោយន្ត​ក្រោយ ) ទាំង ២ នាក់ កាន់ដៃចង្កូត​បើក​គោយន្ត​កន្ត្រៃ ខូច​សណ្ដោង​គ្នា ធ្វើដំណើរ​ពី​លិចទៅ​កើត​ដល់ចំណុចកើតហេតុ​ខាងលើ​មាន​ម៉ូតូ ១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី និ​ច ពណ៌​ខ្មៅ គ្មានស្លាក​លេខ​ឌុប​គ្នា​២​នាក់​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន បុកពីក្រោយ​គោយន្ត​កន្ត្រៃ ដែល​គ្មាន​ចំណាំងផ្លាត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ត្រូវ​ឈើដោត​ជាប់​និង​ពោះ និង​អ្នករួមដំណើរ​បាន​រង​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ​រួច អ្នកបើក​គោយន្ត បាន​ព្យាយាម​បើក​រត់គេច តែ​ត្រូវបាន​កម្លាំងសមត្ថកិច្ច តាម​ចាប់​បាត់​មកវិញ​។ ចំណែក​ជនរងគ្រោះ​ទាំង​២ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ឧដុង្គ​។ រីឯ​មធ្យោបាយ​ពាក់ព័ន្ធត្រូវបាន​យមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​ចាត់ការ​តាមនិតិ​វិធី ៕

យុវជន​ម្នាក់​ត្រូវ​ឈើ​ដោត​ជាប់​ពោះ និង​ម្នាក់ទៀត​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​គោយន្ត​