ស្លាប់ម្នាក់ របួស​ពីរនាក់​​ក្នុង​អំពើប្លន់​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​បាត់​ដំបង​

មន្ត្រី​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​ម្នាក់​​​ត្រូវ​​​ក្រុម​​​ចោរ​​​បាញ់​​​ស្លាប់​​​ និង​​​សាច់​​​ញាតិ​​​ពី​​​រនាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​​​អំឡុង​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​មួយ​​​នៅ​​​ផ្ទះ​​​របស់​​​​ពួក​​​គាត់​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​ ជា​​​អំពើ​​​ប្លន់​​​ថ្មី​​​បំផុត​​​ក្នុង​ចំណោម​​​​អំពើ​​​ប្លន់​​​ដ៏សាហាវ​​​​ស្រដៀង​​​គ្នា​​​ជា​​​ច្រើន​​​​​​នៅ​ទូទាំង​​​ប្រទេស​​​។

លោក​​ ឈុន វឿន មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​កំរៀង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​គ្រួសារ​​​នេ​​​ះ​​​មាន​​​តូប​​​លក់​​​ចាប់​​​ហួយ​​​មួយ​​​នៅជាប់​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​បាន​​​ចំហ​​​ ទ្វារ​​​របង​​​រហូត​​​ដល់​​​យប់​​​ជ្រៅ ពីព្រោះ​​​កូន​​​ៗ​​​ មាន​​​ពិធី​​​ជប់​​​លៀង​​​ដោយ​​​ជា​​​ឱកាស​​​សម្រាប់​​​ក្រុម​​​ចោរ​​​ប្លន់​​​ដែល​​​បាន​​​ចូល​​​ប្លន់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​។

លោក​​​ថ្លែង​​​ថា “ខណៈ​​​ពួក​​​គេ​​​កំពុង​​​ផឹក​​​ស៊ី​​​សប្បាយ​​​ ក្រុម​​​ចោរ​​​ប្រាំ​​​នាក់​​​បាន​​​​​​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះ​​​ប្រដាប់​​​ដោយ​​​អាវុធ​​គ្រប់​​​ដៃ​​​ គំរាម​​​​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​នេះប្រគល់​​​ទ្រព្យ​​​សម្បត្តិ​​​មក​​​ឲ្យ​​​ពួកគេ​​​”។

លោក ឈុន វឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ចោរ​​​ប្លន់​​​បាន​​​បញ្ជា​​​ឲ្យ​​​ក្រុម​គ្រួសារ​​​នេះ​​​ប្រមូល​​​លុយ និង​​​គ្រឿង​​​អលង្ការ​​​ឲ្យ​​​ពួក​​​គេ  ប៉ុន្តែ ក្រុម​​​ចោរ​​​មាន​​​កំហឹង​​​​​​នៅ​​​ពេល​​​ឃើញ​​​ជន​​​រង​​​គ្រោ​​​ះ​​​ទាំង​​​នោះ​​​​​​ពន្យារ​​​ពេល​​​ ហើយ​​​បាន​​​ដក​​​កាំភ្លើង​​​បាញ់​​​តែ​​​ម្តង​​​។

លោក​​​បាន​​​ថ្លែង​​​ថា លោក ផៀង ភុន អាយុ​​​​​​​​​៥៤​​​​​​ឆ្នាំ​​​ជា​​​ឪពុក​​​​​​ត្រូវ​​​មួយ​​​គ្រាប់​​​ចំ​​​ទ្រូង ហើយ​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​ក្នុង​ប្រទេស​​​ថៃ​​​នៅ​​​យប់​​​នោះ​​​។ លោក ភុន ឡាយម៉េង​​​ អាយុ​​​៣២​​​ឆ្នាំ​​​ត្រូវ​​​ជា​​​កូន​​​ ត្រូវមួយគ្រាប់​​​ចំ​​​ស្មា​​​ខាង​​​ឆ្វេង  ចំណែក​​​សាច់​​​ញាតិ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ម្នាក់​​​ត្រូវ​​​បាន​​​​​​វាយ​​​នឹង​​​​​​ដែកស្បែង​​​។

លោក​​​ ឈុន វឿន បាន​​​ថ្លែង​​​ថា នគរ​​​បាល​​​បាន​​​​​​រក​​​ឃើញ​​​សម្បក​​​គ្រាប់​​​ជា​​​ច្រើន​​​ដែល​​​បាញ់​​​ចេញ​​​ពី​​​កាំភ្លើង​​​អាកា-៤៧ និង​​​កាំភ្លើង​​​ខ្លី​​​កា-៥៩ ប៉ុន្តែ មិន​​​ទាន់​​​កំណត់​​​បាន​អត្ត​​​សញ្ញាណ ​​​ខ្មាន់​​​កាំភ្លើងណាម្នាក់​​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​មានការ​លំបាក​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​ណាស់​​​ ពីព្រោះ​​​ជន​​​សង្ស័យ​ទាំង​​​នេះ​​​ពាក់​​​ម៉ាស់​​​ ដូច្នេះ​​​គ្មាន​​​នរណា​​​ម្នាក់​​​មើល​​​ឃើញ​​​មុខ​​​របស់​​​ពួកគេ​​​ទេ គឺ​​​ឃើញ​​​តែ​​​ប្រឡង់​ភ្នែក​​​ប៉ុណ្ណោះ​​​”។

លោក ថន ចាន់ណារ៉ា អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ចោរ​​​បាន​​​រត់​​​គេច​​​ខ្លួន​ប្រហែល​​​១៥​​​នាទី​​​មុន​​​ពេល​​​នគរ​​​បាល​​​មក​​​ដល់​​​ ហើយ​​​បាន​យក​​​ទៅ​​​ជា​​​មួយ​​​នូវ​​​គ្រឿង​​​អលង្ការ​​​​​ធ្វើពីប្លាទីន​ ១,៣​​​តម្លឹង​​​ ​​​ប៉ុន្តែ​​​មិន​​​មាន​​​លុយ​​​ទេ​​​។

លោក ជេត​​​ វ៉ាន់នី​​​ អធិការ​​​រង​​​នគ​​​របាល​​​ស្រុក​​​​​​បាន​​​មានប្រសាសន៍​​​ថា​​​ លោក​​​បាន​​​ដឹក​​​នាំការ​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​។ លោក​​​បាន​​​ថ្លែង​​​ថា ”ថ្ងៃ​​​េនះ​​​មន្ត្រី​​​របស់​​​យើង​​​បាន​​​សើុប​​​អង្កេត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ដើម្បី​​​ប្រមូល​​​ភ័ស្តុតាង។ យើង​​​កំពុង​​​ដុត​​​ដៃ​​​ដុត​​​ជើង​​​ដើម្បី​​​តាម​​​រក​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​”។

លោក ជេត​​​ វ៉ាន់នី​​​ បាន​​​ថ្លែង​​​ថា​​​ មន្ត្រី​​​របស់​​​​​​លោក​​​បាន​​​សហការ​​​ជាមួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មូល​​​ដ្ឋាន​​​ដើម្បី​​​ធ្វើឱ្យ​​​សន្តិសុខ​​​នៅក្នុង​​​ខេត្ត​​​ប្រសើរឡើង​​​ តែ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិតទេ​​​។

បន្ទាប់​​​ពីមាន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ជា​​​ច្រើន​​​លើក​​​កាល​​​ពី​​​ខែ​​​មុនមក​ លោក ស ខេង  រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ បាន​​​បញ្ជា​​​ឲ្យ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ទាំងអស់​​​បង្កើន​​​ការ​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​សើុប​​​អង្កេត​​​រក​​​ចាប់​​​ខ្លួន​​​ជន​​ល្មើស​​​បើ​​​មិន​​​ដូច្នោះទេ​ ត្រូវ​​​​ប្រឈម​​​នឹង​​​ការ​​​ដក​​​តួ​​​នាទី និង​​​បក​​​ស័ក្តិ​​​។

យោង​​តាម​លោក សារ៉ាន់ កំសត់ អ្នកនាំ ពាក្យ​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ លោក នេត សាវឿន អគ្គ​​​ស្នងការ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​​​​កោះ​​​ប្រជុំ​​​ដើម្បី ពិភាក្សា​​​អំពី​​​ការ​​​កើន​​​ឡើង​​​នូវ​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ ដោយ​​​ អំឡុង​​​ពេល​​​នោះ​​​បទ​បញ្ជារបស់ ក្រសួង ​មហាផ្ទៃ​ត្រូវ​បាន​ដាក់ចេញ​ជាថ្មី​​​៕សារុន

The post ស្លាប់ម្នាក់ របួស​ពីរនាក់​​ក្នុង​អំពើប្លន់​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​បាត់​ដំបង​ appeared first on ខេមបូឌា ដេលី.