ចិន៖ បញ្ហាសមុទ្រចិនខាងត្បូង ដែលលើកឡើង ដោយមេបញ្ជាការ យោធាអាមេរិក គឺ ជាទង្វើ ដែលមិនមាន ការយល់ដឹង ពីប្រវត្តិសាស្ត្រ

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានថ្លែងនៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ ២០១៦ នេះថា ការលើកឡើង ពីសំណាក់មេបញ្ជាការ កងទ័ពជើងទឹកអាមេរិក លោកឧត្តមនាវីឯក ហារី ហារីស ទៅលើបញ្ហាសមុទ្រ ចិនខាងត្បូងនោះ គឺជាទង្វើដែលបានបង្ហាញពី ភាពមិន យល់ដឹងអ្វីសោះ ចំពោះសច្ចភាពនៃប្រវត្តិសាស្ត្រ ព្រោះកន្លងមកប្រទេសចិនមាន អធិបតេយ្យភាព ទៅលើ ប្រជុំកោះនានា និង ដែនទឹក ក្នុងសមុទ្រចិនខាងត្បូង ដោយយោង ទៅតាមច្បាប់ ជាមូលដ្ឋានអន្តរជាតិសុទ្ធសាធ។
ខាងលើនេះ ជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់មេបញ្ជាការ យោធាជាន់ខ្ពស់អាមេរិក ដែលថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការប្រកួត ប្រជែងជាមួយចិន ដើម្បីការពារផលប្រយោជន៍ បណ្តាប្រទេស នានា នៅដែនសមុទ្រចិនខាងត្បូង។ ក្នុងនោះ មន្ត្រីយោធាអាមេរិកខាងលើនេះ ក៏បាន អះអាងថា ប្រជុំកោះដែលកំពុងមានជម្លោះ រវាង ចិន និង អាស៊ាន នោះ មិនមែនជា កម្មសិទ្ធិរបស់ប្រទេស ចិនទាំងស្រុងនោះឡើយ។

អ្នកនាំពាក្យក្រសួង ការពារជាតិចិន លោក យ៉ាង យូជន បានថ្លែងតបវិញថា “ការលើកឡើង របៀបនេះ ធ្វើឲ្យខ្ញុំងឿងឆ្ងល់ថា តើគេពិតជាមិនដឹងពី ប្រវត្តិសាស្ត្រសោះ ឬ?” កន្លងមក ប្រទេសចិនតែងតែបង្ហាញជំហរ ដោះស្រាយបញ្ហា ប្រកបដោយសន្តិវិធី តាមរយៈការចរចា និង ពិភាក្សាគ្នា ដែលប្រការនេះមានន័យថា សន្តិភាព និង ស្ថិរភាពនៅសមុទ្រចិនខាងត្បូង គួរតែ ត្រូវបានដោះស្រាយ រវាងតែប្រទេស ចិន និងបណ្តាប្រទេស អាស៊ាន ប៉ុណ្ណោះ៕

ចិន៖ បញ្ហាសមុទ្រចិនខាងត្បូង ដែលលើកឡើង ដោយមេបញ្ជាការ យោធាអាមេរិក គឺ ជាទង្វើ ដែលមិនមាន ការយល់ដឹង ពីប្រវត្តិសាស្ត្រ