ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី ២៦ ខែមករា  គណៈកម្មការ​សាលា​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក លី វណ្ណ​ដា អភិបាលរង​ក្រុង សហការ​ជាមួយ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ដឹកនាំ​ដោយ​លោក ទៀត ចំរើន នាយករង​ទីចាត់ការ ដោយ​មានការ​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ​សំណង់​មិន​រៀបរយ​នៅ​ចំណុច​អតីត​ដី​ក្រុមហ៊ុន​អា​រី​ស្តុ​ន ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

មន្ត្រី​សាលាខេត្ត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពេល​ចុះ​រុះរើ​តូប​នៅ​ចំណុច​ខាងលើ​នោះ បាន​ធ្លោយ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​របស់​លោក​អភិបាលខេត្ត ពី​ការ​រុះរើ​តូប​លក់ដូរ​ដែល​សង់​មិន​រៀបរយ​នៅ​លើ​ដី​ឆ្នេរ​ខាងលើ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​បាន​នូវ​សោភ័ណ​ភាព បរិស្ថាន នៃ​តំបន់ឆ្នេរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នោះ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ និង​ចំណាត់ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ចូល​សាងសង់​តូប​លក់ដូរ​នៅ​លើ​ដី​ចំណី​ឆ្នេរ នា​ពេល​ថ្មី​ៗ​នេះ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ត្រង់​ថា​សកម្មភាព​ចុះ​ប្រតិបត្តិការ​របស់​គណៈកម្មការ​ខាងលើ​គឺជា​សកម្មភាព​វែក​ចក​តែ​ប៉ុណ្ណោះ ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ប្រៀប​ដូច​ជា​ខ្លែង​អស់ខ្យល់ និង​ជា​សកម្មភាព​ច្រំ​ដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ដែល​ធ្វើ​ឱ្យ​មានការ​ខាតបង់​ថវិកា​របស់​សាលាខេត្ត ក្នុង​ការ​ជួល​កម្មករ ក៏​ដូច​ជា​ជួល​រថយន្ត​ដើម្បី​យក​មក​បំពេញការងារ​ខាងលើ​នោះ ។

ចំណែក​ប្រភព​ពី​ម្ចាស់​តូប​ដែល​ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​រុះរើ​វិញ និយាយ​ថា ហេតុ​អ្វី​បានជា​មានការ​ហាមឃាត់ មិន​ឱ្យ​ពួក​គាត់​សង់​តូប​លក់ដូរ ដើម្បី​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត ដូច​អាជីវករ​ផ្សេង​ៗ​ទៀត ដែល​ពួក​គេ​ទើបតែ​មក​សាងសង់​តូប​លក់ដូរ​នៅ​ទីតាំង​ខាងលើ​ដូច​គ្នា​នេះ ។ បើ​អាជ្ញាធរ​ហាម​ពួក​គាត់​មិន​ឲ្យ​សាងសង់​តូប​លក់ដូរ​ត្រង់​ចំណុច​នេះ គួរតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា មិន​ត្រូវ​រុះរើ​មួយ​កន្លែង ឯ​មួយ​កន្លែង​ទៀត​គេ​អាច​សង់​តូប​ប្រកប​របរ​លក់ដូរ​បាន​យ៉ាង​រលូន​ដូច្នេះ​ទេ ។ ពួក​គាត់​ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ និង​គ្រោង​ដាក់​ពាក្យបណ្តឹង តវ៉ា​សា​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ ។

មន្ត្រី​សាលាខេត្ត​មួយ​រូប​ទៀត​និយាយ​ថា នៅ​ក្នុង​ការ​ចុះ​រុះរើ​តូប​នោះ អាជ្ញាធរ​ខេត្ត​បាន​ជួល​កម្លាំង​កម្មករ​ចំនួន​១០​នាក់ និង រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​ចំនួន​២​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​សម្ភារ​សំណង់​ចេញពី​ទីតាំង​ដី​ចំណី​ឆ្នេរ​នៅ​ចំណុច​ខាងលើ ។ ជា​លទ្ធផល ក្នុង​រយៈពេល​ប្រតិបត្តិ​ការប្រមាណ​ជាង​១​ម៉ោង ដក​បង្គោល​សសរ​រោង​បាន​ប្រមាណ​ជា​៥០​ដើម ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុងព្រះសីហនុ ៕