ត្រណម​ទាំង ​១០ មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

ត្រណម​ទាំង ​១០ មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​ប្រជាជន​ចិន​មាន​ជំនឿ​ទៅ​លើ​ត្រណម​មួយ​ចំនួន​ដែល​គេ​បាន​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ឡើយ​ព្រោះ​ នាំ​ឱ្យ​មាន​រឿង​អពមង្គល​កើត​ឡើង។

 

១. ហាម​បោស​ផ្ទះ៖ ព្រោះ​ប្រៀប​ដូច​ជា​ការ​នាំ​លាភ​សំណាង​ចេញ​ពី​ផ្ទះ។ បើ​ចង់​សម្អាត​ត្រូវ​សម្អាត​ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី និង យក​សម្ភារៈ​សម្អាត​ផ្សេងៗ​ទុក​ឱ្យ​អស់។ ចាប់​ពី​ថ្ងៃ​ទី​ពីរ​ឡើង​ទៅ​ អាច​បោស​​សម្អាត​បាន​តែ​ត្រូវ​បោស​ពី​មាត់​ទ្វារ​ចូល​ទៅ​ក្នុង ហើយ​ប្រមូល​ផ្ដុំ​ទុក​នៅ​ជ្រុង​ណា​មួយ​ក្នុង​ផ្ទះ​ដោយ​មិន​ទាន់​យក​ទៅ​បោះ​ចោល​ទេ រហូត​ដល់​ថ្ងៃ​ទី​៥។

 

២. ហាម​កក់​សក់៖ ប្រៀប​ដូច​ជា​ការ​លាង​ជម្រះ​លាភ​សំណាង​ចេញ​។

 

៣. ហាម​និយាយ​គ្រោតគ្រាត៖ ពាក្យ​សម្ដី​អាក្រក់​ មិន​ពីរោះ​ស្ដាប់​ ឬ​ក៏​រឿង​ខ្មោច​ មិន​គួរ​និយាយ​ឡើយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​នាំ​មង្គល​ ដូច​ជា​ពាក្យ​ជូនពរ​ជា​ដើម។

 

៤. ហាម​យំ​យែក​៖ រឿង​សោក​សៅ យំយែក​ត្រូវ​បាន​ហាម​ប្រាម សូម្បី​តែ​កូន​ក្មេង​គួរ​តែ​លួង​ពួក​គេ ឱ្យ​ពួក​គេ​សប្បាយ​ចិត្ត​ បើ​ពុំនោះ​ទេ​គេ​ជឿ​ថា​នឹង​ជួប​រឿង​សោក​សៅ​ពេញ​មួយ​ឆ្នាំ។

 

៥. ហាម​ប្រើ​វត្ថុ​មុត​៖ កន្ត្រៃ​ កាំបិត ជា​ដើម​មិន​គួរ​ប្រើ​ទេ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ព្រោះ​វា​តំណាង​ឱ្យ​ឧបករណ៍​ផ្ដាច់​លាភ​សំណាង​ឆ្នាំ​ថ្មី។

 

 

ត្រណម​ទាំង ​១០ មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

 

 

៦. ហាម​ទទួល​ភ្ញៀវ​ក្នុង​បន្ទប់​គេង៖ ព្រោះ​រឿង​អាក្រក់​ឧបទ្រព​ចង្រៃ​អាច​ឆ្លៀត​ឱកាស​មក​ជាមួយ។ បើ​ទោះ​ជា​ឈឺ​ ក៏​គួរ​ចេញ​ពី​បន្ទប់​គេង​មក​បន្ទប់​ទទួល​ភ្ញៀវ​ដែរ។

 

៧. ហាម​ខ្ចី​លុយ​គេ ហាម​​ឱ្យ​គេ​ខ្ចី​លុយ៖ មិន​ដូច្នេះ​ទេ នឹង​ត្រូវ​មាន​ការ​ខ្ចី​គេ​ ឬ ត្រូវ​គេ​ខ្ចី​ពេញ​មួយ​ឆ្នាំ។
​​

៨. ហាម​ធ្វើ​ឱ្យ​ធ្លាក់​បែក​របស់៖ ព្រោះ​វា​តំណាង​ឱ្យ​រឿង​អាក្រក់ ប៉ុន្តែ​ប្រើ​ជ្រុល​ធ្វើ​ឱ្យ​បែក​ដោយ​អចេតនា​ត្រូវ​និយាយ​ថា «សូម​ឱ្យ​មាន​សំណាង​ល្អ»។

 

៩. ហាម​សម្លាប់​សត្វ៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ការ​សម្លាប់​សត្វ​ដូច​ជា​មាន់​ទា ដើម្បី​សែន​ព្រេន​ត្រូវ​តែ​ផ្អាក​សិន​ ព្រោះ​នាំ​សំណាង​អាក្រក់។

 

១០. ហាម​ស្លៀក​ស ឬ ខ្មៅ៖ ព្រោះ​វា​ត្រូវ​បាន​ចាត់​ទុក​ថា ពណ៌​ទុក្ខ​សោក៕

 
អត្ថបទ៖ ណេង ណេង
ប្រភព៖ ក្បួន​ហុងស៊ុយ​ចង​ក្រង​ដោយ​ស៊ឹង ​ណាំ​ហុង​