សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា ប្រឈម​នឹង​ការរិះគន់​

ថ្មីៗ​នេះ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ហ្វ្រី​ដឹ​ម ហៅ​ស៍​(Freedom House) បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា​ជា ប្រទេស​មិនមាន​សេរីភាព​។ របាយការណ៍​របស់ Freedom House ដែលមាន​ចំណងជើង​ថា (​សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦) ដែល​ចេញផ្សាយ​នៅ​ខែមករា ឆ្នាំ​២០១៦​នេះ បាន​សិក្សា​ទៅលើ​កត្តា​សំខាន់​ចំនួន​២ គឺ​សិទ្ធិ​នយោបាយ​និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ជិត​២០០​។ របាយការណ៍ Freedom House បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ពិន្ទុ​៣២​ក្នុងចំណោម​ពិន្ទុសរុប​១០០ ដែល​ពិន្ទុ​នេះ​បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​កម្ពុជា​មិនមាន​សេរីភាព​ពេញលេញ​ក្នុងការ​ប្រតិបត្តិ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នៅឡើយ​។

តាម​ចំណាត់ថ្នាក់​នៃ​ការវាយតម្លៃ​របស់ Freedom House បាន​ឲ្យ​ឃើញថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ចំនួន​៥០​លើ​ពិភពលោក​ដែល​មិនមាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ដែលមាន​ចែង​នៅក្នុង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន គឺ​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ឡាវ ប្រទេស​យួន និង​ប្រទេស​ភូមា ហើយ​ស្មើគ្នា​ទៅនឹង​ប្រទេស​សៀម ប៉ុន្តែ​អាក្រក់​ជាង​ប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។​

​របាយការណ៍​របស់​អង្គការ Freedom House ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ប្រហាក់ប្រហែល​នឹង​ការវាយតម្លៃ​របស់​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែល​បានចេញ​នៅក្នុង​ខែមករា ឆ្នាំ​២០១៦ ដោយ​វាយតម្លៃ​មិនសូវ​ល្អ​ទៅលើ​ស្ថានភាព​នានា​ក្នុងនោះ មាន​ទាំង​អំពើពុករលួយ ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា សេរីភាព​នយោបាយ​និង​សេរីភាព​ប្រជាពលរដ្ឋ ត្រូវបាន​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹតបន្តឹង​យ៉ាងខ្លាំង​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥ រហូតមកដល់​បច្ចុប្បន្ន ហើយ​ការ​គំរាម​ធ្វើបាតុកម្ម​ប្រឆាំង​បាតុកម្ម គឺជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ក៏​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ចាត់វិធានការ​បង្ក្រាប​ខ្លាំងក្លា​ជាង​មុន​ដែរ​៕

Hun Sen