ឈ្មួញ​ជីករណ្ដៅ​ដី​នៅ​ស្រុក​សង្កែ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​មួយចំនួន​នៃ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា អាជីវកម្ម​ជីករណ្ដៅ​ដី​យក​អាចម៍ដី​លក់​របស់​ថៅកែ​ឈ្មោះ វង់ រស្មី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អាជីវកម្ម​រថយន្ត​ដឹក​ដី​នោះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ​។ ចំណែក​ថៅកែ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​ក៏បាន​ទទួលស្គាល់​ដែរ​ថា កំពុងដំណើរការ​សុំច្បាប់​ប្រកប​អាជីវកម្ម ព្រោះ​កន្លងមក​ការធ្វើ​អាជីវកម្ម​ពុំមាន​ភាពទៀងទាត់​។

តាម​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ស្ពង់ ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា អាជីវកម្ម​ក្រុមហ៊ុន​ជីកដី​លក់​របស់​ថៅកែ​ឈ្មោះ វង់ រស្មី ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់ បើក​ក្នុង​ល្បឿន​លឿនៗ​បង្ក​ផលប៉ះពាល់​ដល់​ពួកគាត់ ជាពិសេស​ក្មេងៗ​ធ្វើដំណើរ​ទៅ​សាលារៀន​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា វាលស្រែ​ក្បែរ​ផ្ទះ​អ្នកភូមិ​ប្រមាណ​ចម្ងាយ​៣០០​ម៉ែត្រ មាន​អេស្កាវ៉ាទ័រ​២​គ្រឿង​ចូកដី​ក្នុង​ស្រះ​តែមួយ​ដាក់​រថយន្ត​យ៉ាង​មមាញឹក ហើយ​កន្លែង​ខ្លះ​មាន​ជម្រៅ​ដល់​ទៅ​ជាង​១០​ម៉ែត្រ​។ រណ្ដៅ​ដី​ដ៏​ធំ​នោះ​មាន​ទទឹង​១០០​ម៉ែត្រ​និង​បណ្ដោយ​២៥០​ម៉ែត្រ ហើយ​រថយន្ត​នីមួយៗ​ផ្ទុក​អាចម៍ដី​ប្រហែល​២០​តោន​បំផ្លាញ​ផ្លូវ​ក្នុងភូមិ​ខ្ទេចខ្ទី​អស់​។ ការដែល​លោក វង់ រស្មី ថៅកែ​អាជីវកម្ម​លក់​អាចម៍ដី​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង​ផងដែរ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​រថយន្ត​ដឹក​ដី​របស់​ថៅកែ វង់ រស្មី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ពង់ និង​ភូមិ​ដទៃទៀត​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ហើយ​មួយផ្នែក​នៃ​អាចម៍ដី​នោះ ត្រូវបាន​គេ​ដឹក​យកទៅលក់​នៅ​ក្រុង​បាត់ដំបង​។ ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មានដូចជា ធ្វើ​ឲ្យ​ខូច​ផ្លូវ ធ្វើ​ឲ្យ​ដី​ហុយ ហើយ​អ្នកភូមិ​ពិបាកធ្វើ​ដំណើរ​ព្រោះ​រថយន្ត​ដឹក​ដី​ធំៗ​បើក​នៅលើ​ផ្លូវលំ​តូចចង្អៀត​ក្នុង​ល្បឿន​លឿនៗ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ចាត់វិធានការ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​របស់​ថៅកែ វង់ រស្មី គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

Chan Sophalលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង 38eb7ea5-5844-4b20-85ab-2131cde0f240រណ្ដៅដីនៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង