​អ្នកវិនិយោគ​សត្តឃាត ចោទ​អាជ្ញាធរខេត្ត​ថា បាន​រំលោភបំពាន​កិច្ចសន្យា វិនិយោគ​ស្របច្បាប់​របស់ខ្លួន​

តាកែវ: ក្រុម​អ្នកវិនិយោគ​សត្តឃាត ទូទាំង​ខេត្តតាកែវ ដែលមាន​លោកស្រី ថិ ហ៊ុន​លី លោក ជា សុភាព និង​លោក ប៊ូ ចុង បាន​សំដែង​នូវ​ការមិន​ពេញចិត្ត ទៅនឹង​អាជ្ញាធ​ខេត្តតាកែវ ដែល​បាន​បង្កើត​គណៈកម្មាធិកា​រ បណ្ដោះអាសន្ន សម្រាប់​ការគ្រប់គ្រង ការធ្វើ​អាជីវកម្ម​ពិឃាដសត្វ និង​ទី​សត្តឃាតដ្ឋាន ទូទាំង​ខេត្តតាកែវ ជំនួស​អោយ​អ្នកវិនិយោគ​ចាស់ ដែល​បានទទួល​សិទ្ធិ​វិនិយោគ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន​១៦​ឆ្នាំ​។
​ការបង្កើត​គណៈកម្មាធិកា​រ ហូត​ភាស៊ី​សត្តឃាត ជំនួស​អ្នកវិនិយោគ​ស្របច្បាប់ ពី​សំណាក់​អាជ្ញាធរខេត្ត គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ដែល​ក្រុម​អ្នកវិនិយោគ មិនអាច​ទទួលយកបាន ហើយ​ការបង្កើត​គណៈកម្មាធិកា​រ​នេះ ក៏​មិនបាន​ពិចារណា ទៅ​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ញើមក​កាន់​អាជ្ញាធរ​ខេត្តតាកែវ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។

​ក្រោយ​ពេលដែល​អាជ្ញាធ​ខេត្តតាកែវ បាន​បង្កើត​គណៈកម្មាធិកា​រ ប្រមូល​ភាស៊ី​សត្តឃាត ជំនួស​អ្នកវិនិយោគ​ស្របច្បាប់​រួចមក ក្រុម​អ្នកវិនិយោគ​ភាស៊ី​សត្តឃាត បាននាំគ្នា​ស​សេរ​លិខិត​ផ្ញើ​ទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អោយជួយ​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្តតាកែវ ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ​។

​ក្រុមអាជីវករ បា​នស​សេរ​រៀបរាប់​ប្រាប់​សម្ដេច ស ខេង ថាៈ "​យើងខ្ញុំ​ទាំងអស់ បានធ្វើការ​វិនិយោគ លើ​ភាស៊ី​សត្តឃាត តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​បច្ចុប្បន្ន គឺ​ពុំដែល​មានការ​រំខាន ពី​បុគ្គល​ណាមួយ​ឡើយ ហើយ​យើងខ្ញុំ ក៏​តែងតែ​គោរព​ច្បាប់​រដ្ឋ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ មាន​បុគ្គល​៤​នាក់ បាននាំគ្នា​ធ្វើសំណើ មកកាន់​លោក​អភិបាល​ខេត្តតាកែវ ដើម្បី​សុំ​ធ្វើ​អាជីវកម្ម​ភាស៊ី​សត្តឃាត ក្នុង​ខេត្តតាកែវ ក្នុង​ឆ្នាំ​២០១៦ ស្រាប់តែ​លោក​អភិបាល​ខេត្តតាកែវ បាន​ចុះហត្ថលេខា​ឯកភាព តាម​សំណើ​ខាងលើ ជាហេតុ​ធ្វើអោយប៉ះពាល់ ដល់​សៀវភៅ​បន្ទុក​ភាស៊ី និង​កិច្ចសន្យា​របស់​យើងខ្ញុំ ដែល​បាន​ចុះហត្ថលេខា ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួចហើយ​។
​បន្ទាប់ពី​មាន​សំណើសុំ​ជួយ​អន្តរាគមន៍ បន្ត​អនុវត្តន៍​សៀវភៅ​បន្ទុក​ភាស៊ី និង​កិច្ចសន្យា​វិនិយោគ តាមផ្លូវ​ច្បាប់ ទៅ​សម្ដេច​ក្រឡាហោម ស ខេង រួចមក ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា ដោយ​លោក ព្រំ សុខា បាន​ផ្ញើលិខិត​ស្នើសុំ​អន្តរាគមន៍​នេះ ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​ពិចារណា ព្រោះ​ក្រសួងមហាផ្ទៃ យល់ថា ករណីនេះ គឺជា​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នកសម្រេច​។

​ដោយឡែក លោក ខៀវ សុ​ភ័​ក្រ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន​ផ្ញើលិខិត ដែល​ស្នើ​សុំអោយ​សម្ដេច​ក្រឡាហោម ស ខេង ជួយ​អន្តរាគមន៍​នេះ ទៅកាន់​លោក​អភិបាល​ខេត្តតាកែវ ផងដែរ ដើម្បី​ពិនិត្យ និង​ដោះស្រាយ ព្រោះ​វា​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត ដែល​ខ្លួន​គ្រប់គ្រង​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាខេត្ត​តាកែវ លោក យស់ ណា​ស៊ី បាន​ថ្លែង​ទទួលស្គាល់ថា អាជ្ញាធ​ខេត្ត ពិតជា​បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ ដើម្បី​ប្រមូល​ភាស៊ី ចូល​ថវិការដ្ឋ ជំនួស​អ្នកវិនិយោគ​ចាស់​មែន ក៏ប៉ុន្តែ​ការបង្កើត​គណៈកម្មាធិកា​រ​នេះ គឺ​បន្ទាប់ពី​អ្នក​ហូត​ភាស៊ី​ចាស់ បានបញ្ចប់​អាណត្តិ​របស់ខ្លួន ដែល​បាន​សុំ​រំលាយ តាំងពី​ឆ្នាំ​២០១៤ កន្លងមក​ម្ល៉េះ​។​

​បើតាម​លោក យស់ ណា​ស៊ី បាន​បញ្ជាក់ថា អាជ្ញាធ​ខេត្ត បានស្នើ​សុំ​ទៅ​ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួចរាល់​ហើយ ដោយ​សុំ​រំលាយ​កិច្ចសន្យា និង​សៀវភៅ​បន្ទុក របស់​អាជីវករ​សត្ត​ឃាត បីនាក់​ខាងលើ និង​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង ឲ្យ​មាន​ការដាក់​ដេញថ្លៃ ជា​សាធារណៈ សាជាថ្មី​។ ហើយ​បញ្ហា​នេះ ក្រសួង​ទាំងពីរ បាន​យល់ព្រម​ជា​ពាក្យសំដី រួចរាល់​ហើយ នៅសល់តែ​ចេញ​លិខិតស្នាម ផ្ញើ​មកអោយ​អាជ្ញាធ​ខេត្ត តែប៉ុណ្ណោះ​៕V/S