គ.អ.ឆ.ក កំពុងជួបប្រជុំ ជាមួយក្រុមហ៊ុន Royal Group ស្តីពីការ ជ្រើសរើសវិធានការ និងទីតាំងសមស្រប សាងសង់ផែនៅតំបន់ឆ្នេរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលដឹកនាំដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ភាគីក្រុមហ៊ុន ដឹកនាំដោយលោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានជួបប្រជុំពិភាក្សាជ្រើសរើសវិធានការ និងទីតំាងសមស្រប ដើម្បីសាងសង់ផែនៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ក្នុងគោលដៅបម្រើការអភិវឌ្ឍកោះរ៉ុង តាមសំណើរបស់ក្រុមហ៊ុន Royal Group នេះ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន, លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងតំណាងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦កន្លងទៅ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានចេញលិខិតបដិសេធនូវសំណើរបស់ក្រុមហ៊ុន Royal Group Co.,Ltd ដែលបានស្នើសុំកាន់កាប់ដីឆ្នេរ ចំណីឆ្នេរសមុទ្ររបស់រដ្ឋមានក្បាលដីប្រវែង ៤០ម៉ែត្រ ជម្រៅ ១៥ម៉ែត្រដល់ឆ្នេរខ្សាច់ នៅតាមបណ្តាឆ្នេរខ្សាច់អូរត្រេះ ខេត្តព្រះសីហនុ ដើម្បីសាងសង់ផែបម្រើឲ្យការអភិវឌ្ឍកោះរ៉ុង។

លិខិតនោះបានបញ្ជាក់ថា ទីតាំងស្នើសុំនេះពុំអាចអនុញ្ញាតជូនបានទេ ពីព្រោះរាជរដ្ឋាភិបាលមានគោលការណ៍ឲ្យរៀបចំ ឆ្នេរអូរត្រេះជាឆ្នេរគំរូសម្រាប់បម្រើវិស័យទេសចរណ៍ និងបរិស្ថានតំបន់ឆ្នេរ ដោយត្រូវធ្វើការបង្កករាល់ការសាងសង់លើដីចំណីសមុទ្រនៅទីនេះ ព្រមទាំងត្រូវសិក្សារកវិធានការដើម្បី រុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរនេះចេញ៕

គ.អ.ឆ.ក កំពុងជួបប្រជុំ ជាមួយក្រុមហ៊ុន Royal Group  ស្តីពីការ ជ្រើសរើសវិធានការ និងទីតាំងសមស្រប សាងសង់ផែនៅតំបន់ឆ្នេរ