ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ការ​ហាមឃាត់​ពាណិជ្ជកម្ម​ដោះ​ដូរ​ទំនិញផ្លូវគោក​ជាមួយ​ឥណ្ឌា គឺ​ស្ទើរតែ​បិទ​ទៅ​ហើយ ចាប់តាំងពី​ប្រព័ន្ធ​ដោះ​ដូរ​ទំនិញ​ដ៏​ពេញ​និយម​នេះ ត្រូវ​បាន​ផ្អាក​នៅ​តាម​តំបន់​ព្រំប្រទល់​មី​យ៉ា​ន់​ម៉ា​-​ឥណ្ឌា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​មានការ​ធ្លាក់​ចុះ ។

ក្នុង​នោះ​ដែរ កាលពី​ថ្ងៃ​ទី​១ ធ្នូ ឥណ្ឌា​បាន​លុប​ចោល​ច្បាប់ពាណិជ្ជកម្ម​ដោះ​ដូរ​ទំនិញ ដែល​បាន​អនុវត្ត​ជា​យូរណាស់​មក​ហើយ ទៅ​លើ​ការ​អនុញ្ញាត​ឲ្យ​មាន​ពាណិជ្ជកម្ម​តាម​ព្រំប្រទល់​ដែល​មាន​ទឹកប្រាក់​២០.០០០​ដុល្លារ ។ តួយ៉ាង​ទំនិញ​ដែល​បាន​ដោះ​ដូរ​ទាំងនោះ​រួម​មាន សណ្តែក ម្ទេស ឫស្សី ថ្នាំជក់ ផលិតផល​ព្រៃឈើ និង​ទំនិញប្រើប្រាស់​ផ្សេង​ទៀត ។

មន្ត្រី​មួយ​រូប​ប្រចាំ​តំបន់​ពាណិជ្ជកម្ម Tamu ឲ្យ​ដឹង​ថា ៖ « ការ​លុប​ចោល​ច្បាប់ពាណិជ្ជកម្ម​នៅ​តាម​តំបន់​ព្រំដែន​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោះ​ដូរ​ទំនិញ​ជា​ខ្លាំង» ។

ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខែវិច្ឆិកា បាន​កើនឡើង​ជាង​គោលដៅ​ដែល​បាន​ដាក់​ទៅ​ទៀត គឺ​មាន​អត្រា​១២០% ។ ចំណែក​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ខែធ្នូ​វិញ​មាន​ត្រឹមតែ​៧០% ប៉ុណ្ណោះ​នៃ​គោលដៅ​ដែល​បាន​កំណត់ ។ ប៉ុន្តែ​វា​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ខែមករា​នេះ រហូត​ដល់​៣៥% ។

ធនាគារកណ្តាល​ឥណ្ឌា​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោះ​ដូរ​ទំនិញ​កាលពីមុន គឺ​មិន​ចាំបាច់​ធ្វើ​ទៀត​ទេ ខណៈ​ដែល​ប្រព័ន្ធ​ធនាគារ​មាន​គ្រប់គ្រាន់​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

ទោះជា​យ៉ាងណា ធនាគារ​ឥណ្ឌា​មិន​ទាន់​បាន​ចេញ​សារ​ឥណទាន​នៅឡើយ​ទេ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Khin Mg Tin លេខាធិការ​នៃ​សមាគម​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹង​កាលពី​ខែមុន ។

ចាប់តាំងពី​ថ្ងៃ​ទី​១ មេ​សា ២០១៥​រហូត ដល់​ថ្ងៃ​ទី​១៥ មក​រា​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​រវាង​ឥណ្ឌា និង​មី​យ៉ា​ន់​ម៉ា មាន​ទឹកប្រាក់​លើស​ពី​១​ពាន់​លាន​ដុល្លារ ដែល ទឹកប្រាក់​ប្រមាណ​៥២​លាន​ដុល្លារ គឺ​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​ព្រំដែន Tamu ។

ក្នុង​នោះ​ដែរ មី​យ៉ា​ន់​ម៉ា​បាន​នាំ​ចេញ​ទំនិញ ទៅ​កាន់​ឥណ្ឌា គិត​ជា​ទឹកប្រាក់​ចំនួន​៦៥៣​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​ដែល​នាំ​ចេញ​ច្រើន​ជាងគេ​គឺ ផលិតផល​កសិកម្ម ខណៈ​ការ​នាំ​ចូល​ទំនិញ​ពី​ឥណ្ឌា​មាន​តម្លៃ​ប្រមាណ​៤១២​លាន​ដុល្លារ​។ ផលិតផល​ដែល​នាំ​ចូល​ពី​ឥណ្ឌា រួម​មាន ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ វត្ថុធាតុដើម និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត ។

ទោះជា​យ៉ាងណា ការ​ធ្វើ​ពាណិជ្ជកម្ម​នៅតាម​បណ្តោយ​ព្រំដែន​មិន​ផ្លូវការ​នៅ​តែ​បន្ត  ទោះបីជា​មាន​សកម្មភាព​តវ៉ា​ពី​ខាង​ភាគី​ឥណ្ឌា​ក្តី​។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គលេខាធិការ​ក្រសួងផែនការ​ពាណិជ្ជកម្ម និង​ដេ​ប៉ា​តឺ​ម៉​ង់​ស្ថិតិ​ជាតិ ។

គួរ​រំឭក​ផង​ដែរ​ថា ការ​ឆ្លងកាត់​ព្រំប្រទល់​នៅ​តំបន់ Tamu ត្រូវ​បាន​បិទ​មិន​ឲ្យ​ឆ្លងកាត់​ជា​ច្រើន​លើក​ច្រើន​សា ដោយសារ​តែ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ឥណ្ឌា និង​ពួក​ឧទ្ទាម ។

ស្ថិតិ​បង្ហាញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ឥណ្ឌា គឺ​មាន​អត្រា​តិច​ជាង​១% នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវគោក​របស់​មី​យ៉ា​ន់​ម៉ា​ទៅ​ទៀត ។ ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​ជាងគេ​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​បាន​ទៅ​លើ​ប្រទេស​ចិន និង​ថៃ​ទៅ​វិញ​ទេ ៕