ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​បង្កើត​កម្មវិធី​មួយ​ចំនួន​សម្រាប់​រយៈពេល​៩​ឆ្នាំ (២០១៦-២០២៥) ដើម្បី​គាំទ្រ​ដល់​អង្គភាព និង​ក្រុមហ៊ុន​លើ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ។

បើ​យោង​តាម​សេចក្តីព្រាងច្បាប់ សកម្មភាព​សំខាន់​ៗ​នៃ​កម្មវិធី​នេះ​រួម​មាន ការ​លើកកម្ពស់​វិស័យ​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​ការ​ផលិត​ផលិតផល ព្រមទាំង​គាំទ្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ក្នុងស្រុក ក៏​ដូច​ជា​បង្កើន​ទីផ្សារ​នាំ​ចេញ​ផលិតផល​ផង​ដែរ ។

កម្មវិធី​នេះ​ពាក់ព័ន្ធ​ជាមួយ​ការ​ផ្តល់​ព័ត៌មាន និង​ដា​តា​បេស ដើម្បី​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​ផលិត និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ផលិតកម្ម ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្តង់ដា​អន្តរជាតិ​ផង​ដែរ ។ ជាង​នេះ​ទៀត ពួក​គេ​នឹង​អាច​គាំទ្រ​ដល់​សហគ្រាស​ឧស្សាហកម្ម​ជាមួយ​ក្រុម​ពហុ​ជាតិ ដោយ​បង្រៀន​ជំនាញ​ដល់​អ្នកគ្រប់គ្រង និង​បុគ្គលិក ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម ។

ក្រសួង​ក៏​បាន​ស្នើ​នូវ​ថវិកា​ចំនួន​៣០០​ពាន់​លាន​ដុ​ង​ដើម្បី​គាំទ្រ​អភិវឌ្ឍន៍​សហគ្រាស ឧស្សាហកម្ម​ចំនួន​២.០០០​សហគ្រាស សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​គោរព​តាម​ស្តង់ដា​អន្តរជាតិ ។

ចំណែក​ថវិកា​ចំនួន​១១៥​ពាន់​លាន​ដុ​ង​ទៀត នឹង​ត្រូវ​ផ្តល់​ដល់​សហគ្រាស​ឧស្សាហកម្ម ដើម្បី​ឲ្យ​ពួក​គេ​កែប្រែ​មុខមាត់​ទៅ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ឧស្សាហកម្ម​ដល់​បណ្តា​ក្រុមហ៊ុន​ពហុ​ជាតិ មិន​ថា​នៅ​ក្នុងស្រុក ឬ​បរទេស​ឡើយ ។

លើស​ពី​នេះ​ទៀត កម្មវិធី​គាំទ្រ​លើក​ស្ទួយ​ដល់​ការ​វិនិយោគ គឺ​កំពុង​តែ​ដ​ង្ហើ​យ​រក​ទីផ្សារ​ប្រើប្រាស់​ដែល​គាំទ្រ​ដល់​ផលិតផល​ឧស្សាហកម្ម​នេះ ក្រោម​ទឹកប្រាក់​១១៥​ពាន់​លាន​ដុ​ង​ផង​ដែរ ។

ការ​ផ្តល់​ជំនួយ​លើ​ការ​ហ្វឹកហាត់​អ្នកគ្រប់គ្រង​និង​បុគ្គលិក ក៏​ដូច​ជា​ការ​បង្កើត​កម្មវិធី​ដា​តា​បេស​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​២២០​ពាន់​លាន​ដុ​ង និង​នៅ​លើ​វេ​ប​សាយ​ដែល​ផ្តោត​លើ​វិស័យ​ឧស្សាហកម្ម នឹង​ទទួល​បាន​ថវិកា​ចំនួន​៨០​ពាន់​លាន​ដុ​ង​ផង​ដែរ ៕