ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

បាន​ទស្សន៍​ទាយ​រួច​ហើយ ចេញផ្សាយ​ម្សិលមិញ​នេះ​របស់​ទស្សនៈ​អា​ឡេវ ក្រោម​ចំណងជើង​ថា «​រដូវ​កើត​ចោរប្លន់​» បាន​ឈាន​មក​ដល់​ហើយ​...
មែន ! គ្រាន់តែ​និយាយ​រួច​ភ្លាម​...​ ចោរប្លន់​កើត​មាន​ព្រោងព្រាត​មែន​...

ប្លន់​នៅ​ខេត្តបាត់ដំបង​បាញ់​ស្លាប់​ម្នាក់​គ្រាន់តែ​ចាក់សោ​ទូដែក​យឺត​បន្តិច​...​ ដូច​ជា​សាហាវ​ពេក​ក្រៃ​...​ ប្លន់​ដោយ​សុវត្ថិភាព​បាត់​ទៅ​...

ប្លន់​នៅ​រាជធានី​ភ្នំពេញ​... ​ហាង​លក់​ពូក​មួយ​ត្រូវ​ចោរ​ចាប់​ម្ចាស់​ហាង​បោក​ក្បាល​សន្លប់​ក្នុងផ្ទះ​...​ ហើយ​ចោរ​ក៏​ប្លន់​យក​បាន​មាសប្រាក់​មិន​តិច​ទេ​...​ ​ប្លន់​ទាំង​ព្រឹក​យក​បាន​ដោយ​សុវត្ថិភាព​ទៅ​ហោង​...

នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដែរ​...​ ស្ត្រី​ម្នាក់​ចេញពី​ធ្វើការ​វេន​យប់​ត្រឹម​ពាក់កណ្តាល​អធ្រាត្រ​... ​ត្រូវ​ចោរ​ស្ទាក់​ប្លន់​យក​ម៉ូតូ​ និង​របស់របរ​ជាប់​ខ្លួន​បាន​ដោយ​សុវត្ថិភាព​ទៅ​ហោង​ដែរ​... ​ហេ ! ហេ !

លោកស្នងការ​នគរបាល​ក៏​ដូច​ស្នងការ​អាវុធហត្ថ ក្នុង​អាណាចក្រ​នីមួយ​ៗ...​ ប្រាកដជា​ដឹង​ពី​ចំណាត់ការ​ដែល​ត្រូវ​អនុវត្តន៍​... ​ពី​ការ​ទទួលខុសត្រូវ​រាល់​បទល្មើស​ទាំងឡាយ​កើត​មាន​ក្នុង​អាណាចក្រ​...
មេ​ៗ តើ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ឱ្យធ្វើ​អ្វីខ្លះ​ដើម្បី​ទប់ទល់​...​ ដើម្បី​ការពារ​... ​ដើម្បី​ជួយ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​តូច​-​ធំ​...

ប៉ុន្តែ​ដូច​ជា​រំភើយ​ផាត់​ពេក​ហើយ​... ​សុទ្ធតែ​ត្រូវ​ចោរ​ធ្វើ​សកម្មភាព​ប្លន់​ដោយ​សុវត្ថិភាព​ទៅ​ហោង​... ​អត់​ជួយ​ទាន់​ទេ​... ចោរប្លន់​ដាក់​មេ​ប្រូច​ទៅ​ផុត​... ​រក​មើលសមត្ថកិច្ច​អត់​ឃើញ​មាន​ម្នាក់​... ​ទាល់តែទៅ​ដល់​ប៊ុ​យ​រ៉ូ​ហើយ​ដាក់​ពាក្យ​ប្តឹង​ទើបដឹង !... ​បាន​ត្រឹមតែ​សួរ​ចម្លើយ​អ្នក​រង​គ្រោះ​ដើម្បី​ធ្វើ​កំណត់ហេតុ​...​ ធ្វើ​របាយការណ៍​... អាច​នៅ​មាន​អ្នក​រង​គ្រោះ​ច្រើន​ទៀតដោយ​ចោរប្លន់​... ​មិន​ទាន់​ដឹង​មុខសញ្ញាណា​ទៀត​ទេ ដែល​ត្រូវ​រង​គ្រោះ​... ​រង​គ្រោះ​ដល់​ជីវិត​... ​រង​គ្រោះ​ទ្រព្យសម្បត្តិ​...​ ទំនង​មាន​រាប់​មិន​អស់​ទេ ! ព្រោះ​ជា​រដូវ​កើត​ចោរប្លន់​...

គួរ​រៀនសូត្រ​តាម​មេ​ប៉ូលិស​នៅ​ខេត្ត​ព្រះ​សីហ​នុ​...​ ពេល​ថ្ងៃ​ក៏​ដូច​ពេល​យប់​...​ មាន​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចេញ​ល្បាត​ទាំង​ក្រុម​ៗ​តាម​គោលដៅ​... ​ចោរប្លន់​កើត​មាន​ទីណា​ក៏​រត់​មិន​រួច​ពី​សំណាញ់​ដែល​បាន​ដាក់​ពង្រាយ​ដែរ​...

បើ​មិន​រៀនសូត្រ​តាម​ទេ​...​ បើ​នៅ​ទីណា​ក៏​សុទ្ធតែ​ប្រហោង​ធ្លុង​បែប​នេះ រឿង​អី​មិន​ងាយស្រួល​ប្លន់ ?
ប្រហោង​ធំ​ជាងគេ​នៅ​រាជធានី​... ​បើ​នៅ​តែ​មាន​ប្រហោង​ទៀត​...​ ប្រយ័ត្ន​គេ​ឱ្យឈ្មោះ​ថា មេ​ប្រហោង​...​  ហេ ! ហេ !
                 អាឡេវ