អាមេរិក៖ កូរ៉េខាងជើង ប្រហែលជាបានធ្វើតេស្ត គ្រាប់បែកអ៊ីដ្រូសែន កម្រិតទាបប៉ុណ្ណោះ

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋាភិបាលអាមេរិក បានលើកឡើងកាល ពីថ្ងៃព្រហស្បតិ៍ ថា ប្រទេស កូរ៉េខាងជើង ទំនងជាបានបរាជ័យ ក្នុងតេស្តសាកល្បង រូបធាតុមួយចំនួន សម្រាប់យកទៅ ផលិតជាគ្រាប់បែកអ៊ីដ្រូសែន កាលពីដើមខែមករា នេះ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ ងារព័ត៌មានចិនស៊ិនហួ ដកស្រង់ពី ស៊ីអិនអិន នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ ២០១៦។

មន្ត្រីខាងលើនេះ បានប្រាប់ស៊ីអិនអិន ដូច្នេះថា “វាអាចគ្រាន់តែជាជោគ ជ័យលើផ្នែកតូចមួយ ប៉ុន្តែតេស្តរូបធាតុដទៃទៀត ដែលសំខាន់ៗសម្រាប់ ផលិតគ្រាប់បែកអ៊ីដ្រូសែន បានទទួល បរាជ័យ។ យ៉ាងណាយើងត្រូវ រង់ចាំការវិភាគតាមទិន្នន័យ ដែលទទួលបានចុងក្រោយនេះ ប្រកប ដោយភាពល្អិតល្អន់ជាមុនសិន។”

គួរបញ្ជាក់ថា អាមេរិក មិនទាន់ចេញការអះអាងជាផ្លូវការ ថាកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់ បែកអ៊ីដ្រូសែន ដោយជោគជ័យនោះឡើយ ព្រោះអាមេរិក មិនជឿថាកូរ៉េខាងជើង អាចមាន លទ្ធភាពផលិតគ្រាប់បែក ដែលត្រូវការធនធានកម្របំផុត ដែលអាចនឹងចំណាយ ហិរញ្ញវត្ថុ ដ៏ច្រើនលើសលប់ថែមទៀត នោះឡើយ។

ទីក្រុង ព្យុងយ៉ាង បានអះអាងថា ខ្លួនធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន នេះប្រកបដោយជោគជ័យ កាលពីថ្ងៃទី០៦ ខែមករា ដែលនាំឲ្យអន្តរជាតិទាំងមូល ជាពិសេសប្រទេសកូរ៉េខាងត្បូង ថ្កោលទោសធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៦ ខែមករា នោះ មាន ការសង្ស័យថា គ្រោះរញ្ជួយដីកម្រិតជាង ៥ រ៉ិចទ័រ បានវាយប្រហារកូរ៉េខាងជើង តែក្រោយមក ទើបដឹងថា ជាសាកល្បងគ្រាប់បែក ប្រល័យលោកទៅវិញ៕

អាមេរិក៖ កូរ៉េខាងជើង ប្រហែលជាបានធ្វើតេស្ត គ្រាប់បែកអ៊ីដ្រូសែន កម្រិតទាបប៉ុណ្ណោះ