Maradona ប្រកាសថា បន្តចងសម្ព័ន្ធភាពការងារ ជាមួយព្រះអង្គម្ចាស់ Ali នៃប្រទេសហ្ស៊កដង់

ប៊ឺណូស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ថា អតីតតារាបាល់ ទាត់អាហ្សង់ទីន ឌីហ្គូ អាម៉ាដូ ម៉ារ៉ាដូណា (Diego Armando Maradona ) នឹងបន្តសម្ព័ន្ធភាពការងារ ជាមួយព្រះអង្គម្ចាស់ Ali bin Al Hussein នៃប្រទេសហ្ស៊កដង់ ដែលជាគេស្គាល់ថា ជាបេក្ខភាពក្នុងការ ប្រកួតប្រជែងតំណែង ប្រធានសហព័ន្ធសមាគម បាល់ទាត់ពិភពលោក (FIFA) ។

នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម របស់តារាបាល់ទាត់ ដ៏ល្បីល្បាញអាហ្សង់ទីន រូបនេះបានបញ្ជាក់ថា "ខ្ញុំចង់បញ្ជាក់ឲ្យបាន ច្បាស់លាស់ ព្រោះកន្លងមកមាន ពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា ខ្ញុំនឹងមិនធ្វើការយូរ អង្វែងជាមួយព្រះអង្គម្ចាស់ Ali នៃប្រទេសហ្ស៊កដង់ឡើយ។ ការយល់របស់ពួកគេ ទាំងនោះវាខុសស្រឡះ ។"

គួររំលឹកថា កាលពីថ្ងៃពុធកន្លងមកនេះ ព្រះអង្គម្ចាស់ Ali Hussein បានប្រកាសជាសាធារណៈថា ពួកគាត់ទាំងពីរនាក់ បាននឹងកំពុងធ្វើ ការងារជាមួយគ្នា ក្នុងនាមជាបេក្ខភាព បើទោះបីជាគេដឹងថាលោក Maradona ជាមិត្តភក្តិរបស់គាត់ក្តី ។

តារាបាល់ទាត់អាហ្សង់ទីន រូបនេះបានបញ្ជាក់ថា "នៅថ្ងៃចន្ទ យើងនឹងធ្វើកិច្ចការជាមួយគ្នា ដើម្បីបន្តធ្វើការ ក្នុងនាមជាបេក្ខភាពរបស់លោក សម្រាប់ប្រធាន FIFA ។ ខ្ញុំ នៅឈរខាងគាត់ ព្រោះគាត់ជាមនុស្សល្អ និងធ្វើការងារយ៉ាងស្វិតស្វាញ" ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ការបោះឆ្នោតជ្រើស តាំងប្រធាន FIFA នឹងផ្តើមឡើងតាមការ គ្រោងទុករបស់គណៈកម្មាធិការ FIFA ៕