ករណី​ចោរប្លន់​នៅ​ខេត្តបាត់ដំបង លោកស្នងការ ស ថេត ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​

នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ និង​ខែមករា ឆ្នាំ​២០១៦ ក្រុមចោរប្លន់​ប្រដាប់អាវុធ​បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​នៅក្នុង​ខេត្តបាត់ដំបង ដែល​បង្ហាញ​យ៉ាងច្បាស់​ថា លោក ស ថេត ស្នងការ​នគរបាល​ខេត្ត ពុំមាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​តួនាទី​របស់ខ្លួន​ទេ​។ ករណី​ចោរប្លន់​ផ្ទះ​លក់​ចាប់ហួយ​នៅ​ស្រុក​កំរៀង បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់​និង​រងរបួស​៣​នាក់​នោះ ប្លន់​យក​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន​នោះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ដោយហេតុថា ក្រោយ​កើតហេតុ​ស្រាប់តែ​លោក​ឧត្ដមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ដក​លោក​វរសេនីយ៍ត្រី ផាន់ ចាន់ណា​រ៉ា អធិការនគរបាល​ស្រុក​កំរៀង ចេញពី​តំណែង​ភ្លាមៗ​តែម្តង​។

​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ករណី​ចោរប្លន់​នៅ​ស្រុក​កំរៀង កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ហើយ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ លោក ស ថេត បានប្រកាស​ដកហូត​តំណែង​អធិការនគរបាល​ស្រុក​កំរៀង ភ្លាមៗ​តែម្តង​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា លោក ស ថេត ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងករណី​ចោរប្លន់​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្តបាត់ដំបង ព្រោះ​លោក​អសមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ ដូច្នេះ​ទន្ទឹមនឹង​ការដកហូត​តំណែង​អធិការនគរបាល​ស្រុក​កំរៀង គឺ​លោក ស ថេត គួរ​ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង​ផងដែរ ដើម្បី​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​មេដឹកនាំ​។

ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង មាន​សេចក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​ទាំង​នៅក្នុង​ក្រុង​បាត់ដំបង និង​នៅតាម​បណ្ដា​ស្រុក​នានា​។ ក្នុងនោះ​ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​កាន់តែ​អស់ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ព្រោះ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច មិន​ត្រូវបាន​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​យកចិត្តទុកដាក់​អនុវត្តន៍​នោះទេ​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​ទាំង​នៅក្នុង​ក្រុង​បាត់ដំបង និង​បណ្ដា​ស្រុក​នានា​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើ​ឃាតកម្ម បាន​កើតឡើង​កាន់តែច្រើន​ហើយ​សមត្ថកិច្ច​ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​ឡើយ​៕

12642800_463731920478570_4586952363976681214_nលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង 12399312_1519742861654624_700140872_nលោក ផាន់ ចាន់ណារ៉ា អតីតអធិការនគរបាលស្រុកកំរៀង