សកម្មភាព​ដុត​ឈើ​ចោល​ជា​ចេតនា​ដ៏​អាក្រក់​របស់​ក្រុម​ឈ្មួញ​ក្នុងការ​បំបាត់ភស្តុតាង​

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ដុត​ឈើ​ចោល​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ វែកមុខ​ឈ្មួញ​ដែល​ដុត​ឈើ​ចោល​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​គំនិតអាក្រក់​របស់​ពួកគេ​ក្នុងការ​បំបាត់ភស្តុតាង​។ ដោយហេតុថា ឈើ​ដែល​ពួកគេ​ដុតចោល​ជា​បន្តបន្ទាប់​នោះ មានតម្លៃ​រាប់សែន​ដុល្លារ​ឯណោះ​។

សូមបញ្ជាក់ថា ថ្មីៗ​កន្លងទៅនេះ​ឈើ​ប្រណីត​ជាច្រើន​គំនរ​ត្រូវបាន​គេ​ដុតចោល​នៅក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ដី​សម្បទាន​ក្រុមហ៊ុន​ខ្មែរ​អង្គរ និង​ដី​សម្បទាន​ក្រុមហ៊ុន​ដាយ​ណា​ម ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៥​និង​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​។ តាម​សេចក្ដីរាយការណ៍​ពី​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ដាយ​ណា​ម ក៏មាន​រថយន្ត​ផ្ទុក​ឈើ​ជិត​១០​គ្រឿង​ដែល​គ្រោង​ដឹកជញ្ជូន​ឈើ​ចេញពី​ការដ្ឋាន​ក្រុមហ៊ុន​ផងដែរ​។ សមត្ថកិច្ច​ជំនាញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដុតចោល​នោះ​មានតម្លៃ​ច្រើន​សែន​ដុល្លារ ហើយ​ទង្វើ​របស់​ក្រុម​ឈ្មួញ​គឺ​បំពាន​ទៅនឹង​វិធានការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​ងងើល​បំផុត​។​

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នាពេល​កន្លងមក​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ទាំង​២​នាក់​នេះ​ទេ ឈ្មួញ​មិនអាច​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បានឡើយ​។ ហេតុនេះ​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ប្រកបដោយ​ប្រសិទ្ធភាព​គឺ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក វង់ សុក្រ​សិរី និង​លោក ឈិ​ត សុផល ដើម្បី​ជាការ​ព្រមាន​ផងដែរ​៕

12417583_461800897338339_1265503202682582215_n 12540549_461787000673062_8208603939131481976_n KA-22-01-2016-09

​    ​