​កសិណ​អង្គរធំ​និង​អង្គរតូច នឹងមាន​ទឹក​ពេញ​ឡើងវិញ រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាងមុខ​

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ថា នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចាល់​ទឹកស្ទឹង​សៀមរាប​ត្រង់​ទំនប់​បារាំង ដើម្បី​បញ្ចូល​ទឹក​ទៅក្នុង​កសិណ​អង្គរធំ​និង​អង្គរតូច​។ ការបញ្ចូល​ទឹក​នេះ អាច​នឹង​ប្រើ​រយៈពេល​ប្រហែល​១០​ថ្ងៃ​ទើប​ពេញ​កសិណ​ទាំងពីរ​។ នេះ​ជាការ​អះអាង​របស់លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​។​

​លោក​សុ​ឃីម បញ្ជាក់ថា យើង​បាន​បង្ហូរទឹក​ចូលទៅក្នុង​កសិណ​ទាំងនេះ រយៈពេល​ពីរ​ថ្ងៃ​កន្លងមកហើយ​។ ការរៀបចំ​បង្ហូរ​នៅពេលនេះ យើង​ធ្វើឡើង​ក្រោយពី​យើង​បាន​បើក​ស្ទឹង​សៀមរាប​រយៈពេល​ជាង​២​ខែ​បញ្ជូន​ទឹក​ទៅ​ផ្នែក​ខាងក្រោម ដើម្បី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​ប្រើប្រាស់​ស្រោចស្រព​ដំណាំ និង​ស្រែចម្ការ​របស់គាត់ តាម​សំណើ​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​។​

​ដោយ​ពិនិត្យឃើញថា កម្ពស់​ទឹក​នៅ​ភ្នំ​គូលែន​កាន់តែ​តិច ទើប​យើង​ប្រញាប់ប្រញាល់​ប្រមូល​ទឹក​បញ្ចូល​ទៅក្នុង​កសិណ​អង្គរ​ឲ្យ​ហើយ ព្រោះ​បើ​ទុក​រយៈពេល​យូរ​ជាង​នេះ ទឹកនឹង​ហូរ​ធ្លាក់​ទៅ​ទន្លេសាប​អស់ ហើយ​យើង​មិនអាច​បញ្ចាល់ទឹក​ឲ្យ​ខ្ពស់​បង្ហូរ​ចូល​កសិណ​បានឡើយ​។​

​លោក​បន្ថែមទៀតថា ទឹក​ដែល​ស្ថិតនៅក្នុង​កសិណ​នីមួយៗ​នេះ​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ថែរក្សា​រចនាសម្ព័ន្ធ​ប្រាសាទ និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី ព្រោះ​ប្រាសាទ និង​រចនាសម្ព័ន្ធ​សុទ្ធ​តែមាន​គ្រឹះ​ជា​ដីខ្សាច់ ដែល​ទាមទារ​សំណើម​ជាប្រចាំ​។ ចំពោះ​កសិណ​អង្គរធំ​ក្រៅពី​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ ទឹក​នេះ​ក៏ត្រូវ​បាន​បើ​ប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​ដំណាំ​នៅ​សង្កាត់​គោកចក​មួយចំនួន​ផងដែរ​។​

​គួររំឭកថា អាង​ដ៏​ធំ​នៃ​កសិណ​អង្គរធំ​អាច​ផ្ទុក​ទឹក​ជិត​២​លាន​ម៉ែត្រគូប វា​ជា​កសិណ​ទឹក​ដែលមាន​ប្រវែង​១២​គីឡូម៉ែត្រ ព័ទ្ធជុំវិញ​ក្រុង​អង្គរធំ​។ កាលពីពេល​ថ្មីៗ​នេះ មានតែ​កសិណ​ទឹក​ផ្នែក​ខាងត្បូង​ឈៀង​ខាងលិច ប្រមាណ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ដែលមាន​ទឹក ខណៈដែល​ផ្នែក​ខាងត្បូង​ឈៀង​ខាងកើត​នៃ​កសិណ​គ្មាន​ទឹក​ទៀតឡើយ​នៅ​រដូវវស្សា​។ បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ជួសជុល​កាលពី​ឆ្នាំ​២០១០​មក កំណាត់​នៃ​កសិណ​ខាងត្បូង​ឈៀង​ខាងកើត​ប្រវែង​៣០០​ម៉ែត្រ មានទឹក​ពេញ​ជាប់​ជាប្រចាំ​រាល់​ឆ្នាំ ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។​

​ដោយឡែក កសិណ​អង្គរតូច ដែលមាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​ជាង​១​លាន​ម៉ែត្រគូប កាលពីមុន​ឆ្នាំ​២០១០ ប្រព័ន្ធ​បង្ហូរទឹក​គឺ​ប្រើ​ប្រឡាយ​មួយ ដែល​គេ​កសាងឡើង​នៅ​ចន្លោះ​កសិណ​ទឹក​របស់​ក្រុង​អង្គរធំ​ខាងត្បូង​ឈៀង​ខាងលិច រហូតដល់​ត្រពាំង​សេះ ឆ្លងកាត់​ខាងក្រោយ​កន្លែង​បង្ហោះ​បាល់​ឡុង (Balloon) ក្នុងសម័យ​ថ្មី​នេះ​។ បច្ចុប្បន្ន នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ស្តារ ប្រព័ន្ធ​បុរាណ​ឡើងវិញ ដោយ​ភ្ជាប់​កសិណ​ទឹក​របស់​ក្រុង​អង្គរធំ​ផ្នែក​ខាងត្បូង​ឈៀង​ខាងកើត ទៅ​កសិណ​ទឹក​អង្គរវត្ត​ផ្នែក​ខាងជើង​ឈៀង​ខាងលិច​ផ្ទាល់ ដោយ​ឆ្លងកាត់​កសិណ​ទឹក​របស់​ភ្នំ​បាខែង និង​អូរ​សំពៅ​លូន​។ ប្រព័ន្ធ​នេះ​បានធ្វើ​ឲ្យ កម្រិត​ទឹក​ក្នុង​កសិណ​អង្គរវត្ត​កើន​បាន​កម្ពស់​១​ម៉ែត្រ បើ​ប្រៀបធៀប​ទៅនឹង​កម្រិត​ទឹក​របស់​វា​នៅពេល​មុន​៕​

​កសិណ​អង្គរធំ​និង​អង្គរតូច នឹងមាន​ទឹក​ពេញ​ឡើងវិញ រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាងមុខ​

​កសិណ​អង្គរធំ​និង​អង្គរតូច នឹងមាន​ទឹក​ពេញ​ឡើងវិញ រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាងមុខ​

​កសិណ​អង្គរធំ​និង​អង្គរតូច នឹងមាន​ទឹក​ពេញ​ឡើងវិញ រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាងមុខ​