​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​(Remote Sensing)​ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០១៣​មក មាន​មន្ត្រី និង​បុគ្គលិក​បច្ចេកទេស​ជាង​១០​នាក់​ហើយ ដែល​ត្រូវបាន​បណ្តុះបណ្តាល​សមត្ថ​ភាព ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស (Remote Sensing) ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។​

​ការពង្រឹង​សមត្ថភាព​នេះ ធ្វើឡើង​តាមរយៈ​គម្រោង​សហប្រតិបត្តិការ​ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​សម្រាប់​ការងារ​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​សៀមរាប​(Remote Sensing for Environmental of Angkor Site Project)​ក្រោម​ជំនួយ​របស់​មជ្ឈមណ្ឌល​HIST (International Center on Space Technologies for Natural and Cultural Heritage)​និង​វិទ្យាស្ថាន RADI(Institute of Remote Sensing and Digital Earth)​ដើម្បី​ចេះ​ប្រើប្រាស់ និង​គ្រប់គ្រង​ប្រព័ន្ធ​កម្មវិធី​ទទួលបាន​ទិន្នន័យ​ពី​ផ្កាយរណប​។​

​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​លើកឡើងថា ក្នុង​រយៈកាល​កន្លងមក​យើង​បាន​បញ្ជូន​មន្ត្រី​បុគ្គលិក​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ជា​ច្រើនដង​មកហើយ​ដូចជា​ឆ្នាំ​២០១៣​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់​បញ្ជូន​បុគ្គលិក​បច្ចេកទេស​ចំនួន​២​រូប​ឲ្យ​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​លើក​ទី​១​ស្តីពី​បច្ចេកវិទ្យា​អវកាស​បង្ការ​មហន្តរាយ​នៅ​ទីក្រុង​សាន់​យ៉ា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ឆ្នាំ​២០១៤ មន្ត្រី​បុគ្គលិក​បច្ចេកទេស​បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចំនួន​៣​លើក នៅ​ប្រទេស​ចិន ដែល​សរុប​ទាំងអស់​៩​រូប​។​នៅ​ឆ្នាំ​២០១៥ សាស្ត្រាចារ្យ​ចំនួន​៣​រូប​មកពី​វិទ្យាស្ថាន RADI​និង​មជ្ឈមណ្ឌល​HIST​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ដោយមាន​ការចូលរួម​ពី​មន្ត្រី​/​បុគ្គលិក​នាយកដ្ឋាន​នានា​ដែល​ទាក់ទង​នឹង​ជំនាញ​នេះ​។​

​លោក​បន្ថែមទៀតថា នៅក្នុង​ឆ្នាំ​២០១៦​នេះ​វិទ្យាស្ថាន​RADI​និង​HIST​នឹង​បន្ត​បញ្ជូន​អ្នកជំនាញ​មក​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​/​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​កសាង​សមត្ថភាព​ឲ្យ​កាន់​តែមាន​ជំនាញ​ច្បាស់លាស់​ថែមទៀត​លើ​ការប្រើប្រាស់ តាមដាន និង​ការវិភាគ​ទិន្នន័យ​ដែល​ផ្កាយរណប​បានផ្តល់​មកកាន់​ស្ថានីយ៍ និង​ជួយ​ធ្វើ​បច្ចុប្បន្នភាព​(Update)​លើ​ប្រព័ន្ធ​Software​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​អនុស្សរណៈ​កាលពី​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៣​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​មជ្ឈមណ្ឌល​អន្តរជាតិ​បច្ចេកវិទ្យា​អវកាស​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ក្រោម​អាណាព្យាបាល​នៃ​អង្គការ​យូណេស្កូ​ស្តីពី​គម្រោង​សហប្រតិបត្តិ​ការប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​សម្រាប់​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​សៀមរាប​។​

​គម្រោង​នេះ​នឹង​ជួយ​ដល់​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ដូចជា ការគ្រប់គ្រង​ធនធានទឹក ការធ្វើផែនការ​អំពី​ការប្រើប្រាស់​ដីធ្លី និង​ការតាមដាន​ស្ថានភាព​ព្រៃឈើ​ជាដើម​។ លោក មាន់ ផានិត បុគ្គលិក​បច្ចេកទេស ដែល​ធ្លាប់បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​រៀបរាប់ថា បច្ចេកវិទ្យា​នេះ​អាច​ផ្តល់​រូបភាព​ច្បាស់ ពីលើ​អាកាស ស្តីពី​បច្ចុប្បន្នភាព​អង្គរ​ជាប្រចាំ​។ យើង​ដឹង​ជាមុន​អំពី​បញ្ហា​ទឹកជំនន់ ដែល​អាចជួយ​ឲ្យ​យើង​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ​បាន​។ ម្យ៉ាងទៀត យើង​ក៏​អាច​ដឹង​អំពី​បម្រែបម្រួល​ព្រៃឈើ ដែល​អាច​ឲ្យ​យើង​រិះរក​វិធីសាស្ត្រ​ឆ្លើយតប​ទាន់ពេល​ភ្លាមៗ​ផដែរ​៕

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​(Remote Sensing)​ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​(Remote Sensing)​ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​(Remote Sensing)​ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​