សារ​សម្តេច​តេ​ជោ ហ៊ុន សែន តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក អំពី​ការឈប់​ជក់បារី​

ភ្នំពេញ: ក្មួយៗ យុវជន យុវនារី​ជាទី​ស្រឡាញ់​! តាំងពី​ពេលមុន មកទល់​ពេលបច្ចុប្បន្ន មនុស្ស​មួយចំនួន​ធំនិយម​ជក់បារី​។ ដោយឡែក សម្រាប់​ប្រទេស​កម្ពុជា​យើង ក្រោយពី​ប្រទេស​បាន​ធ្លាក់​ក្នុង​សង្គ្រាម​នៅ​ឆ្នាំ ១៩៧០ យុវជន​នៅ​ទូទាំងប្រទេស​បានក្លាយ​ទៅជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម​ដែល​គ្មាន​ផ្លូវ​ទី ៣ សម្រាប់​ជ្រើសរើស ព្រោះ​ប្រទេស​បាន​បែង​ចែកជា​តំបន់​កាន់កាប់​ពីរ ម្ខាង​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ចេញពី​រដ្ឋប្រហារ​ដោយ​សេនាប្រមុខ លន់ នល់ និង​ម្ខាង​ទៀត​គ្រប់គ្រង​នៅ​តំបន់​រំដោះ ដែល​ដឹកនាំ​ដោយ សម្តេចព្រះ​នរោត្តម សីហនុ​។ គ្មាន​ផ្លូវ​ជ្រើស​រើ​សម្រាប់​អោយ​យុវជន​យើង​នៅ​ចន្លោះ​កណ្តាល​នោះទេ​។ ការតស៊ូ​តាម​ការអំពាវនាវ​រប​ស់ សម្តេចព្រះ​នរោត្តម សីហនុ គឺ​ខ្ញុំ​បានក្លាយ​ខ្លួន​ទៅជា​យុទ្ធជន​ម្នាក់​នៃ​កងទ័ព​តាំងពី​ថ្ងៃទី ៤ ខែ មេសា ១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​រ​បស់ លន់ នល់ នៅ​ថ្ងៃទី ១៨ មីនា ១៩៧០ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​
​ក្រោយពី​ចូល​កងទ័ព ខ្ញុំ​បានក្លាយ​ទៅជា​អ្នក​ជក់បារី ដោយ​ចាប់ផ្តើម​ពី​ការរៀន​ជក់ អាស្រ័យ​ដោយ​ការជក់​នៅពេលនោះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ការងារ កាត់បន្ថយ​មូស និង​សត្វល្អិត​ខាំ​។ ប៉ុន្តែ​ក្រោយមក​ការជក់​នេះ គឺ​ចាប់​ក្លាយទៅជា​ឆ្ងាញ់​ហើយ​ញៀន និង​បន្ត​មកទៀត ខ្ញុំ​បាន​ជក់​ដើម្បី​ការគិត​។ ខ្ញុំ​នៅចាំ​បាន​ថា​យុទ្ធជន​នៅ​អង្គភាព​ខ្ញុំ​ស្ទើរតែ ១០០% ដែល​ចេះ​ជក់បារី​។ ការ​ញៀន​បារី​របស់ខ្ញុំ​នេះ ទោះបី​ស្ថិតក្នុង​ស្ថានភាព​លំបាក​ក្នុង​ការរក​ថ្នាំជក់ គឺ​ខ្ញុំ​ស្វែងរក​ស្លឹក​ល្ហុង និង​ស្លឹកឈើ​ផ្សេងៗ មក​ជក់​ជំនួស​បារី​។​
 
​នៅក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មីនា ២០១៤ ខ្ញុំ​បាន​ព្យាយាម​ឈប់​ជក់បារី​ចំនួន ១២​លើក​។ ចំពោះ​រឿងរ៉ាវ​ដែល​ខ្ញុំ​ចងចាំ និង​គួរអោយ​ខ្មាសអៀន​ខ្លួនឯង គឺ​នៅពេល​អាពាហ៍ពិពាហ៍​កូនស្រី ខ្ញុំ​បាន​និយាយ​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ថា ប្រសិនបើ​ខ្ញុំ​មាន​ចៅ ខ្ញុំ​នឹង​ឈប់​ជក់បារី​។ ខ្ញុំ​និយាយ​ជា​ភាសា​ខ្មែរ​ផង និង​ភាសា​អង់គ្លេស​ផង ធ្វើអោយ​ភ្ញៀវ​ចូលរួម ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​។ ប៉ុន្តែ​ជាការ​គួរអោយ​សោកស្តាយ ដែល​ខ្ញុំ​មិនអាច​ធ្វើបាន​។ ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រី​របស់ខ្ញុំ​បានចាប់កំណើត​។ ការសន្យា​របស់ខ្ញុំ មិនអាច​អនុវត្ត​ទៅបាន​។ រហូតមកដល់​ខែ មីនា ឆ្នាំ ២០១៤ ទើប​ខ្ញុំ​ប្តេជ្ញា​បញ្ឈប់​ការជក់បារី ដែល​ការប្តេជ្ញា​នេះ​មិន​ត្រឹមតែ​បំពេញ​នូវ​ការសន្យា​ទេ ប៉ុន្តែ​គឺ​ដើម្បី​សុខភាព​ផ្ទាល់​របស់ខ្ញុំ របស់​ភរិយា​ខ្ញុំ របស់​កូនៗ និង​ចៅ​របស់ខ្ញុំ ហើយ​ដើម្បីអោយ​ស្របទៅនឹង​ចរន្ត​នៃ​ចលនា​របស់​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា ដែល​ទាមទារ​អោយ​កាត់បន្ថយ និង​ឈប់​ជក់បារី ដើម្បី​ធ្វើអោយ​កម្ពុជា​គ្មាន​ផ្សែង​បារី​។​
​ខ្ញុំ​មិនអាច​ណែនាំ ទៅកាន់​ប្រជាពលរដ្ឋ​អោយ​ឈប់​ជក់បារី​បានទេ ប្រសិនបើ​ខ្ញុំ​នៅតែ​បន្ត​ជក់​។ ព្រោះថា​បោសសំអាត​ផ្ទះ​ខ្លួនឯង​មិន​ស្អាត​ផង តើ​ទៅ​បោសសំអាត​ផ្ទះ​គេ​យ៉ាងណា​? ប្រិយមិត្ត​ដែល​លេង​ហ្វេ​ស​ប៊ុ​កបាន​ចូល​បានដាក់​សំណួរ​ថា (​តើ​វិធី​ឈប់​ជក់បារី​ធ្វើ​យ៉ាងម៉េច​?) ខ្ញុំ​បាន​ឆ្លើយតប​ទៅ​គាត់​វិញ​ថា គឺ​ការតាំង​ចិត្ត​ឈប់​ជក់ ព្រោះ​បទពិសោធន៍​របស់ខ្ញុំ គឺ​ខ្ញុំ​ដាក់​បារី​នៅ​គ្រប់​ទីកន្លែង​ធ្វើការ ទាំង​ក្នុង​ហោប៉ៅ​អាវ ក្នុង​ឡាន ទាំង​បារី​មែនទែន បារី​សិប្បនិម្មិត​(Electric Cigarette) ទាំង​ថ្នាំ​បៀម និង​ស្ករ​បៀម (gums)​។ ប៉ុន្តែ​ខ្ញុំ​មិន​ពាល់​វា​តែម្តង​។ គិតពី​ខែ មីនា ឆ្នាំ ២០១៤ មកទល់​ប​បច្ចុប្បន្ននេះ មាន​រយៈពេល ២២ ខែ​ហើយ​ដែល​ខ្ញុំ​បាន​ផ្តាច់​បារី​ចោល​បាន​ទាំងស្រុង​។ រយៈពេល ២២ ខែ​នេះ ខ្ញុំ​លែង​គេចចេញ​ពី​ចៅៗ ព្រោះ​ខ្លាច​ចៅ​ទទួលផល​ប៉ះពាល់​ដោយ​ផ្សែង​បារី ដែល​ពីមុន​ខ្ញុំ​តែងតែ​រត់ចេញ ឬ​ពន្លត់​បារី​ចោល​ភ្លាម​ពេល​ចៅៗ មកលេង​ម្តងៗ ឬ​ពេលដែល​ខ្ញុំ​ទៅ​មើល​ចៅ​។ ភរិយា​ខ្ញុំ​ក៏​លែង​ត្អូញត្អែរ​អំពី​ការ​ធុំក្លិន​បារី​នៅក្នុង​ផ្ទះ និង​ក្នុង​បន្ទប់​។​
 
​ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រី​របស់ខ្ញុំ​គ្រប់​អាយុ ១៦ ឆ្នាំ​។ កាដូ​ធំជាងគេ​សម្រាប់​នាង គឺ​ខ្ញុំ​បាន​បំពេញ​តាម​ការសន្យា​ដែលថា​ពេល​មាន​ចៅ​គឺ​ខ្ញុំ​ឈប់​ជក់បារី ។ ដោយយោង​ទៅលើ​បទ​ពិសា​ធន៍​ជា​យុវជន​ជំនាន់​មុន ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាជន ដែល​បាន និង​កំពុង​ជក់បារី សូមមេត្តា​ឈប់​ជក់បារី ។ ចំពោះ​យុវជន យុវនារី​ដែល​មិនទាន់​ចេះ​ជក់បារី សូមកុំ​រៀន​ជក់បារី វា​មិនមែន​គ្រាន់តែ​សន្សំ​ប្រាក់កាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​យើង​ម្នាក់ៗ របស់​ក្រុមគ្រួសារ​យើង របស់​មិត្តភក្តិ​ដែល​រួម​ប្រាស្រ័យ​ការងារ​ជាមួយ​យើង របស់​សហគមន៍​យើង និង​ដល់​បរិស្ថាន​ដែលជា​ផ្នែក​មួយ​នៃ​សុខភាព​សាធារណៈ​៕

សារ​សម្តេច​តេ​ជោ ហ៊ុន សែន តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក អំពី​ការឈប់​ជក់បារី​