ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនកាយរឹទ្ធ ជិត១ពាន់នាក់ នៅស្រុកកៀនស្វាយ

ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកាំកុងត្រូ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ពង្រឹងមូលដ្ឋាន ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន ដល់កាយរឹទ្ធជិត១ពាន់នាក់ នៅរមណីយដ្ឋានកៀនស្វាយក្រៅ ខេត្តកណ្តាល។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងក្រុមកាយរឹទ្ធមកពី អនុវិទ្យាល័យ និងវិទ្យាល័យទូទាំង ស្រុកកៀនស្វាយ។

លោក ម៉ៅ ភិរុណ បានផ្តាំផ្ញើទៅក្រុមយុវជន ដែលជាកាយរឹទ្ធនៅ ទូទាំងស្រុកថា ត្រូវធ្វើអំពើល្អ និងជាគំរូដ៏ល្អទៅអ្នកដទៃ ដើម្បីឲ្យគេអនុវត្តតាម ព្រោះក្រុមកាយរឹទ្ធ បានចូលរួមជួយផ្នែក មនុស្សធម៌ នៅក្នុងសង្គមយ៉ាងច្រើន ពិសេសបាន ជួយសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ទៅវិញទៅមករបស់ ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ដល់ អាណាព្យាបាលគ្រប់រូប ដែលបានបញ្ជូនកូនចៅរបស់ខ្លួន ឲ្យចូលរួមក្នុងកាយរីទ្ធ ដើម្បីជួយសង្គមជាតិ មួយកម្រិតថែមទៀត។

ចំណែកលោក ម៉ក់ ពេជ្ជរិទ្ធ បានមានប្រសាសន៍ថា លោកចូលរួមអបអរសាទរ ដល់ក្រុមកាយរឹទ្ធទាំងអស់  ហើយលោកក៏បានស្នើឲ្យកាយរឹទ្ធ ទាំងអស់ចូលរួមឲ្យបានខ្ជាប់ខ្ជួន នូវសីលធម៌ដើម្បីជាគំរូដល់អ្នកដទៃ។

លោកបន្តថា  ត្រូវធ្វើយ៉ាងណាជៀសឲ្យ ផុតចាក់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យ បំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយ៉ាងខ្លាំង ហើយកាយរឹទ្ធទាំងអស់ ត្រូវរួមគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកក៏ស្នើឲ្យក្រុមកាយរឹទ្ធ ត្រូវជួយអប់រំគ្នាទៅវិញទៅមក ជាពិសេសត្រូវផ្សព្វផ្សាយ ពីម្ហូបអាហារណាដែលមានសារធាតុពុល ទៅដល់ប្រជាពលរដ្ឋ និងអ្នកនៅជុំវិញខ្លួន ឲ្យបានជ្រាបច្បាប់អំពីអាហារទាំងនោះ។

ជាចុងបញ្ចប់ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានប្រគល់ថវិកា ១ម៉ឺនរៀល និងកន្សែងមួយដល់ក្រុមកាយរឹទ្ធ ជិត១ពាន់ផងដែរ៕

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនកាយរឹទ្ធ ជិត១ពាន់នាក់ នៅស្រុកកៀនស្វាយ

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនកាយរឹទ្ធ ជិត១ពាន់នាក់ នៅស្រុកកៀនស្វាយ

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនកាយរឹទ្ធ ជិត១ពាន់នាក់ នៅស្រុកកៀនស្វាយ