បទល្មើស​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ នៅតែ​បន្ត​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​

កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​ចំនួន​៦​នាក់​និង​គ្រឿងញៀន​៨២៧​កញ្ចប់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បង្ក្រាបបាន​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ខាងក្រោយ​អតីត​រោងចក្រ​តាក់​ហ្វា​ត ភូមិ​ព្រែក​តា​គង់ តាមផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​តា​គង់ សាទរ​យ៉ាងខ្លាំង​ព្រោះ​កន្លងមក​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ក្នុងនោះ​មាន​ស្រី​២​នាក់ និង​រឹបអូស​គ្រឿងញៀន​៨២៧​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២​គ្រឿង ម៉ូតូ​៥​គ្រឿង និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនធំ​ទៀត​។ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចាក់​អង​អង្រែ​លើ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាប្រចាំ ព្រោះ​គ្រឿងញៀន​បាន​នាំ​ឲ្យ​កើតមាន​បញ្ហា​អសន្តិសុខ​សង្គម ជាពិសេស​បទល្មើស​លួច​ឆក់​ប្លន់ និង​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​ផងដែរ​។

គួរ​រំលឹក​ដែរ​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​តាម​បណ្ដា​ខណ្ឌ​នានា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់​និង​រឹបអូស​គ្រឿងញៀន​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​ពុំមាន​ការថយចុះ​នោះទេ ផ្ទុយទៅវិញ​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ទាំង​នៅក្នុង​ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌ​ប្ញ​ស្សី​កែវ ខណ្ឌ​ជ្រោយចង្វា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដូនពេញ​ជាដើម​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អំពើចោរកម្ម និង​ល្បែងស៊ីសង ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​ប្រសើ​ឡើងវិញ​៕

100 96 98