ជនជាប់ចោទម្នាក់ ជាប់គុកជាង៣ឆ្នាំ ពុំទាន់ទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌

ភ្នំពេញ៖ ជនជាប់ចោទម្នាក់ក្នុងចំណោម៦នាក់ បាននិយាយនាពេលសវនាការនៅសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ថា រូបលោកជាប់ពន្ធនាគារជាង៣ឆ្នាំមកហើយ នៅពុំទាន់ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅឡើយទេ ។

ជនជាប់ចោទរូបនេះឈ្មោះ សឿម ដែននី ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រធានផ្នែក គ្រឿងចក្រក្រុមហ៊ុន International Green Energy ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកាប់ រាន ដី ព្រៃ ឈូស ឆាយ ដី ព្រៃ និង ហ៊ុមព័ទ្ធ ដី ព្រៃ ដែល ជា ទ្រព្យ សម្បត្តិ សាធារណៈ របស់ រដ្ឋ នៅ ក្នុង ខេត្ត បន្ទាយមានជ័យ កាល ពី អំឡុង ឆ្នាំ ២០១០ និង ២០១២ ។

លោក សឿម ដែននី ត្រូវបានអនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ពន្ធនាគារប៉េហ្ស៊ី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បញ្ជូនមកសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះបណ្តឹងសុំក្រៅឃុំបណ្តោះអាសន្ន ។

ក្នុងពេលសវនាការ លោក សឿម ដែននី បាននិយាយថា លោកត្រូវបានឃុំខ្លួនជាង៣ឆ្នាំមកហើយ នៅពុំទាន់ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅឡើយទេ ។  ជនជាប់ចោទ និយាយបន្ថែមថា សាលាដំបូងរាជធានីភ្នំពេញ ចេះតែពន្យារពេលនៃការបើកសវនាការជំនុំជម្រះ ជាច្រើនលើកច្រើនសារ ដែលជាហេតុធ្វើឲ្យរូបលោកត្រូវជាប់ពន្ធនាគារជាង៣ឆ្នាំ ដែលលោកបដិសេធថាពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។  លោកបានស្នើឲ្យសាលាឧទ្ធរណ៍ដោះលែងរូបលោកឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោលប្រមាណជាជិត១ម៉ោង អនុប្រធានសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំរបស់ជនជាប់ចោទ ដោយសំអាងថា ការស្នើសុំនេះខុសនឹងទម្រង់ច្បាប់ ៕

ជនជាប់ចោទម្នាក់ ជាប់គុកជាង៣ឆ្នាំ ពុំទាន់ទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌