ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​ «​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ និង​ការ​បំពេញបែបបទ​ដើម្បី​ដាក់​លិខិត​ប្រកាស ​និង​បង់ប្រាក់​ពន្ធ​» ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​លោ​ក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​និង​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​-​អនុប្រធាន​​ការិយាល័យ​ និង​មន្ត្រី​មួយ​ចំនួន​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧក​ញ៉ា លោក​ជំទាវ លោក លោកស្រី ជានា​យក ​ឬ​តំណាង​រោងចក្រ​ សហគ្រាស​ចំនួន​៣០០ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ។

ក្នុង​សិក្ខាសាលា​នេះ​ដែរ ​លោ​ក អេង រតនា បាន​មាន​ប្រា​សាសន៍​ថា ​សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ និង​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​គ្រប់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ ជា​ពិសេស​​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​កាន់តែ​​ស៊ី​ជម្រៅ​ថែម​ទៀត សំដៅ​ធ្វើ​យ៉ាង​​ណា​ឲ្យ​អ្នក​ជាប់ពន្ធ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​អនុវត្តច្បាប់​ ស្តី​ពី​សារពើពន្ធ​ និង​ចៀសវាង​បាន​នូវ​កំហុសឆ្គង ដោយ​ប្រការ​ណាមួយ​ដែល​អាច​នាំ​ទៅ​ដល់​ការ​ទទួល​រង​​​ការ​ផាកពិន័យ​ និង​ទោសទណ្ឌ​ផ្សេងៗ​​ពី​សំណាក់​រដ្ឋបាល​សារពើពន្ធ ។

សិក្ខាសាលា​ដ៏​សំខាន់​នេះ​នឹង​រួមចំណែក​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​​​តាម​រយៈសិក្ខាសាលា​នេះ សិក្ខាកាម​ចូលរួម​ទាំងអស់​​​ទទួល​បាន​​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ ស្តី​ពី​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ នីតិវិធី​នៃ​ការ​បំពេញ​លិខិត​ប្រកាស​បង់​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ ជា​ពិសេស​គឺ​ការ​បំពេញបែបបទ​ដើម្បី​ដាក់​លិខិត​ប្រកាស​ និង​បង់ពន្ធ​តាម​ប្រព័ន្ធ​ថ្មី ។

លោ​ក អេង រតនា បាន​សង្កត់ធ្ងន់​ថា ​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​​យ៉ាង​​មុតមាំ​ថា ធុរកិច្ច​ដែល​បាន​ចូលរួម​នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព​ និង​សង្គតិភាព​ខ្ពស់​ថែម​ទៀត ៕