រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​សាខា​ពន្ធដារ ខេត្តឧត្ដរមានជ័យ ថ្នាក់លើ​មិនទាន់​ចាត់វិធានការ​

មន្ត្រី​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្ត ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ជុំ សំ​និ​ត នៅតែ​បង្ហាញ​ភាព​ក្រអឺតក្រទម​យ៉ាងខ្លាំង ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​តាមច្បាប់​ផងដែរ​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ អំពាវនាវ​ឲ្យ​ថ្នាក់លើ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​តាមច្បាប់​មិនត្រូវ​លើកលែង​ជាដាច់ខាត​។

​ក្នុង​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ រយៈពេល​ជិត​២០​ឆ្នាំ​លោក ជុំ សំ​និ​ត ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយ​ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​មួយ​ក្ដាប់​តូច​។ ជាងនេះទៅទៀត​លោក ជុំ សំ​និ​ត កំពុង​បែកធ្លាយ​រឿងអាស្រូវ​ស៊ីដាច់​ប្រាក់​បិទ​ក្រុមហ៊ុន​របស់​ក្រុមហ៊ុន​មួយ ហើយ​តំណាង​ក្រុមហ៊ុន​នោះ​លាតត្រដាង​ជា​សាធារណៈ​។ ដូច្នេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ជុំ សំ​និ​ត ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​គ្មាន​រណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភពពី​មន្ត្រី​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ច្រើន​ឆ្នាំ​កន្លងទៅនេះ ចំណូល​ចំណាយ​របស់​មន្ទីរ​ពន្ធ​ដារ​ខេត្តឧត្ដរមានជ័យ មាន​ភាពមិនប្រក្រតី​យ៉ាងច្រើន ព្រោះ​លោក ជុំ សំ​និ​ត ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​កេងប្រវ័ញ្ច​ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​លុយ​បិទ​ក្រុមហ៊ុន​ក៏​លោក ជុំ សំ​និ​ត ហ៊ាន​លេប​ត្របាក់​ដែរ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ សុទ្ធតែ​បានដឹង​គ្រប់ៗ​គ្នា​ថា លោក ជុំ សំ​និ​ត ជា​មន្ត្រី​ពុករលួយ ហើយ​មន្ត្រី​សាលាខេត្ត​ឧត្ដរមានជ័យ ក៏​វិះ​គន់​ផងដែរ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​ជាបន្ទាន់ ព្រោះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ហាក់ដូចជា​មិន​អើពើ​ចាត់វិធានការ​លើ​មន្ត្រី​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​លោក ជុំ សំ​និ​ត នោះទេ​៕

Kong Vibol​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ