ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​របស់​ប្រធានាធិបតី​អីុ​រ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ មក​រា លើ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ច​កម្ម​ជា​ច្រើន​មាន​ទឹកប្រាក់​ដល់ទៅ​១៥​ពាន់​លាន​អឺ​រ៉ូ ។ សរុប​កុងត្រា​ដល់​ទៅ​៣០​ត្រូវ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​នោះ ។

ទាំងនោះ​ជា​កុងត្រា​ដែល​បណ្តា​សហគ្រាស​បារាំង​រង់ចាំ​បំផុត ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម​ទាក់ទិន​នឹង​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ព្រោះ​អីុរ៉​ង់​ជាទី​ផ្សារ​សំខាន់​មួយ ។ កុងត្រា​សំខាន់​ៗ​រួម​មាន ៖ អីុ​រ៉​ង់​ស្នើ​ទិញ​យន្តហោះ​ដល់​ទៅ​១១៨​គ្រឿង ក្នុង​នោះ​មាន​យន្តហោះ​យក្ស AIRBUS A380 ជា​កុងត្រា​មួយ​មាន​ទឹកប្រាក់​ដល់​ទៅ​២៥​ពាន់​លាន​ដុល្លារ បែងចែក​រវាង​បណ្តា​ម្ចាស់​ភាគហ៊ុន ដែល​រួម​មាន​រដ្ឋាភិបាល​បារាំង អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ ។

ចំណែក​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA PEUGEOT CITROEN មាន​បំណង​វិនិយោគ​ទឹកប្រាក់​រហូត​ដល់​ទៅ​៤០០​លាន​អឺ​រ៉ូ រយៈពេល​៥​ឆ្នាំ​ជាមួយ​សហគ្រាស​អីុរ៉​ង់ IRAN KHODRO ជា​ដៃគូ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ ។ ក្រុមហ៊ុន PSA មាន​ចេតនា​ផលិត​រថយន្ត​២០០.០០០​គ្រឿង ក្នុង​មួយ​ឆ្នាំ​នៅ​អីុ​រ៉​ង់ ។ សហគ្រាស​រកស៊ី​រួម​គ្នា​នោះ​ចាប់តាំងពី​ឆ្នាំ​នេះ​ទៅ​នឹង​ត្រួតពិនិត្យ​ផលិតកម្ម​រថយន្ត​បច្ចុប្បន្ន​ក្នុង​រោងចក្រ​មួយ​នា​ភាគ​ខាងលិច​ក្រុង​តេ​ហេ​រ៉​ង់ ។

ចំណែក​ក្រុមហ៊ុន​ប្រេង​បារាំង​តូ​តា​ល់​វិញ​នឹង​ទិញ​ពី​អីុ​រ៉​ង់​នូវ​ប្រេង​ឆៅ​រវាង​ពី​១៥០.០០០​ទៅ​២០០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ ។ នេះ​ជា​ការ​បញ្ជាក់​របស់​ប្រធាន​អគ្គនាយក​តូ​តា​ល់​លោក PATRICK POUYANNE ។ ក្រៅពី​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​តូ​តា​ល់​ពុំ​បដិសេធ​ឡើយ​នូវ​គម្រោង​ឯទៀត​ៗ​ក្នុង​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អុ​ី​រ៉​ង់ ដែល​ជា​ប្រទេស​សម្បូរ​ប្រេងកាត​ធំ​ទី​៤​លើ​ពិភពលោក ៕