ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ពួក​ប្រឆាំង​ស៊ី​រី​ដែល​រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​រី​យ៉ា​ដ​នឹង​មិន​ទៅ​កាន់​ទីក្រុង​ហ្សឺ​ណែវ​ឡើយ​នា​ថ្ងៃ​ទី​២៩ មក​រា ដើម្បី​ចាប់ផ្តើម​ដូច​ការ​គ្រោងទុក​នូវ​ការ​ចរចា​សន្តិភាព​ដោយ​ប្រយោល​ជាមួយ​របប​ក្រុង​ដា​ម៉ាស់ ហើយ​ទាមទារ​ថា បណ្តា​សំណើ​មនុស្សធម៌​របស់​ពួក​គេ​គួរ​បំពេញ​សិន មុន​ការ​ចរចា ។

ខណៈ​ដែល​គេ​កំពុង​សម្លឹង​ទៅ​កាន់​ទីក្រុង​រី​យ៉ា​ដ​ជា​កន្លែង​រួម​ប្រជុំ​របស់​ពួក​ប្រឆាំង​បេសកកម្ម អ​.​ស​.​ប សម្រាប់​ស៊ី​រី​បាន​បញ្ជូន​សារ​វី​ដេ​អូ​មួយ​ជូន​ចំពោះ​ប្រជាជន​ស៊ី​រី ដោយ​អះអាង​ថា ការ​ចរចា​នៅ​ប្រទេស​ស្វ៊ី​សនឹង​ពុំ​អាច​បរាជ័យ​ឡើយ ។ បេសកជន​រូប​នេះ លោក STAFFAN DE MISTURA បន្ត​ថា ពេល​នេះ​គេ​ត្រូវការ​ពួក​អ្នក​ឱ្យ​ព្រមព្រៀង​គ្នា​បញ្ជូន​គណៈប្រតិភូ​ទៅ​កាន់​សន្និសីទ​ក្រុង​ហ្សឺ​ណែវ ហើយ​ពួក​អ្នក​មិន​អាច​បណ្តោយ​ឱ្យ​ឱកាស​នេះ​ត្រូវ​បាត់បង់​ឡើយ ។ លើក​នេះ​ត្រូវ​តែ​ជា​ឱកាសល្អ ។

បន្ទាប់​ពី​នេះ​បន្តិច ពួក​ប្រឆាំង​ស៊ី​រី​ដែល​រួម​ប្រជុំ​គ្នា នៅ​រាជធានី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​ថា តំណាង​របស់​ពួក​គេ​នឹង​មិន​ទៅ​កាន់​ក្រុង​ហ្សឺ​ណែវ​ឡើយ នា​ថ្ងៃ​ទី​២៩ មក​រា ។ មេដឹកនាំ​ប្រឆាំង​ម្នាក់ លោក RIAD HIJAB និយាយ​ថា យើង​នឹង​ទៅ​កាន់​ក្រុង​ហ្សឺ​ណែវ​នា​ពេល​ក្រោយ ក៏​ប៉ុន្តែ​យើង​នឹង​មិន​ចូល​ក្នុង​បន្ទប់​ចរចា​ឡើយ ប្រសិនបើ​បណ្តា​សំណើ​មនុស្សធម៌​របស់​យើង​ពុំ​ត្រូវ​បាន​បំពេញ​ទេ​នោះ ។ ក្នុង​ចំណោម​សំណើ​ទាំងនេះ​រួម​មានការ​បញ្ឈប់​ទម្លាក់​គ្រាប់បែក ឬ​បាញ់​ផ្លោង​ដាក់​បណ្តា​តំបន់​ស៊ី​វិល និង​បើក​ច្រកចូល​ទៅ​កាន់​បណ្តា​តំបន់​ជន​ស៊ី​វិល ដែល​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​ជា​វិធានការ​ដែល​គ្រោង​ដោយ​ដំណោះស្រាយ​២.២៥៤​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ការ​ចរចា​សន្តិភាព​ស្តី​ពី​ស៊ី​រី​នៅ​តែ​បើក​ធ្វើ​នា​ថ្ងៃ​ទី​២៩ មក​រា នៅ​ក្រុង​ហ្សឺ​ណែវ ទោះ​អវត្តមាន​របស់​ពួក​ប្រឆាំង​ដែល​រួម​ប្រជុំ​គ្នា​នៅ​ក្រុង​រី​យ៉ា​ដ​ក៏​ដោយ ៕