បទពិសោធន៍នារីម្នាក់ ៖ ”បើសិនជាខ្ញុំត្រៀម ខ្លួនរួចរាល់ ចំពោះការរួមភេទ ខ្ញុំនឹងប្រាប់ សង្សារខ្ញុំ ឲ្យប្រើស្រោម អនាម័យ”

បទពិសោធន៍នារីម្នាក់ ៖ ”បើសិនជាខ្ញុំត្រៀម ខ្លួនរួចរាល់ ចំពោះការរួមភេទ ខ្ញុំនឹងប្រាប់ សង្សារខ្ញុំ ឲ្យប្រើស្រោម អនាម័យ”

ពេលដែលខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំកំពុងរៀនថ្នាក់ទី ១១ នៅឡើយទេ ហើយខ្ញុំបានណាត់ជួប ជាមួយនឹងមិត្តប្រុសរបស់ខ្ញុំ ដែលជាមនុស្សគួរឲ្យស្រឡាញ់ ហើយខ្ញុំ ក៏ចង់ឲ្យគេស្រឡាញ់ខ្ញុំវិញខ្លាំងផងដែរ។ គេមានអាយុ ១៩ ឆ្នាំ។

ថ្ងៃមួយនោះ យើងបានណាត់ជួបគ្នានៅត្រើយម្ខាង នៅខ្ចុះដែលបិទបាំងជិតឈឹង។ យើងចាប់ផ្តើមថើបគ្នា ប៉ះពាល់គ្នា ហើយក៏ដោះខោអាវចេញ មុននឹងរួមភេទ។ ពេលនោះ ខ្ញុំពិតជាមិនសូវដឹងថា វាជាអ្វីឲ្យពិតប្រាកដនោះទេ ហើយក៏មិនចង់ធ្វើវាដែរ ពីព្រោះវាដូចជាប្លែកៗ ប៉ុន្តែ ដោយសារស្រឡាញ់សង្សារម្នាក់នោះពេក ខ្ញុំក៏ព្រមតាមគេ។ បន្ទាប់ពីនោះ ខ្ញុំក៏យំ រុញគេចេញ ហើយយំទារទៅផ្ទះ។

១ ខែក្រោយមក ខ្ញុំក៏មានផ្ទៃពោះ ហើយក៏យកកូនចេញ ពីព្រោះតែគេ មិនទទួលខុសត្រូវ ហើយយើងក៏បែកគ្នារហូតមកដល់ពេលនេះ។ ហើយខ្ញុំលឺថា គេឥឡូវនេះ កំពុងផ្ទុកមេរោគអេដស៍ទៀតផង តែខ្ញុំ មិនទាន់ហ៊ានទៅពិនិត្យមើលនោះទេ។

អ្វីដែលខ្ញុំចង់ណែនាំ ក្មេងៗជំនាន់ក្រោយនេះ គឺថា កុំឆាប់ប្រឡូកក្នុងសេចក្តីស្នេហា ហើយប្រសិនបើជាជ្រុលមានស្នេហា ទោះយ៉ាងណា ត្រូវចេះការពារខ្លួន និងចេះនិយាយបដិសេធ ចំពោះដៃគូរបស់អ្នក ប្រសិនបើអ្នក មិនទាន់ត្រៀមខ្លួនរួចរាល់ទេ សម្រាប់ការរួមភេទ។

”បើសិនជាខ្ញុំត្រៀមខ្លួនរួចរាល់ ចំពោះការរួមភេទ ខ្ញុំនឹងប្រាប់សង្សារខ្ញុំ ឲ្យប្រើស្រោមអនាម័យហើយ”។

ការរួមភេទ មិនមែនជារឿងងាយស្រួល ដូចការញ៉ាំបាយនោះទេ គឺថា អ្នកនឹងត្រូវប្រឈមមុខច្រើន ជាមួយនឹងបញ្ហានានារាប់មិនអស់ ពិសេស ការរួមភេទ មុនពេលរៀបការ ជាមួយនឹងសង្សាររបស់ខ្លួន។ យ៉ាងណាក្តី បើអ្នកទ្រាំមិនបាន ឬមិនអាចប្រកែកបាន អ្នកត្រូវចេះការពារខ្លួន ពីជំងឺឆ្លង និងការមានផ្ទៃពោះ៕

ប្រភព៖ www.health.com.kh