ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖  មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន និង​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា​ដែល​ត្រូវ​បាន​គណៈកម្មការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​នា​ថ្ងៃ​សៅរ៍​ទី​៣០ មក​រា នេះ​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ដែល​និយម​តាមដាន​ការប្រដាល់ ។ អ្នកខ្លះ​ថែម​ទាំង​ចោទ​ជា​សំណួរ​ថា តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​ទៅ​រួច​អត់បើកីឡាករ​ថៃ​ដែល​មក​ប្រកួត​លើក​នេះ​ត្រូវ​គេ​អះអាង​ថា សុទ្ធតែ​ជា​ជើង​ខ្លាំង​បែប​នេះ​។

មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ជួប​ប្រកួត​ក្នុង​ប្រភេទទម្ងន់​៦៧​គីឡូក្រាម​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ដា​គី ស​វី​រ៉ា​ក់​វណ្ណ ។ មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​៩៤​ដង ឈ្នះ​៦៦​ដង ចាញ់​២២​ដង ស្មើ​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។ ចំណែក​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង ។ សម្រាប់​គូ​នេះ បើ​ទោះ​ជា​មាន​ប្រវត្តិ​ប្រកួត​ខុស​គ្នា​បន្តិច​មែន ប៉ុន្តែ​មិន​ទាន់​ដឹង​ថា អ្នកមាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ពិតជា​អ្នក​ឈ្នះ​អ្នកមាន​ប្រវត្តិ​ប្រកួត​តិច​ជាង​ខ្លួន​នោះ​ទេ ។ ម្យ៉ាងវិញទៀត កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​កាន់តែ​ចង់​ដឹង​ពី​ថ្វីដៃ​ប្រកួត​របស់​គេ​ថែម​ទៀត ។ ចាំ​មើល មឿ​ន សុខ​ហ៊ុ​ច អាច​ទប់ទល់​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​បាន​ដោយ​របៀប​ណា ? បើ​មួយ​រយៈ​មកនេះ មឿ​ន សុខ​ហ៊ុ​ច មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​បែប​នេះនោះ ។

ចំណែក​កីឡាករ ផា​ន់ គ្រាន់ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នុម​ធីប ស​.​រុង​រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៤៦​ដង ឈ្នះ​៣៦​ដង ចាញ់​៦​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង​។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦០​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង​។ ទោះបី ផា​ន់ គ្រាន់ មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ជិត​ពាក់កណ្ដាល តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ​ព្រោះ​អ្នក​ប្រដាល់​មក​ពី​ក្លិប​គជសារ​កីឡា​ម្នាក់​នេះ​មាន​ភាព​ស្ទាត់ជំនាញ​បំផុត​ក្នុង​ការ​ប្រើ​ស្នៀត​កណ្ដាប់ដៃ ។ មិនតែប៉ុណ្ណោះ ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​ក៏​រហ័សរហួន​ហើយ​ខ្លាំង​ទៀត​ផង ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទេ ។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​កីឡាករ ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​កីឡាករ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ៕