ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា បាន​លេច​ចេញ​ជា​រូបរាង​ហើយ​បន្ទាប់​ពី​បាន​ជ្រក​ក្រោម​ដំបូល​តែ​មួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​តាម​រយៈ​ការ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​២០១១-២០១៥ និង​បន្ត​អាណត្តិ​២០១៦-២០២០​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ មហាសន្និបាត​នេះ​បានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក កែវ រ៉េ​មី រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​លោក​Hong Chol​ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ខាងជើង ។

សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា ក្រៅពី​បាន​ធ្វើ​របាយការណ៍​បូក​សរុប​ការងារ​អាណត្តិ​ចាស់ និង​ទិស​ដៅ​សម្រាប់​អាណត្តិ​ថ្មី ក៏​បាន​ប្រកាស​សមាសភាព​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី សម្រាប់​ឆ្នាំ​២០១៦-២០២០​ជា​បន្ត​ទៀត​។ ចំណែក​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​ដែល​ត្រូវ​បាន​ជ្រើសតាំង​មាន​លោក អ៊ុ​ក រី ជា​ប្រធាន​និង​អនុប្រធាន​ចំនួន​៣​រូប​ទៀត មាន​លោក អ៊ូ រតនា​,​លោក ហ៊ឹ​ម រី​ដា និង​លោក​ខូ​វ ឆាយ ។ ចំណែក​លោក បួន ហ៊ីង​សុធី​យ៉ា ជា​អគ្គលេខាធិការ លោក កៅ មក​រា អគ្គលេខាធិការ​រង និង​លោក ប៉ា​ល់ ជីវ័ន អគ្គ​ហិ​រញ្ញឹក ។ ក្រៅពី​នោះ​មាន​សមាជិក​៤​រូប​ទៀត​គឺ លោក ស៊ឹ​ម សាន​ត្រាណ​, លោក ឯម សុធា​រ័​ត្ន​, លោក ជិន សុ​គ​ន្ធី និង​លោក ជា ច័ន្ទ​ឡា ។

លោក កែវ រ៉េ​មី មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​យុវជន​ខ្មែរ​យើង​ចេះ​ស្រឡាញ់​កីឡា ជា​ពិសេស​កីឡា​តេ​ក្វា​ន់​ដូ​ITF ដែល​ជា​ប្រភេទ​កីឡា​ពេញ​និយម​បំផុត​នៅ​សហរដ្ឋអាមេរិក ។ តាម​ពិត​រូប​លោក​ក៏​ជា​អតីត​កីឡាករ​តេ​ក្វា​ន់​ដូ​១​រូប​ដែរ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ថ្វី​ដ្បិតតែ​រូប​លោក​រវល់​នឹង​ការងារ​នយោបាយ​តែ​លោក​នៅ​តែ​គិតគូរ​និង​រួមចំណែក​លើក​ស្ទួយ​កីឡា​តេ​ក្វា​ន់​ដូ​ឱ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត​។ ម្យ៉ាងវិញទៀត ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ​កាន់តែ​រីក​ចម្រើន​ឆាប់រហ័ស​នោះ យើង​ត្រូវ​នាំ​គ្នា​បង្កើត​កម្មវិធី​ប្រកួត និង​សកម្មភាព​ផ្សេង​ៗ​ឱ្យ​បាន​ច្រើន​ទើប​ធ្វើ​ឱ្យ​តេ​ក្វា​ន់​ដូ​ITF​មានឱកាស​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ ៕