តើ​ជា​ខ្មោច​ ឬ​មិនមែន បើក​ឡាន​​បុក​គោ បែរជា​រលាយ​បាត់​វិញ?


តើ​ជា​ខ្មោច​ ឬ​មិនមែន បើក​ឡាន​​បុក​គោ បែរជា​រលាយ​បាត់​វិញ?

“ខ្ញុំ​និយាយ​ទៅ​ព្រឺ​សម្បុរ​តែ​ម្ដង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ជួប​ខ្មោច​ឬ​ភ្នែក​ខ្ញុំ​ស្រវាំង​ទេ? ព្រោះ​អី​ពេល​ខ្ញុំ​ឃើញ​ហ្វូង​គោ​ចៃ​ដន្យ ​ខ្ញុំ​សម្រេច​ចិត្ត​បើក​បុក​តែ​ទីបំផុត​អត់​មាន​អីសោះ! នរណា​មិន​ព្រឺ​ពេញ​មួយ​ឡាន​ហ្មង!”។ នេះ​ជា​បទពិសោធន៍​មួយ​របស់​ លោក តុង ដែល​បាន​បើក​ឡាន​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ខណៈ​កំពុង​បើក​ឡាន​សុខ​ៗ​ស្រាប់​តែ​ឃើញ​គោ​មួយ​ហ្វូង​នៅ​តាម​ផ្លូវ​ ហើយ​ក៏​សម្រេច​ចិត្ត​បើក​បុក​តែ​មួយ​រំពេច​ស្រាប់​តែ​គោ​ទាំង​នោះ​បាត់​អស់​រលីង។

 
តើ​ជា​ខ្មោច​ ឬ​មិនមែន បើក​ឡាន​​បុក​គោ បែរជា​រលាយ​បាត់​វិញ?

រូបភាព​បរទេស

 
ទ្រនិច​នាឡិកា​​ចង្អុល​ម៉ោង ប្រមាណ​ជា ១២ យប់ តុង បាន​បើក​ឡាន​ចេញ​ពី​កន្លែង​ញាំ​ការ​មិត្តភ័ក្ដិ​ ដែល​នៅ​ម្ដុំ​ផ្លូវ​បត់​ទៅ​កោះកុង ហើយ​បើក​មក​ដល់​ជិត​កំពង់​ស្ពឺ ស្រាប់​តែ​ប្រទះ​ឃើញ​ហ្វូង​គោ ដោយ​សារ​តែ​រថយន្ត​បើក​ដល់​ល្បឿន​ ១០០គីឡូម៉ែត្រ​ក្នុង​១ម៉ោង​ហើយ​ហ្វូង​គោ​នោះ​នៅ​ចម្ងាយ​មិន​ដល់​ ១០ ម៉ែត្រ​ផង គ្រាន់​តែ​បន្ថយ​ល្បឿន​ តុង​ ក៏​សម្រេច​ចិត្ត​បើក​បុក​ ព្រោះ​ខ្លាច​ចាប់​ហ្រ្វាំង​លឿន​ពេក​អាច​បណ្ដាល​ឲ្យ​ក្រឡាប់​ឡាន។ ប៉ុន្ដែ នៅ​ពេល​បើក​បុក​ចំ​ហ្វូង​គោ​នោះ ស្រាប់​តែ​អ្វី​ៗ​មិន​មាន​រឿង​កើត​ឡើង​ទេ គឺ​ឡាន​នៅ​ទៅ​មុខ​ធម្មតា ហើយ​អ្នក​ជិះ​ឡាន​ជាមួយ​នាំ​គ្នា​ស្រែក​គ្រប់​គ្នាៗ ហើយ​ក្រឡេក​មើល​ក្រោយ​គឺ​គ្មាន​ហ្វូង​គោ​សោះ។

 

“បង​អើយ​! ម៉ាឡាន​នាំ​គ្នា​ស្រែក​ស្ទើរ​បែក​ត្រជាក់​ហើយ​ ព្រោះ​ឃើញ​ហ្វូង​គោ​នោះ​ច្បាស់​ណាស់​ តែ​ទី​បំផុត​អ្វី​ៗ​អត់​មាន​ ក្នុង​ឡាន​មាន​គ្នា ៤ នាក់ ព្រឺ​សម្បុរ​ទាំង​អស់​ហ្មង!”។ តុង​ និយាយ​ប្រាប់ Sabay។

 

តុង និយាយ​បន្ថែមថា៖ “ម្នាក់ៗ​លើក​ដៃ​បួង​សួង​សុំ​សេចក្ដី​សុខ​ ហើយ​បន់​ថា បើ​មាន​ខុស​ឆ្គង​អី​កុំ​ប្រកែ​ប្រកាន់​កូន​ចៅ ព្រោះ​ថា​ពេល​ត្រឡប់​មក​ពី​ញាំ​ការ​គេ​វិញ នៅ​ក្នុង​ឡាន​នាំ​គ្នា​និយាយ​រឿង​ខ្មោច​ ហើយ​ស្រាប់​តែ​ឃើញ​អញ្ចឹង​មិន​ដឹង​ថា​ អ្នក​តា ឬ ខ្មោច​គេ​ចង់​សាក​យើង​ក៏​មិន​ដឹង​ ដូច្នេះ បន់​ស្រន់​គ្រប់​ ទាំង​យាយ​ម៉ៅ និង អ្នក​តា​ទាំង​អស់ កុំ​ឲ្យ​ប្រកាន់​កូន​ចៅ”។
 

តែ​ទោះ​យ៉ាង​ណា​ តុង នៅ​មិន​ទាន់​ច្បាស់​ថា នៅ​លើ​លោក​នេះ មាន​ខ្មោច​ឬ​មួយ​ក៏​អត់​ទេ? ប៉ុន្ដែ រូបភាព​មួយ​នោះ តុង​ ប្រាប់​ថា៖ “ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​បង ខ្ញុំ​ច្បាស់​ថា ជា​ហ្វូង​គោ តែ​អ្នក​បើក​ឡាន​ជើង​ចាស់​ប្រាប់​ថា បើ​មាន​ឧបសគ្គ​នៅ​មុខ​បន្ទាន់​កុំ​ជាន់​ហ្វ្រាំង​ខ្លាំង​ពេក​អាច​ក្រឡាប់​ឡាន​ គឺ​កាន់​ចង្កូត​ឲ្យ​ជាប់​បើក​បុក​តែ​ម្ដង​ទៅ ខ្ញុំ​តែ​ប៉ុណ្ណោះ តែ​ពេល​បោល​បុក មាន​ឯ​ណា អត់​មាន​អី​កើត​ឡើង​សោះ!”៕

 

តើ​ប្រិយមិត្ត​ជឿ​រឿង​ខ្មោច​ទេ? 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា