មន្ត្រី​គយ​ពុករលួយ​ធ្វើ​ឲ្យ​កំណែ​ក​ទម្រង់​ស្ថាប័នគយ​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​

កំណែទម្រង់​ពន្ធគយរ​បស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវគេ​សង្កេតឃើញថា​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ដ្ឋា​ភិ​បាល​នៅតែ​ដាក់​ឲ្យ​មន្ត្រី​ពុករលួយ​បំពេញការងារ​ដដែល​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រិះគន់ថា មន្ត្រី​គយ​ពុករលួយ​មួយចំនួនធំ​ត្រូវបាន​គេ​ដាក់​ឲ្យ​បម្រើ​ការងារ​ដដែល គឺ​ពួកគេ​ទាំងនោះ​ហើយ​ដែលមាន​រឿងអាស្រូវ​ពុករលួយ​កាលពីពេល​កន្លងមក តែ​គ្មាន​ការដក​មុខដំណែង ឬ​ចាត់វិធានការ​ផ្លូវច្បាប់​នោះទេ គឺ​គ្រាន់តែ​ដូរ​កន្លែងធ្វើការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ដែលជា​ការផ្តល់​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​។​

លោក ខៀវ សំអាន លោក ទិ​ត្យ ដា​រ៉ូ លោក វ៉ូ វណ្ណា និង​លោក ថោង សុខាំ​ភូ ជាដើម​សុទ្ធសឹង​ជាម​ន្ត្រី​ធ្លាប់មាន​រឿងអាស្រូវ​ពុករលួយ និង​មានការ​រិះគន់​ពី​មន្ត្រីក្រោមឱវាទ​របស់​ពួកគេ និង​ក្រុម​ឈ្មួញ តែ​ពួកគេ​នៅតែ​ធ្វើជា​មន្ត្រី​គយ​ដដែល​។ ក្រុម​ឈ្មួញ​បាន​លើកឡើងថា អំពើពុករលួយ​នឹង​នៅតែ​កើតមាន​ដរាបណា​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន មិនចៀរ​សាច់​ស្អុយ​ចេញ​នោះ ព្រោះ​មន្ត្រី​ពុករលួយ​ទៅដល់​ទីណា​ទីនោះ​នឹងមាន​អំពើពុករលួយ​មិន​ខាន ខណៈ​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​គ្មាន​ប្រសិទ្ធភាព ហើយ​អំពើពុករលួយ​ត្រូវបាន​ឃុ​ប​ឃិ​ប​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ខិលខូច​។​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហើប​ថា តាំងពី​លោក អូន ព័ន្ធមុន្នីរ័ត្ន ចូលមក​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ហា​អំពើពុករលួយ​នៅក្នុង​ជួរ​មន្ត្រី​គយ​នៅតែ​កើតមាន​ដដែល ហើយ​ករណីខ្លះ​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។ ទន្ទឹមនឹងនេះ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏​រង​ការចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ផងដែរ ព្រោះ​មន្ត្រី​គយ​មួយចំនួន​បាន​បង្ហើប​ថា គ្មាន​មន្ត្រី​គយ​ណាមួយ​ចូលទៅ​កាន់​មុខតំណែង​ល្អៗ​ដោយ​មិន​ឆ្លងកាត់​ការសហការ​ល្អ​ពី​សំណាក់​លោក គុណ ញឹម នោះឡើយ​ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​ពួកគេ​ខិតខំ​ស្តារ​ដើម​ឡើងវិញ​។​

​ជុំវិញ​កំណែទម្រង់​ពន្ធគយ​រប​ស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ស្តារ​ប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ​នេះ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏មាន​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងច្រើន​ស្អេកស្កះ​ផងដែរ ព្រោះ​ពួកគេ​មួយ​ចំ​នួ​យ​តូច​មានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយក៏​គ្មាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​មន្ត្រីរាជការ​នោះដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​កម្ពុជា​គ្មាន​ច្បាប់​រឹងមាំ ហើយ​អំណាច​ប្រមូលផ្តុំ​នៅលើ​មនុស្ស​តែ​ម្នាក់ ឬ​បុគ្គល​មួយក្រុម​តូច នោះ​ការកែទម្រង់​អ្វី​ក៏​គ្មាន​ប្រសិទ្ធភាព និង​និរន្តរភាព​ផងដែរ​៕

12