លោក​ថេ​ន សេន សម្រេចបាន​ច្បាប់​ការពារ​អតីត​ប្រធានាធិបតី​មុន​ផុត​អាណត្តិ​

 
​នៅ​ទីបំផុត សភា​សហភាព​មី​យ៉ាន់​ម៉ា បានអនុម័ត​ច្បាប់​ការពារ​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​នៅ​កិច្ចប្រជុំ​ចុងក្រោយ​របស់ខ្លួន​មុនពេល​ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែមករា​។ ច្បាប់​នេះ​នឹង​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​អតីត​ប្រធានាធិបតី ចំពោះ​សកម្មភាព​នានា​ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​កាន់អំណាច​។
 
​នៅ​ថ្ងៃទី​២៨ ខែមករា ម្សិលមិញ សភា​មី​យ៉ាន់​ម៉ា បានអនុម័ត​លើ​សំណើ​ច្បាប់​មួយ ដែល​ការពារ​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ដែល​ផ្តួចផ្ដើម​ដោយ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​របស់ខ្លួន​។ ច្បាប់​នេះ នឹង​ផ្ដល់​ការការពារ​ដល់​ប្រធានាធិបតី​ដែល​ចប់​អាណត្តិ ពី​ការចោទប្រកាន់​នានា​ចំពោះ​សកម្មភាព​ក្នុងពេល​កាន់អំណាច​។ មួយវិញទៀត សំណើ​ច្បាប់ នេះ​បានចែង​ពី​គោលដៅ​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៃ​ប្រមុខ​រដ្ឋាភិបាល​នៅពេល​ចូលនិវត្តន៍​ផងដែរ​។​

​បើតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy មុនពេល​នៃ​ការឈាន​មកដល់​ការអនុម័ត​សំណើ​ច្បាប់​នេះ សមាជិកសភា​មី​យ៉ាន់​ម៉ា​ទាំងពីរ​ជាន់ បាន​ខ្វែងគំនិត​គ្នា​លើ​បញ្ហា ចម្រូងចម្រាស​មួយចំនួន​។ ក្នុងនោះ ក្រុម​សមាជិកសភា​យោធា បាន​ប្រឆាំងនឹង​ការកែប្រែ​ចំណុច​ដែល​ចែងថា សន្តិសុខ​ប្រធានាធិបតី​ត្រូវ​ចាត់តាំង​ដោយ​ក្រសួងមហាផ្ទៃ ខណៈ​សំណើ​ដើម​បាន​ចែងថា ត្រូវ​ចាត់តាំង​ដោយ​ក្រសួងមហាផ្ទៃ​ឬ​ក្រសួងការពារជាតិ​។   

​យ៉ាងណាមិញ ក្រុម​សង្គម​ស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា ច្បាប់​នេះ​គួរតែមាន​តម្លាភាព​។ លោក Aung Thein ប្រធាន​បណ្ដាញ​មេធាវី​មី​យ៉ាន់​ម៉ា​និយាយថា ថ្វីបើ​សភា​មាន​សិទ្ធិ​អនុម័ត​ច្បាប់​នេះ​ក៏ដោយ តែ​ក៏ត្រូវ​សួរនាំ​សាធារណមតិ​ដែរ​។ លោក​បន្ថែមទៀតថា «​សកម្មភាព​របស់​ប្រធានាធិបតី​គឺ​សម្រាប់​ផលប្រយោជន៍​ប្រជាជន​។ ហើយ​បើ​វា​មិនមែន​សម្រាប់​ប្រជាជន តែ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​វិញ​នោះ ប្រធានាធិបតី​មិនគួរ​ត្រូវបាន​លើកលែងទោស​នោះទេ​»​។ 

​សំណើ​ច្បាប់​នោះ ក៏បាន​ចែង​ដែរ​ថា ប្រធានាធិបតី​នឹង​ទទួលបាន​អភ័យឯកសិទ្ធិ​ពី​ការចោទប្រកាន់​ចំពោះ​សកម្មភាព​ដែល​ធ្វើតាម​ច្បាប់​ក្នុងពេល​កាន់អំណាច​។ ចំណុច​នេះ​ក៏​ទទួល​ការរិះគន់​ផងដែរ​។ លោក Pe Than សមាជិក​ម្នាក់​នៃ​សភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា​លើកឡើងថា វា​នៅតែ​មិនទាន់​ច្បាស់​ទេ​ថា នរណា​ជា​អ្នក​កំណត់ថា​ប្រធានាធិបតី​ធ្វើ​អ្វី​តាមច្បាប់​ឬ​អត់ ហើយ​កំណត់ដោយ​របៀប​ណា​។  

​សូមបញ្ជាក់​ផង​ថា លោក​ប្រធានាធិបតី ថេ​ន សេន បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១១ ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​កែទម្រង់​ពីរ​បប​យោធា​មកា​ន់​របប​ប្រជាធិបតេយ្យ​។ អាណត្តិ​របស់លោក នឹង​បញ្ចប់​នៅ​ខែ​មិនា​ខាងមុខ ដោយ​នឹងត្រូវ​ជំនួស​ដោយ​រដ្ឋាភិបាល បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​