ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​សេត​វិមាន​ថា ប្រធានាធិបតី​អា​​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​២៨ មក​រា បាន​ផ្តល់​ការ​ណែនាំ​ដល់​បណ្តា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ឱ្យ​ផ្តោត​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ដើម្បី​វាតទី​តាំងនៅ​លី​ប៊ី និង​ក្នុង​ប្រទេស​ឯទៀត​ៗ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឆ្លៀតឱកាស​នៃ​ភាព​ច្របូកច្របល់​នៅ​លី​ប៊ី ដណ្តើម​ត្រួតត្រា​ទីក្រុង SYRTE លី​ប៊ី​នៅ​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​ពួក​ជី​ហា​ដ​បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​ចាប់ពី​ដើមឆ្នាំ​នេះ​មក ប្រឆាំង​បណ្តា​ទីតាំង​ប្រេងកាត​នៅ​ក្រុង RAS LANOUF និង ES-SIDER ។

ក្នុង​សេចក្តី​ប្រកាស​មួយ សេត​វិមាន​ថ្លែង​ថា ប្រធានាធិបតី​បាន​ស្នើ​ដល់​បណ្តា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឱ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅ​លី​ប៊ី និង​ក្នុង​ប្រទេស​ឯទៀត​ៗ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុនប៉ង​បោះទីតាំង ។

កាលពី​ថ្ងៃ​ទី​២៨ មក​រា រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER ក៏​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែរ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បោះជំរំ​ហ្វឹកហ្វឺន​នានា​នៅ​លី​ប៊ី ហើយ​ទទួល​ពួក​យុទ្ធ​ជនបរទេស​នៅ​ទីនោះ​ដូចដែល​គេ​ធ្លាប់​ធ្វើ​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕