ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា នៅ​​ក្នុង​ផ្សារ​ខេត្តព្រៃ​វែង និង​ខេត្តបន្ទាយ​មាន​ជ័យ មាន​ករណី​ស្ករត្នោត​​ដាក់​សារធាតុ​គីមី​​មកនោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​កំពុង​​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​​សុវត្ថិភាព​សុខភាព ដោយ​ម្នាក់​ៗ
​​ស្ទើរ​តែ​​មិន​ហ៊ាន​ទិញ​ស្ករ​ត្នោត​​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​ឡើយ ព្រោះ​​​ស្ករ​ទាំងនោះ​ ត្រូវ​​ឈ្មួញ​នាំ​ចូល​មក​ពី​ខេត្ត​នានា​ ក្នុង​ប្រទេស​កម្ពុជា ។

​ជាក់ស្តែង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៩ ​មករា ​២០១៦ ​​នេះ ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​​បាន​ខ្សឹបខ្សៀវ​​គ្នា​ថា មាន​​ព័ត៌មាន​​ផ្សាយ​​តាម​​កាសែត និង​​ទូរទស្សន៍​ថា ខេត្ត​ផ្សេ​ង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ស្ករត្នោត​ដាក់​សារធាតុ​គីមី ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបរាង​កាយ ។ ដូ​ច្នេះ​ ពួក​គាត់​ម្នាក់​ៗ ​ក៏​មានការ​ភ័យ​ព្រួយ​បារម្ភ​ផង​ដែរ បើ​ទោះបីជា​មន្ត្រី​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ជា​ញឹកញាប់​ទៅ​លើ​ទំនិញ​តាម​តូប និង​តាម​ផ្សារ​​ក៏​ដោយ ។ តែ​​គេ​មិនសូវ​ឃើ​ញ​ពិនិត្យ​ទៅ​លើ​ស្ករ.ស ស្ករ​ក្រាម​(​ត្នោត​) ឬ​ម្ហូបអាហារ​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត ​មិន​​សូ​ម្បី​តែ​ត្រី សាច់​មាន់ ជង្គង់​មាន់ ប្រហិត ដែល​គេ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀត​ណាម ​ក៏​ពួក​គាត់​សង្ស័យ​ថា មាន​សារ​ធាតុ​គីមី​​​​ផង​ដែរ ។