ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​សម្រាប់​​រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី១ មក​រា ដល់​ថ្ងៃ​ទី​៣១​ ធ្នូ ឆ្នាំ​២០១៥​ កន្លង​មកនេះ មាន​បាតុកម្ម ឬ​ការ​តវ៉ា​នានា​ចំនួន​៤៤៣​លើក ចំនួន​នេះ​កើនឡើង​១​​លើក​ ​បើ​​ធៀប​​ឆ្នាំ២០១៤​ កន្លង​ទៅ ។

​របាយ​ការ​ណ៍របស់​សាលា​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អាន​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ពិធី​បើក​សន្និបាតបូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិស​ដៅ​ការងារ​​សម្រាប់​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មក​រា ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ ​​ក្រោម​អធិបតីភាព ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱ​វាទ​​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​កុះករ ។

របាយ​ការ​ណ៏​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​បាតុកម្ម ឬ​ការ​តវ៉ា​នានា​ដែល​មាន​ចំនួន​៤៤៣​លើក​នេះ មានការ​តវ៉ា​របស់​កម្មករ​តាម​រោងចក្រ​​​ចំនួន​២២២​លើកលើ​២៤៤​លើក អង្គការ​សង្គម​ស៊ី​វិល សហ​ព័​ន្ធសហជីព សមាគម​នានា​ចំនួន​៤៤​លើកលើ​៤៤​លើក ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​១១០​លើក​លើ​៨៧​លើក និង​គណ​បក្ស​​នយោបាយ​មាន​ចំនួន​៦៧​លើកលើ​៤៧​លើក​ ។​

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ថា ​ទាក់ទិនទៅ​នឹង​បាតុកម្ម ឬ​ការ​តវ៉ា​នានា​នោះ ភាគច្រើន​ជា​ការ​សម្តែង​ឆន្ទៈ និង​ទាមទារ​បញ្ហា​ជម្លោះដីធ្លី ​សិទ្ធិ​លំនៅ​​ឋាន​ បញ្ឈប់​ការ​ចាប់ខ្លួន​សកម្មជន​ដីធ្លី បញ្ហា​ព្រំដែន សុំ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​​​ច្បាប់​ស្តី​ពី​ការងារ​ជាដើម ៕​