ភរិយា​អ្នក​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​អធិការ​ស្រុក​ស្វាយអន្ទរ​នៅ​តែ​ទាមទារ​យុត្តិធម៌

ក្រុម​គ្រួសារ​អ្នក​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​អធិការ​ស្រុក​ស្វាយអន្ទរ ក្នុង​ព្រឹត្តិការណ៍​ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់ កំពុង​ដង្ហោយ​រក​យុត្តិធម៌ ខណៈ​ស្ថានភាព​គ្រួសារ​កាន់តែ​ដុនដាប។ ទាក់ទិន​បញ្ហា​នេះ តុលាការ​ខេត្ត​ព្រៃវែង សន្យា​ថា នឹង​ពន្លឿន​នីតិវិធី។

សំណុំរឿង​អធិការ​ស្រុក​ស្វាយអន្ទរ បាន​បាញ់​ពលរដ្ឋ​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ និង​កូន ៤​នាក់ ខណៈ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​នោះ មាន​រយៈពេល​ជិត ១​ខែ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អះអាង​ថា នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​តាម​រយៈ​ការ​ផ្ដល់​សំណង​នោះ​ទេ។

​កំពុង​ឈរ​បី​កូន ភរិយា​ជនរងគ្រោះ គឺ​អ្នកស្រី ជឹម ម៉េន ខំ​ប្រឹង​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា គ្រួសារ​អ្នកស្រី​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ក្រោយ​បាត់បង់​ប្ដី ដូចជា​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​ផ្លូវចិត្ត ហើយ​កូន​ស្រី​ច្បង ក៏​បង្ខំចិត្ត​បោះបង់​ការ​សិក្សា៖ «គាត់​តែងតែ​សន្យា​ថា មិន​អោយ​ខ្ញុំ​ពិបាក​ទេ រស់​នៅ​យ៉ាង​ស្រួល​ចិញ្ចឹម​ប្រពន្ធ​កូន ហើយ​ឥឡូវ​គាត់​ស្លាប់​ទៅ ពិបាក​ណាស់ កូន​នៅ​តូចៗ​ទាំង​អស់»

​អ្នកស្រី​ទទូច​ឲ្យ​តុលាការ​ខេត្ត​ព្រៃវែង ពន្លឿន​នីតិវិធី​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ចំនួន ១៤.៥០០​ដុល្លារ ដើម្បី​ចាត់ចែង​សង​ធនាគារ​វិញ​ដែល​បាន​ខ្ចី​ធ្វើ​បុណ្យ​ឲ្យ​ប្ដី និង​ទុក​ចិញ្ចឹម​ម្ដាយ​ចាស់​មាន​ជំងឺ​ប្រចាំ​កាយ និង​កូន ៤​នាក់ ដែល​មាន​អាយុ​ចាប់​ពី ៦​ខែ ដល់ ១៤​ឆ្នាំ៖ «សូម​អោយ​តុលាការ​កោះ​ហៅ​រឿង​សំណង​ជំងឺ​ចិត្ត ហើយ​រឿង​ជនល្មើស​ស្រេច​លើ​ច្បាប់​ចាត់​វិធានការ​យ៉ាង​ណា​ខ្ញុំ​មិន​ដឹង​ទេ។ តែ​ខ្ញុំ​ចង់​បាន​តែ​សំណង​ទេ​ដើម្បី​ចិញ្ចឹម​កូន»

​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា គ្រាប់​កាំភ្លើង​របស់​អធិការ​នគរបាល​ស្រុក​ស្វាយអន្ទរ លោក ពុំ កាន់ បាន​ទម្លុះ​ក្បាល​បុរស​វ័យ ៣៧​ឆ្នាំ​ឈ្មោះ កិ អ៊ីម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ភូមិ​តងឡងទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយអន្ទរ ក្នុង​ហេតុការណ៍​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់​មាន់។

​អ្នកស្រី ជឹម ម៉េន រំឭក​ឡើង​វិញ​ថា លោក​អធិការ ពុំ កាន់ មាន​ចេតនា​បាញ់​សម្លាប់​ប្តី​លោកស្រី​តែម្ដង ដោយ​គាត់​បាន​ទាញ​កាំភ្លើង​បាញ់​តម្រង់​រក​ប្ដី​លោកស្រី​ប្រហែល​ជា ២​ម៉ែត្រ​ពី​គ្នា ខណៈ​ប្ដី​អ្នកស្រី​កំពុង​ឈរ​បី​កូន​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ក្បែរ​កន្លែង​ជល់​មាន់​នោះ៖ «ប្ដី​ខ្ញុំ​មិន​ទៅ​មើល​គេ​បញ្ជល់​មាន់​ហ្នុង​ទេ នៅ​ក្នុង​ដី​ខ្ញុំ។ គេ​បញ្ជល់​មាន់​នៅ​ខាង​ជើង​ផ្ទះ​ខ្ញុំ។ អធិការ​ហ្នឹង​មក​ដល់​ស្លៀកពាក់​ស៊ីវិល។ អ្នក​បញ្ជល់​ក្រឡេក​មើល​លើ​ថា លោក​អធិការ ក៏​នាំគ្នា​រត់​ព្រូ​ចេញ​ទៅ។ ចំណែក​ប្ដី​ខ្ញុំ​មាន​ដឹង​ណា គាត់​នៅ​លួង​កូន​នៅ​ដី​ខ្ញុំ​ឯ​ណេះ។ (អធិការ) យក​កាំភ្លើង​មក​បាញ់​សំដៅ​ប្ដី​ខ្ញុំ​តែម្ដង។ អត់​មាន​បាញ់​បង្ហើរ ២ ៣ គ្រាប់​ទេ មក​ដល់​បាញ់​ប្ដី​ខ្ញុំ​មួយ​គ្រាប់​ហ្នឹង បាញ់​សម្លាប់​តែម្ដង។ ពេល​គាត់​ដួល​ទៅ កូន​ខ្ញុំ​ធ្លាក់​ពី​ដៃ​ទៅ​ឡើង​ក្រឡិតក្រឡាញ​មុខ វា​ត្រូវ​នឹង​ឫស្សី​នៅ​មុខ​ផ្ទះ»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា លោក ពុំ កាន់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ចូល​ពន្ធនាគារ។

ប្រពន្ធ ជន​រង​គ្រោះ កិ អ៊ីម ស្វាយអន្ទរ ៨៥៥ ២០១៦
ភរិយា​អ្នក​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​អធិការ​ស្រុក​ស្វាយអន្ទរ លោកស្រី ជឹម ម៉េន និង​កូន​របស់​ខ្លួន​នៅ​ភូមិ​តងឡងទី៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយអន្ទរ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya

​ស្ត្រី​អ្នក​ជិត​ខាង​ម្នាក់​សម្ដែង​ការ​សោកស្ដាយ​ដែល​អធិការ​ស្រុក​រូប​នោះ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​លោក កិ អ៊ីម ជា​មនុស្ស​ស្លូតត្រង់ មិន​មែន​ជា​អ្នក​លេង​ល្បែង ហើយ​បណ្ដាល​គ្រួសារ​មួយ​នេះ ជួប​ការ​លំបាក បាត់​អ្នក​ទី​ពឹង​ត​ទៅ​ទៀត៖ «កាល​ពី​ប្ដី​វា​នៅ មិន​អោយ​ពិបាក​ទេ គ្រួសារ​នេះ​រស់​នៅ​សុខ​ស្រួល​ណាស់។ អត់​ពី​ប្ដី​ពិបាក​និយាយ​លែង​ចេញ​ហើយ ព្រោះ​មនុស្ស​ស្រី​ជើង​ខ្លី មិន​អាច​ទៅ​ណា​ឆ្ងាយ​រក​លុយ​អី​ទេ ណា​មួយ​កូន​តូចៗ»

​មាន​វ័យ ១៤​ឆ្នាំ កូនស្រី​ជន​រងគ្រោះ បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា ដើម្បី​ជួយ​ធ្វើការ​ជំនួស​ដៃ​ជើង​ម្ដាយ និង​ជី​ដូន​ចាស់ ក្រោយ​ពេល​ឪពុក​ស្លាប់​ទៅ៖ «នៅ​ជួយ​មើល​ប្អូន និង​ម្ដាយ ហើយ​ម្យ៉ាង​ទៀត ពេល​អត់​ពី​ពុក​ទៅ រៀន​ក៏​មិន​ចូល​ដែរ ពិបាក​ណាស់»

​មេ​ភូមិ​តងឡងទី៣ លោក សួង សុត មាន​ប្រសាសន៍​ថា ល្បែង​ជល់​មាន់​នោះ មិន​មែន​លេង​រាល់​ថ្ងៃ និង​ធំដុំ​នោះ​ទេ ដូច្នេះ​អធិការ​រូប​នោះ មិន​គួរ​ប្រើប្រាស់​កាំភ្លើង​ចុះ​បង្ក្រាប​ឡើយ។ លោក​មេ​ភូមិ​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ពន្លឿន​នីតិវិធី ដើម្បី​ជួយ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត៖ «សូម​អោយ​អង្គការ និង​តុលាការ ចាត់​ការ​តាម​នីតិវិធី ជួយ​គ្រួសារ​នេះ​ផង ព្រោះ​គ្នា​លំបាក​គ្មាន​ទី​ពឹង​ទេ»

​ទាក់​ទិន​បញ្ហា​នេះ ប្រធាន​សាលាដំបូង​ខេត្ត​ព្រៃវែង លោក សុខ កល្យាណ មាន​ប្រសាសន៍​ថា សំណុំរឿង​ក្តី​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើប​អង្កេត មិន​ទាន់​អាច​បើក​សវនាការ​ជំនុំជម្រះ​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏ដោយ​ចុះ តុលាការ​នឹង​ពន្លឿន​នីតិវិធី៖ «តុលាការ​ត្រូវ​តែ​ពន្លឿន​នីតិវិធី ដោយ​ឈរ​លើ​គោលការណ៍​ឆាប់​រហ័ស និង​យុត្តិធម៌ ប៉ុន្តែ​វា​មិន​អាច​លឿន​ដូច​ដែល​យើង​ចង់​បាន​ដែរ ពីព្រោះ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត គឺ ៣ ទៅ ៤​ខែ​ដែរ យ៉ាង​លឿន​បំផុត​ហើយ»

​លោក សុខ កល្យាណ បញ្ជាក់​ដែរ​ថា តុលាការ​អាច​សម្រុះសម្រួល​សំណង​នេះ​បាន​លឿន លុះ​ត្រា​តែ​បើ​ភាគ​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​សំណង​ក្នុង​ចំនួន​ណា​មួយ​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី។

​កន្លង​មក​ភាគី​គ្រួសារ​របស់​អធិការ​ស្រុក​ស្វាយអន្ទរ ក៏​ធ្លាប់​ហៅ​ឲ្យ​ភរិយា​ជនរងគ្រោះ​ទៅ​យក​សំណង​ចំនួន ១៤.៥០០​ដុល្លារ​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​បដិសេធ​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សាកសួរ​គ្រួសារ​ជន​ជាប់​ចោទ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ស្វាគមន៍​ជំហរ​ម៉ឺងម៉ាត់​របស់​តុលាការ ប៉ុន្តែ​នៅ​តែ​ជំរុញ​ឲ្យ​តុលាការ​បន្ថែម​ល្បឿន​សវនាការ ដោយសារ​ករណី​នេះ​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រើ​អំណាច​ហួសហេតុ និង​រំលោភ​សិទ្ធិ​មនុស្ស៖ «ការ​ប្រើ​អាវុធ​នោះ គឺ​មាន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ដែរ អ៊ីចឹង​ក្នុង​នាម​គាត់​ជា​អធិការ គាត់​យល់​ច្បាស់។ នៅ​ពេល​ដែល​គាត់​យក​មក​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​សាមញ្ញ ​គឺ​ជា​គំរូ​អាក្រក់​ដល់​មន្ត្រី​រាជការ​ផ្សេងៗ​ទៀត»

​មន្ត្រី​សមាគម​អាដហុក ក៏​ចង់​ឲ្យ​តុលាការ​ចោទ​ប្រកាន់​អធិការ​នោះ​តាម​មាត្រា ២០៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែរ ដែល​ចែង​ថា បទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ កាល​បើ​អំពើ​នេះ​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។