សុំ​បែក​ព្រោះ​តែ​បេះ​ដូង​នេះ​អស់​ក្ដី​ស្រឡាញ់​ហើយ

សុំ​បែក​ព្រោះ​តែ​បេះ​ដូង​នេះ​អស់​ក្ដី​ស្រឡាញ់​ហើយ

​មាន​អ្នក​ខ្លះ​គេ​ថា​ បើ​​សុខ​ៗ អត់​មាន​រឿង​កើត​ឡើង​សោះ​ស្រាប់​តែ​សុំ​គេ​បែក​ ម្នាក់​ដែល​សុំ​បែក​នោះ​ប្រាកដ​ជា​មាន​ថ្មី​មិន​ខាន។ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ជឿ​ថា​ជួន​កាល​​ការ​បែក​គ្នា​ គឺ​មក​ពី​អស់​អារម្មណ៍​ស្រឡាញ់​ មិន​មែន​មក​ពី​មាន​អ្នក​ថ្មី​ទេ។

 

ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ ដែល​ខ្ញុំ​ហ៊ាន​ហៅ​ខ្លួន​ឯង​ថា​មិន​ស្អាត​​ហើយ​ក៏​មិន​​អាក្រក់​ដែរ គឺ​ចុះ​ចំណោម​គេ។ នៅ​ថ្នាក់​ទី ១២ ខ្ញុំ​ក៏​ចេះ​មាន​សង្សារ​ គេ​នោះ​រៀន​ថ្នាក់​ជាមួយ​គ្នា។ ដំបូង​ឡើយ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង​ណាស់ តែ​គេ​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត។ ព្រោះ​ពេល​ទាក់​ទង​គ្នា គេ​ឧស្សាហ៍​តេ​មក​ខ្ញុំ​ សួរ​ថា ញ៉ាំ​បាយ​ឬ​នៅ? កំពុង​ធ្វើ​អី? ជា​ពិសេស​ទាក់​ទង​នឹង​រឿង​រៀន ព្រោះ​គេ​ខ្លាច​ខ្ញុំ​ភ្លេច​ធ្វើ​លំហាត់​ណា​មួយ​ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ។ លំហាត់​ណា​ដែល​ខ្ញុំ​មិន​ចេះ​គេ​តែង​ពន្យល់​ខ្ញុំ មិន​អញ្ចឹង​ទេ​គេ​ Skype មក​ពន្យល់​តែ​ម្ដង។ ពេល​ដែល​ខ្ញុំ​ឈឺ​ គេ​សួរ​នាំ​ យក​ចិត្ត​ទុក​ដាក់​ និយាយ​ទៅ​ចង់​ខ្លាំង​ជាង​ប៉ា​ម៉ាក់​ខ្ញុំ​ទៀត។ ហើយ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​គេ​បំផុត​នោះ​គឺ​គេ​ឱ្យ​តម្លៃ​ខ្ញុំ​ គោរព​សិទ្ធិ​របស់​ខ្ញុំ​ មិន​ដែល​កេង​ចំណេញ​លើ​ខ្ញុំ​ឡើយ​ទោះ​ជា​ទៅ​ណា​តែ​ពីរ​នាក់​ក៏​ដោយ។

 

តែ​យូរ​ៗ​ទៅ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា គេ​ល្អ​ពេក ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​​ទង្វើ​យក​ចិត្ត​ទុក​ដាក់​របស់​គេ។ ពេល​គេ​តេ​មក​ខ្ញុំ​មិន​ចង់​លើក​ឡើយ ទោះ​ទំនេរ​ក៏​ដោយ ពេល​គេ​chat ខ្ញុំ​មិន​ចង់​Reply ពេល​គេ​សួរ​នាំ​ខ្ញុំ​មិន​ចង់​ឆ្លើយ។ ជាពិសេស​ខ្ញុំ​ធុញ​ទ្រាន់​នឹង​កែវ​ភ្នែក​មួយ​គូ​របស់​គេ​ ដែល​តែង​តែ​សម្លឹង​មក​ខ្ញុំ ព្រោះ​គេ​តែង​តែ​មើល​មុខ​ខ្ញុំ​បន្តិច​សិន​មុន​នឹង​ចាប់​ផ្ដើម​ កត់​មេរៀន។ គេ​បបួល​ខ្ញុំ​ទៅ​ណា​ក៏​ខ្ញុំ​មិន​ចង់​ទៅ​ដែរ គឺ​ចង់​នៅ​ឆ្ងាយ​ពី​គេ មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ទេ ទើប​មួយ​ខែ​ក្រោយ​ខ្ញុំ​បាន​សុំ​បែក​គ្នា​ជាមួយ​គេ ទាំង​ដែល​ខ្ញុំ​គ្មាន​ហេតុផល​សមស្រប​ណាមួយ​ផ្ដល់​ឱ្យ​គេ​ឡើយ។ ថ្ងៃ​នោះ​គេ​យំ​ហើយ​សុំ​ទោស​ខ្ញុំ​ដោយ​ប្រាប់​ថា បើ​គេ​ធ្វើ​ខុស​លើក​លែង​ទោស​ឱ្យ​គេ​ផង! ខ្ញុំ​គ្រវី​ក្បាល​ ហើយ​ប្រាប់​ថា​គេ​មិន​បាន​ខុស​អ្វី​ទេ អ្នក​ខុស​គឺ​ខ្ញុំ​ដែល​សុខ​ៗ​គ្មាន​រឿង​អី​សោះ​សុំ​គេ​បែក។ គេ​នៅ​តែ​តាម​ជានា​ ជាមួយ​ខ្ញុំ​រយៈ​ពេល​មួយ​អាទិត្យ​ តែ​ខ្ញុំ​នៅ​តែ​មិន​ព្រម​ទើប​គេ​ឆ្លើយ​អូខេ​ថា សុខ​ចិត្ត​ធ្វើ​ជា​មិត្ត​។

 

 

សុំ​បែក​ព្រោះ​តែ​បេះ​ដូង​នេះ​អស់​ក្ដី​ស្រឡាញ់​ហើយ

(រូបតំណាង)

 

បែក​គេ​ភ្លាម​ៗ​ខ្ញុំ​ខូច​ចិត្ត​ជា​ខ្លាំង​មិន​មែន​ព្រោះ​តែ​ស្រឡាញ់​គេ គឺ​ព្រោះ​តែ​អាណិត​គេ​ដែល​គេ​ខូច​ចិត្ត​ព្រោះ​តែ​ខ្ញុំ។ ខ្ញុំ​ជា​ស្នេហ៍​ទី​មួយ​របស់​គេ ហើយ​គេ​ក៏​ជា​ស្នេហ៍​ទី​មួយ​របស់​ខ្ញុំ​ដែរ។

 

តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​មិន​ដែល​ ទាក់​ទង​ប្រុស​ណា​ទៀត​ទេ​។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​នឹង​គេ​​ប្រែក្លាយ​អារម្មណ៍​ខ្លួន​ឯង​ពី​ស្នេហា​ទៅ​ជា​មិត្ត​វិញ។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ជីវិត​ម្នាក់​ឯង​របស់​ខ្ញុំ​ម្ដង​ទៀត ដោយ​មាន​តែ​មិត្ត​សំឡាញ់​របស់​ខ្ញុំ​ ៥ នាក់​ប៉ុណ្ណោះ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ crush ជា​ច្រើន​នាក់ ជួប​អ្នក​ណា​ក៏​ខ្ញុំ​crush ដែរ។ Crush ម្នាក់​ជា​មិត្ត​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា គេ​នោះ​រៀន​ពូកែ ឧស្សាហ៍​chat មក​ខ្ញុំ​ សួរ​សុខ​ទុក​ខ្ញុំ រាល់​ថ្ងៃ​ដូច​អ្នកចាស់​ដែរ ប៉ុន្តែ​គេ​មិន​ដែល​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ទេ តែ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គេ​ប្រៀប​ដូច​ជា​សង្សារ​នឹង​គ្នា​អញ្ចឹង។

 

មិន​ដល់​មួយ​អាទិត្យ​ផង crush ឆាត​មក​ខ្ញុំ​​រាល់​ថ្ងៃ​ខ្ញុំ​ចាប់​ផ្ដើម​ធុញ​ មិន​ចង់ Reply ឡើយ។ ទោះ​ដឹង​ថា​ខ្ញុំ​មិន​ចង់​ Reply តែ​ crush នៅ​តែ​ឆាត​មក​ តែ​ខ្ញុំ​តប​វិញ​ខ្លីៗ។

នៅ​មាន​ crush ខ្ញុំ​ម្នាក់​ទៀត​បាន​ឆាត​មក​ដែរ គេ​នោះ​សារភាព​ស្នេហ៍​ចំៗ​តែ​ម្ដង។ មុន​ពេល​គេ​សារភាព​ខ្ញុំ​គិត​ថា​ខ្ញុំ​ខ្លួន​ឯង ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​ហើយ តែ​ដល់​ពេល​គេ​សារភាព​ខ្ញុំ​ក៏​ប្រកែក​ ដោយ​ប្រាប់​ថា​ខ្ញុំ​មិន​ទាន់​ចង់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ទេ។ គេ​ក៏​មិន​ថា​អី​ហើយ​ក៏​មិន​សូវ​រំខាន​ខ្ញុំ​ដែរ។

 

ខ្ញុំ​ក៏​មិន​យល់​ដែរ​ថា​ខ្លួន​ឯង​វា​យ៉ាង​ម៉េច? តើ​នេះ​ជា​ចរិត​ឬ​ក៏​ជា​ជំងឺ? ពេល​ឃើញ​គេ​មាន​សង្សារ​ ខ្ញុំ​ចង់​បាន​សង្សារ​ដែរ តែ​ដល់​ពេល​គេ​សារភាព​ស្នេហ៍​ ខ្ញុំ​បែរ​ជា​បដិសេធ​ទាំង​ដែល​ខ្លួន​ឯង​ក៏​បាន​ crush លើ​គេ​ដែរ។

 

មក​ពី​ខ្ញុំ​នឹក​អ្នក​ចាស់​ទេ​ដឹង? អត់ទេ! ខ្ញុំ​ឃើញ​គេ​ឧស្សាហ៍ comment លេង​ជាមួយ​ស្រី​ម្នាក់​​ដូច​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ណាស់។ ខ្ញុំ​គ្មាន​អារម្មណ៍​ប្រចណ្ឌ ឬ ចង់​ត្រឡប់​ក្រោយ​អ្វី​ទាំង​អស់ ប៉ុន្តែ​ឱ្យ​តែ​នឹក​ឃើញ​ទឹក​មុខ​ឈឺ​ចាប់​របស់​គេ​ពេល​នោះ​ខ្ញុំ អាណិត​គេ។ ខ្ញុំ​មិន​ចង់​ឱ្យ​មនុស្ស​ប្រុស​ផ្សេង​ទៀត​មក​ឈឺ​ចាប់​ដោយ​សារ​ខ្ញុំ​ដូច​ជា​គេ​នោះ​ទេ បើ​អារម្មណ៍​ខ្ញុំ​ប្រែប្រួល​មិន​ទៀង​អញ្ចឹង! ពេល​ខ្លះ​ខ្ញុំ​ទៅ​ជា​ចង់​បួស​ទៅ​វិញ​ក៏​មាន មាន​អារម្មណ៍​ថា​ខ្លាច​ ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​ស្រឡាញ់​ខ្ញុំ​។

 

តែ​​សូម​បញ្ជាក់​ថា​ ខ្ញុំ​មិន​ដែល​ឈឺ​ចាប់​​ដោយ​សារ​ស្នេហា​​ម្ដង​ណា​ឡើយ! តែ​ចំពោះ​រឿង​សុខ​ៗ​ស្រាប់​តែ​អស់​អារម្មណ៍​ស្រឡាញ់​គេ​ខ្ញុំ​ពិត​ជា​មិន​ដឹង​មែន។ ចុង​ក្រោយ​ខ្ញុំ គ្មាន​អ្វី​ត្រូវ​បក​ស្រាយ​ច្រើន​ទៀត​ទេ មាន​តែ​សុំទោស អ្នក​ចាស់​ដែល​ខ្ញុំ​ធ្វើ​ឱ្យ​ឈឺ​ចាប់​ ហើយ​ក៏​ជូន​ពរ​គេ​ឱ្យ​ឆាប់​មាន​នារី​ថ្មី​ដែល​ល្អ​ជាង​ខ្ញុំ ហើយ​នឹង​ចេះ​ថែរក្សា​គេ​ឱ្យ​ល្អ​​ កុំ​ឱ្យ​ដូច​ខ្ញុំ៕

 

ចុចអាន៖ ពី​មិត្ត​ក្លាយ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ក្លាយ​ជា​…

អត្ថបទ៖ CyIm​​​

មាន​រឿងរ៉ាវ​ចង់ចែករំលែក សូមផ្ញើមកាន់ e-mail: [email protected]

[email protected]សព្ទមក​កាន់​លេខ ០១០ ៧០០ ៧២៧