តម្លៃ​ប្រេង​ឆៅ​ងើប​វិញ ក្រោយ​រុស្ស៊ី​ប្រកាស​ប្រជុំ​ជាមួយ​សមាជិក OPEC

​តម្លៃ​ប្រេង​ឆៅ​ចាប់ផ្តើម​ឡើងថ្លៃ​វិញ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ក្រោយពេល​រុស្ស៊ី​ប្រកាសថា​ខ្លួន​ត្រៀម​កោះ​បណ្តា​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញមក​ប្រជុំ​ដើម្បី​ជជែក​រឿង​ប្រេង​ធ្លាក់​ថ្លៃ​។ រុស្ស៊ី​រងគ្រោះ​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​លោកខាងលិច ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​ក៏​ពឹង​លើ​ការនាំចេញ​ប្រេង​ឆៅ​ដែរ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​ចាប់ផ្តើម​ងើបឡើង​វិញ​ហើយ​គិត​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទី ២៨ មករា​ម្សិលមិញ​នេះ​។ ការឡើង​ថ្លៃ​វិញ​នៃ​ប្រេង​ឆៅ​នេះ​កើតឡើង​ក្រោយ​ពេលដែល​រុស្ស៊ី​បាន​ប្រាប់ថា​ខ្លួន​ត្រៀម​ជួបប្រជុំ​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP តម្លៃ​ប្រេង​ទីផ្សារ​អាមេរិក និង​អង់គ្លេស ជាដើម​កើនឡើង​ដល់​ប្រហែល ៣៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​បន្ត​ងើប​បន្តិច​ម្តងៗ​ចាប់ពី​ដើម​សប្តាហ៍​នេះ​។

​មុន​តម្លៃ​ប្រេង​ចាប់ផ្តើម​ងើប​វិញ រដ្ឋមន្ត្រីក្រសួង​ថាមពល​រុស្ស៊ី​លោក Alexander Novak បាន​អះអាងថា ភាគី​រុស្ស៊ី​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​អន្តរាគមន៍​និង​ជួប​ជាមួយ​បណ្តា​ប្រទេស​សមាជិក​នាំ​ប្រេង​ចេញ ដើម្បី​ឈានទៅ​ដាក់ចេញ​ដំណោះស្រាយ​មួយ​ផង​។ រុស្ស៊ី​ថា អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រាប់​ខ្លួន​ថា ការដាក់ចេញ​ដំណោះស្រាយ​ដោយ​តម្រូវ​ឲ្យ​ប្រទេស​នាំ​ប្រេង​ចេញ​បន្ថយ​ការផលិត​ដល់ ៥​ភាគរយ​ផង​។​សំណើ ចង់​ឲ្យ​បណ្តា​ប្រទេស​ផលិត​ប្រេង​កាត់បន្ថយ​ការផលិត​ដល់ ៥​ភាគរយ អាចនឹងទទួល​បានកា​រ​គាំទ្រ​ពី​ប្រទេស​មួយចំនួន​ដែរ​ប្រឈម​វិបត្តិ​ព្រោះតែ​ប្រេង​ធ្លាក់​ថ្លៃ​នេះ​។

​កន្លងមក​ប្រទេស​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ និង​ជា​ប្រទេស​ផលិត​ប្រេង​ច្រើនជាងគេ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បដិសេធ​កាត់បន្ថយ​ការផលិត​ប្រេង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ដែល​វា​ជា​មូលហេតុ​បណ្តាល​ឲ្យ​ប្រេង​ធ្លាក់​ថ្លៃ​រហូតដល់​ជិត ២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ឯណោះ​។  អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ឯង ផលិត ១០ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ដែល​ស្មើនឹង​២០ ភាគរយ​នៃ​ប្រេង​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ទាំងមូល​។​

​អា​រ៉ា​ប៊ី​សា​អូឌីត  ប្រឹង​ផលិត​ប្រេង​ថែម​និង​បដិសេធ​កាត់បន្ថយ ដើម្បី​ប្រជែង​កាន់កាប់​ទីផ្សារ ក្រោយពេល​អ៊ីរ៉ង់​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​ទីផ្សារ​ប្រេង​វិញ​ដែរនោះ ក្រោយ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កន្លង​អស់​ច្រើន​ខែ​កន្លងមកនេះ​។ 

​តាមពិតទៅ តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​កា្ល​យ​ជា​បញ្ហា​ធំ​សម្រាប់​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​នៅ​អាមេរិក​ឡាទីន ដូចជា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជាដើម ហើយ​រុស្ស៊ី​នេះ​ក៏​រងគ្រោះ​ខ្លាំង​ដូចគ្នា​។ វេណ​ហ្ស៊ុ​យ​អេ​ឡា​ប្រឈម​ការ​រង្គោះរង្គើ​សេដ្ឋកិច្ច ហើយ​ត្រូវ​រត់​ខ្ចីបុល​គេឯង​ដើម្បី​ដោះស្រាយ​វិបត្តិ​។ នេះ​ក៏ដោយ​សារ​សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹងផ្អែក​ស្ទើ​តែ​ទាំងស្រុង​លើ​ការនាំ​ប្រេង​ចេញ​។ ចំណែក​រុស្ស៊ី​វិញ ក្រៅពី​រង​ទណ្ឌកម្ម​លោកខាងលិច​ក្រោយ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ប្រទេស​នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​តម្លៃ​ប្រេង​ធ្លាក់ចុះ​ហួស​ពី​ការ​ស្មាន​រយៈពេល​ចុងក្រោយ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​