ក្រសួងសុខាភិបាល ជូនដំណឹងពីរបៀប បង្ការការឆ្លង វីរុសហ្ស៊ីកា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានជូនសេចក្តីប្រកាស ដល់សាធារណៈជន ឲ្យដឹង អំពីរបៀបបង្ការជំងឺ ឆ្លងបណ្តាលមកពី វីរុសហ្ស៊ីកា (Zika Virus) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ។

ជំងឺហ្ស៊ីកា គឺជាវីរុសមួយប្រភេទ បានចូលរួមចំណែកបង្កក្តីបារម្ភ របស់អង្គការសុខភាព ពិភពលោក ហើយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានជូនដំណឹងដើម្បីឲ្យ ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ។ ជំងឺនេះដែរ វាមានលក្ខណៈដូចទៅ នឹងជំងឺគ្រុនឈាម ដោយមានអាការៈ គ្រុនក្តៅ ឈឺក្បាល មានកន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ ជាដើម។ ភាគច្រើនជំងឺនេះ វាជាសះស្បើយឡើងវិញ ក្នុងអំឡុង២ទៅ៧ថ្ងៃ និងមានអត្រាកម្រិត ស្លាប់តិចតូចណាស់ ។
នៅព្រះរាជាណាចក្រកម្ពុជា ជំងឺនេះបានរកឃើញនៅឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺបានជាសះស្បើយវិញ ហើយចាប់ពីពេលនោះមក ពុំមានករណីនេះ កើតឡើងនោះឡើយ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «ការទប់ស្កាត់ និងការពារជំងឺហ្ស៊ីកា គឺវាដូចទៅនឹងជំងឺគ្រុនឈាមដែរ គឺផ្អែកទៅលើ ការពារកុំឲ្យមូលខ្លាំខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកសត្វមូស» ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅកាន់មូលដ្ឋាន ដោយមានប្រសាសន៍បន្តថា «សូមឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ចលនាប្រជាជននៅក្នុង សហគមន៍ក្នុងការ កំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកខោជើងវែង និងអាវដៃវែង និងសំរាន្តក្នុងមុង បើមានរោគសញ្ញាខាងលើ សូមទៅកាន់មជ្ឈមណ្ឌល សុខភាពដែលនៅក្បែរអ្នក» ។

ក្នុងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ក៏បានដាស់តឿន សម្រាប់អ្នកដែល ធ្វើដំណើរទៅកាន់ ទ្វីបអាហ្វ្រិក អាម៉េរិកខាងត្បូង និងអាម៉េរិកកណ្តាល ត្រូវប្រុងប្រយ័ត្នកុំឲ្យមូសខ្លាខាំ ។

បញ្ជាក់ផងដែរថា ជំងឺហ្ស៊ីកា រកឃើញដំបូងនៅ លើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស អ៊ូហ្គាន់ដា (Uganda) នៃប្រទេសអាហ្វ្រិក បន្ទាប់មកជំងឺនេះ បានផ្ទុះរប៉េះរប៉ោះ នៅទ្វីប អាហ្វ្រិក អាម៉េរិក និង អាស៊ីប៉ាស៊ីហ្វិក៕

ក្រសួងសុខាភិបាល ជូនដំណឹងពីរបៀប បង្ការការឆ្លង វីរុសហ្ស៊ីកា

ក្រសួងសុខាភិបាល ជូនដំណឹងពីរបៀប បង្ការការឆ្លង វីរុសហ្ស៊ីកា