សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ពន្លក​សិល្បៈ​ជា​ច្រើន​នាក់ ដែល​មិនដឹង​ទៅ​ប្រកប​អាជីព​នៅ​កន្លែង​ណា​នោះ ក្លឹ​ប​សិល្បៈ​ឌី​ភី​ព្យាយាម​ជួយ​ពួក​គេ ។ ក្លឹ​ប​សិល្បៈ​ឌី​ភី និង​ផលិតកម្ម​ឌី​ភី​កំពុង​បង្កើត​កម្មវិធី​សម្រាប់​អ្នក​ជំនាន់​ថ្មី​ដើម្បី​បញ្ចេញ​ទេព​កោសល្យ​នៅ​លើ​វេទិកា​ចំនួន​២ ។ កម្មវិធី «​ជំហាន​តារា​» សម្រាប់​យុវវ័យ​ក្លាហាន ដាក់​ពាក្យ​ដើម្បី​បង្ហាញ​ទេព​កោសល្យ​សិល្បៈ​ចម្រៀង សម្តែង​ក្នុង​ន័យ​ទទួល​បានការ​គាំទ្រ និង​រង្វាន់​លើកទឹកចិត្ត​ពី​ផលិតកម្ម​ឌី​ភី ។

ចំពោះ​កម្មវិធី ប្រឡង​ចម្រៀង​«​សំនៀង​ឯក​» ជា​កម្មវិធី​ប្រឡង​ចម្រៀង​រៀបចំ​ពីរ​រដូវ​កាល​មក​ហើយ ៗ​ពន្លក​សិល្បៈ​ទាំងនោះ​កំពុង​ប្រកប​អាជីព​សម្តែង​នា​ពេល​បច្ចុប្បន្ន ។ ឥឡូវ​ចូល​ដល់​រដូវ​កាល​ទី​៣​សម្រាប់​អ្នក​ចង់​សាកល្បង​ទឹកដម​សំឡេង ព្រោះ​នៅ​មានឱកាស ហើយ​អាច​ដាក់​ពាក្យ​ប្រឡង​មិន​ទាន់​ហួសពេល​ទេ នៅ​ក្លឹ​ប​សិល្បៈ​ឌី​ភី ។ ការ​ប្រឡង​ចម្រៀង «​សំនៀង​ឯក​» នេះ​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​អំឡុង​ខែមីនា​ខាង​មុខ​ដោយ​អ្នក​ឈ្នះ​រង្វាន់​លេខ​១ ទទួល​បាន​ម៉ូតូ​ស៊េរី​ថ្មី​ទំនើប​មួយ​គ្រឿង និង​ប្រាក់​លើកទឹកចិត្ត ។ លេខ​២​ទទួល​បាន​ទូរស័ព្ទ​ថ្មី​ម៉ាក​អាយ​ហ្វូ​ន​ស៊េរី​ទំនើប​បំផុត និង​ប្រាក់​លើកទឹកចិត្ត​។ ចំណាត់ថ្នាក់​លេខ​៣ លេខ​៤ និង​លេខ​៥ ទទួល​បាន​ប្រាក់​លាន​លើកទឹកចិត្ត​ផង​ដែរ ។ លើស​ពី​នេះ​មានការ​ចាក់​ផ្សាយ​កម្មវិធី​ប្រឡង​ចម្រៀង​តាម​រយៈ​វិទ្យុ FM99.75MHz  FM94.3MHz FM101.70MHz FM99.00MHz ព្រមទាំង​មាន​បង្ហាញ​ផ្ទាល់​ក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ។

អគ្គនាយក​វិទ្យុ​ឌី​ភី និង​ជា​ម្ចាស់​ផលិតកម្ម​ឌី​ភី​លោក​កុយ ស៊ី​ឌឿ​ន ដែល​តែងតែ​ជួយ​គិតគូរ​រក​ទីផ្សារ​សិល្បៈ​ជូន​ដល់​ពន្លក​ថ្មី​ជា​ច្រើន​រូប​មក​ហើយ​នោះ កាលពី​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ឲ្យ​ដឹង​ថា លោក​អាណិត​ស្រឡាញ់​ពន្លក​ថ្មី និង​យល់​ពី​ការ​លំបាក​គ្រា​ដែល​ពួក​គេ​មិនដឹង​ជា​ទៅ​ពឹង​អាស្រ័យ​អ្នក​ណា​ជួយ​រក​កន្លែង​ប្រកប​អាជីព​។ តាម​រយៈ​កម្មវិធី​«​ជំហាន​តារា​» និង​កម្មវិធី​ប្រឡង​ចម្រៀង​«​សំនៀង​ឯក​» បើកផ្លូវ​សម្រាប់​ស្វាគមន៍​បេក្ខជន​ទាំងអស់​ដែល​ចង់​ប្រឡង​ចម្រៀង ហើយ​មាន​ទីផ្សារ​ការងារ​ល្អ ។ អ្នកមាន​បំណង​ចូលរួម​សូម​ទៅ​កាន់​ក្លឹ​ប​ឌី​ភី ឬ​ផលិតកម្ម​ឌី​ភី និង​នៅ​សាខា​ខេត្តកំពង់ចាម និង​បាត់ដំបង ។ អ្នក​នៅ​ខេត្ត​ផ្សេង​អាច​មក​ភ្នំពេញ​បាន ។

អតីត​កុមារ​កំព្រា​ធ្លាប់​រស់នៅ​មណ្ឌល​កៀន​ឃ្លាំង ហើយ​តស៊ូ​ប្រែក្លាយ​ជីវិត​ឱ្យ​ភ្លឺ​ចិញ្ចាច នា​ពេល​នេះ​បន្ត​ថា ការ​បង្ហាញ​សមត្ថភាព​តាម​រយៈ​កម្មវិធី​របស់​លោក គឺ​ពិតជា​មិន​ខកបំណង​ទេ ព្រោះ​កាលណា​មក​ប្រឡង ឬ​មក​សម្តែង​សមត្ថភាព មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ ភ្លាម​ៗ ដើម្បី​ជូន​ប្រិ​យ​មិត្ត​បាន​ស្តាប់ ។ ពេល​ប្រឡង​ចប់​នឹង​ប្រកាស​លទ្ធផល​ដើម្បី​អំពាវនាវ​ដល់​ម្ចាស់​បៀរហ្គាឌិន ម្ចាស់​ភោជនីយដ្ឋាន​នានា​នៅ​គ្រប់​ខេត្ត​-​រាជធានី​ដែល​ត្រូវការ​អ្នកចម្រៀង​អាច​ទាក់ទង​ទៅ​កាន់​វិទ្យុ​ឌី​ភី ឬ​ឲ្យ​បេក្ខជន​ផ្សាយ​លេខ​ទូរស័ព្ទ ភ្លាម​ៗ​តែ​ម្តង​ទើប​ងាយស្រួល​ទាក់ទង ។

កន្លង​មក​បេក្ខជន​ជា​ច្រើន​ហើយ​បាន​ទទួល​ការងារ​សិល្បៈ​ជា​ច្រើន​ក្នុង​នោះ​ខ្លះ​បាន​សម្តែង​តាម​ផលិតកម្ម​នានា ខ្លះ​បាន​ចូល​ច្រៀង​ក្នុង​ក្លឹ​ប​កម្សាន្ត ខ្លះ​ទៀត​បាន​ចូល​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​របស់​ស្ថានីយទូរទស្សន៍​នានា​ដូច​ជា​នៅ​ទូរទស្សន៍​ហង្ស​មាស   និង​បាយ័ន​ជាដើម ។ អ្នក​ទាំងនោះ ទោះជា​មិន​បាន​ជាប់​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​ពួក​គេ​ឆ្លង​ផុត​ចូល​ដល់​វគ្គ ខ្ពស់​ៗ​ដែរ ។

រដូវ​កាល​ទី​៣ នៃ​ការ​ប្រឡង​ចម្រៀង  «​សំនៀង​ឯក​» បាន​មក​ដល់ ដោយ​ចាប់ផ្តើម​ទទួល​ពាក្យ​ហើយ ។ វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៦ ដោយ​មាន​រង្វាន់​ជា​ច្រើន​នៅ​រង់ចាំ ព្រម​ជាមួយ​ការ​វិនិច្ឆ័យ​យ៉ាង​លម្អិត ពី​គណៈកម្មការ​ប្រកបដោយ​សមត្ថភាព និង​ប្រកប​អាជីព​សិល្បៈ​ជា​ច្រើន​ជំនាន់​ដូច​ជា អ្នកស្រី​ហែម សុវណ្ណ និង​ស្វាមី​លោកគ្រូ​បា ព្រមទាំង​អ្នកចម្រៀង​ជើង​ចាស់​ជា​ច្រើន​នាក់​ទៀត ។

សម្រាប់​អ្នក​ប្រឡង​សំខាន់​ឲ្យ​តែ​មាន​សំឡេង​ល្អ​នោះ​អាច​ធ្វើ​ឲ្យ​ម្ចាស់​បៀរហ្គាឌិន ឬ​ភោជនីយដ្ឋាន​នានា​ត្រូវការ​ព្រោះ​ឆ្លងកាត់​បទ​ពិសោធន៍​មាន​ពន្លក​ថ្មី​ជា​ច្រើន​នាក់​ហើយ​បាន​ទទួល​ការងារ​អាច​កែប្រែ​ជីវភាព​ឱ្យ​ប្រសើរ​ឡើង ៕