ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រា​ជ​ធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន១០​នាក់​ (​ស្រី​១​នាក់​) ត្រូវ​បាន​គរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ដែល​​ដឹក​​នាំ​ដោយ​​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តនីតិ​វិធី ក្រោយ​ពី​បាន​រក​ឃើញ​នៅ​ពេល​ដែល​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ​ និង​បំពេញការងារ​នៅ​តាម​សិប្បកម្ម​កែ​ច្នៃ​ឈើ​ដោយ​ខុសច្បាប់​​មួយ​ចំនួន​នា​ពេល​កន្លង​មកនេះ​ កាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី២៩ ខែមករា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ​បាន​មាន​ប្រសាសន៍​ថា ​​​​ជួសមុខ​ឱ្យ​​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ​​ដើម្បី​ពង្រឹង​​​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​​មាន​ប្រសិទ្ធភាព​នោះ​ ។​ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី​ តែងតែ​ចុះ​​ត្រួតពិនិត្យ​កន្លែង​ស្នាក់​នៅ និង​ទីតាំង​ធ្វើការ​ងារ​របស់​ជនបរទេស​ជា​ច្រើន​កន្លែង ​នៅ​តាម​បណ្តា​ខេត្ត/​រាជធានី​ភ្នំពេញ ​ទូ​ទាំង​ប្រទេស​ ​។

​លោក​ឧត្តមសេនីយ៍ទោ​ ​បាន​បន្ត​​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែ​រ នាយក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នី​តិ​វិធី​ ​​បាន​​បណ្តេញ​​ជនអន្តោប្រវេសន៍​ខុសច្បាប់​​ជនជាតិ​វៀតណាម​ប្រុស ស្រី​​​ចំនួន​១០​នាក់​ (​ស្រី​១​នាក់​) ​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ​ ៕

ព័ត៌មាន​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​