ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖​ លោកបណ្ឌិត​ សុខ ទូច ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រកាស​​ប្រាប់​​អ្នក​កាសែត​ថា ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ដំណើរការទូទៅ​នៃ​ការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀត​ណាម ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ​កុម្ភៈ ​២០១៦ ខាង​មុខ​នេះ ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀត​ណាម ។

លោក​បណ្ឌិត សុខ ទូច ​បាន​លើក​ឡើង​ថា ក្រុមការងារ​ព្រំដែន​កម្ពុជានៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​សិក្សា​ដល់​ជំ​ហាន​ទី​២​ហើយ។ ​ចាប់តាំងពី​ក្រុមការងារ​មួយ​នេះ​ បាន​ចាប់​ដំណើរការ​ស្រាវ​ព្រំដែន​កម្ពុជា​-​វៀត​ណា​ម​ពី​ខែ​កក្កដា ​​២០១៥​ កន្លង​មកនេះ និង​បន្ទាប់​​ពី​បញ្ហា​ព្រំដែន​ចម្រូងចម្រាស់​កម្ពុជា​-​វៀត​ណា​ម​បាន​កើតឡើង​ ។

​តាម​គេហទំព័រ​ព័ត៌មាន​​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា​ លោក​បណ្ឌិត​អះអាង​ថា ក្រុមការងារ​ព្រំដែន​កម្ពុជា​បាន​ចុះ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​​ បាន​ប្រវែង​៥០០​គីឡូម៉ែត្រ​​ហើយ ក្នុង​ការងារ​ត្រូវ​វាស់​​ជាង​​៧០០​គីឡូម៉ែត្រ​ទៀត​ ។ ការ​ចុះ​ស្រាវជ្រាវ​នេះ គឺ​ក្រុម​ការងារ​បាន​យក​ព្រំដែន​កូសាំងស៊ីន​ធ្វើ​ជា​គោល ​ដើម្បី​ធ្វើការ​កំណត់​អំពី​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​​ ។ ក្រុមការងារ​ត្រូវ​រក​បង្គោល​របស់​បារាំង​ដែលបាន​បោះ​រួច​ហើយ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ទៅ​នឹង​ផែនដី​ថា ​តើ​បាន​បោះ​ត្រឹមត្រូវ​ដែរ​ឬទេ​។