សហភាពការងារ ស្នើរាជរដ្ឋាភិបាល ឲ្យកែប្រែជនមាន អំណាចដែលធ្វើ ទុក្ខបុកម្នេញលើកម្មករ

ភ្នំពេញ៖ សហភាពការងារកម្ពុជា (CLC)ដែលមានលោក អាត់ ធន់ ជាប្រធាន ស្នើឲ្យរាជរដ្ឋាភិបាល កម្ពុជាកែប្រែជនមាន អំណាចមួយចំនួន ដែលតែងតែ ធ្វើទុក្ខបុកម្នេញ មកលើក្រុមកម្មករ ក្នុងវិស័យកាត់ដេរ។

យោងតាមសេចក្ដី ថ្លែងការណ៍របស់ CLC ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានដឹងថា សហភាពការងារ មានសមាជិកជាង១០ ម៉ឺននាក់ មកពី៩ វិស័យ ដែលគ្រប់ដណ្ដប់លើ ១៤ខេត្ត-ក្រុងនៅកម្ពុជា និងជាសមាជិករបស់ សហជីពអន្ដរជាតិ ITUC និងមានទំនាក់ទំនងជាមួយ ស្ថាប័នជាច្រើនទៀត។

ក្នុងនោះសេចក្តីថ្លែងការណ៍ បានលើកឡើងអំពី អំពើហិង្សា និងការរំលោភផ្សេងៗ មកលើកម្មករនិយោជិត នៅឆ្នាំ២០១៥ផងដែរ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា “យើងស្នើដល់ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ និងជួយដោះស្រាយ នូវបញ្ហាដែលកម្មករ បានជួបប្រទះក្នុង ជីវភាពប្រចាំថ្ងៃ ។ ជាពិសេស រាជរដ្ឋាភិបាលត្រូវកែប្រែ មន្រ្ដីចំនួនដែល បានឃុបឃិត ជាមួយនិយោជក និងដាក់ទោស មន្រ្ដីទាំងនោះ រួមទាំងនិយោជក ទាំងឡាយណាដែល បានប្រព្រឹត្តល្មើស”។

ប្រភពខាងលើបន្តថា ឆ្នាំ២០១៥ មានបញ្ហាប្រឈមជាច្រើន ដែលជនមានអំណាច មួយចំនួនបានដាក់សម្ពាធ មកលើសហជីពនិងកម្មករ និយាជិក។ រឿងក្ដីដែល ក្រុមហ៊ុននិងអាជ្ញាធរ ប្ដឹងប្រឆាំងកម្មករ សហជីព ទាំងអយុត្តិធម៌ចំនួន២៦ ករណី (មាន៣៨ នាក់ក្នុងនោះមាន៣៣ នាក់ ជាបុរស) ។ បញ្ឈប់ពីការងារមានចំនួន ៦៤៥ នាក់ (ក្នុងនោះ ៣៩៣ ជាបុរស) ។

អំពើហិង្សារបួស ស្នាមចំនួន ១០ករណី មាន១៣នាក់ ជាជនរងគ្រោះ មានកម្មករនិយោជិតចំនួន ១៨០៦ នាក់ (ក្នុងចំណោម ៣២ ក្រុមហ៊ុន) ដួលសន្លប់ក្នុងអំឡុង ពេលធ្វើការដោយសារ តែធ្វើការថែមម៉ោង ហួសកម្លាំង។ មានកម្មករនិយោជិត គ្រោះថ្នាក់ការងារចំនួន ៦៤៩១ ករណី មានគ្រោះថ្នាក់សរុសចំនួន ៧៣៥៧ នាក់ក្នុងនោះមាន ស្លាប់រហូតដល់១៣០នាក់៕

សហភាពការងារ ស្នើរាជរដ្ឋាភិបាល ឲ្យកែប្រែជនមាន អំណាចដែលធ្វើ ទុក្ខបុកម្នេញលើកម្មករ